ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូន សារព័ត៌មាន CHALNA SANGKUM NEWS ដែលបានចុះផ្សាយមានខ្លឹមសារថា «អាជ្ញាធរខេត្តកណ្តាលនៅតែផ្គើននឹងបទបញ្ជាប្រមុខដឹកនាំ សម្តេចតេជោ ហ៊ុន សែន បើកឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩»។
ក្រោយពីទទួលបានព័ត៌មាននេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុងនូវខ្លឹមសារសារព័ត៌មានខាងលើដែលបានចុះផ្សាយ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួសុខាភិបាលលេខ ២២៤សខល ចុះថ្លៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសេចក្តីណែនាំលេខ០៦០ សណន ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ក្នុងខេត្តកណ្តាល ។
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មានការសហការពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក/ក្រុង ពាក់ព័ន្ធបានចុះអប់រំ ណែនាំ ឱ្យកាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត កាស៊ីណូកាឡាក់ស៊ី ព្រមទាំង KTV ក្លិបកំសាន្ត និងភោជនីយដ្ឋានក្នុងភូមិសាស្រ្តខេត្តកណ្តាល អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។ ក្នុងករណី បើសិនជាទីតាំងខាងលេីមិនអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ទេ អាជ្ញាធរ និងសមត្ថកិច្ច នឹងចុះបិទអាជីវកម្មទាំងនេះដោយឥតលក្ខខណ្ឌ។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕
ដោយ សិលា