ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដ ព្រូស ក្នុងល្បឿនលឿនបានគេចពីម៉ូតូមួយគ្រឿងជ្រុលទៅបុករនាំងដែកបាំងរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញខូចខាតចំនួនពីរផ្ទាំង ឯរថយន្តខ្ទាតមកអែបនិឹង
ទ្រូងផ្លូវទៅមុខលែងរួច តែសំណាងល្អដែលមិនបង្កឲ្យអ្នកបើកបររងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី០៧ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-5520ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបើកគេចពីម៉ូតូមួយគ្រឿងនៅខាងមុខមកខាងស្ដាំដៃជ្រុលទៅបុករនាំងដែកបាំងរបងប្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឲ្យខូចខាតចំនួនពីរផ្ទាំង រីឯរថយន្តខ្ទាតមកអែបនឹងទ្រូងផ្លូវខូចខាតមួយកំណាត់មុខ តែសំណាងល្អម្ចាស់រថយន្តមិនមានរងរបួសអ្វីទេបានចុះពីលើរថយន្តឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ សុខាសែនជ័យ