កោះតៃវ៉ាន់ បានឡើងគម្រោងទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបPatriot ដើម្បីទប់ស្កាត់ការវាយប្រហារពីប្រទេសចិន។
គេហទំព័រDaily hôm នៅថ្ងៃទី៦ខែធ្នូបានផ្សាយថា តាមប្រភពព័ត៌មានពីទីបញ្ជាការកម្លាំងទាហានកោះតៃវ៉ាន់ បានបញ្ចាក់ថា កម្លាំងទាហានការពារដែនអាកាសកោះតៃវ៉ាន់បានឡើងគម្រោងទិញមីស៊ីលការពារដ៏ទំនើបចំនួន៣០០ដើម ដើម្បីវាយស្ទាក់មីស៊ីលដែលវាយប្រហារពីប្រទេសចិន។
ប្រសិនបើការទិញមីស៊ីលការពារនោះត្រូវបានអនុម័ត កោះតៃវ៉ាន់នឹងមានឃ្លាំងមីស៊ីលការពារកាន់តែច្រើន ។ តាមសារព័ត៌មានTaiwan News បានផ្សាយថា កម្លាំងការពារដែនអាកាសរបស់កោះតៃវ៉ាន់ ប្រកាសថាមិនអាចបញ្ជាក់ពីចំនួនពិតប្រាកដនោះឡើយ។ ប៉ុន្តែកោះតៃវ៉ាន់នឹងចំណាយប្រាក់៦ពាន់លានដុល្លារសម្រាប់ការបំពាក់អាវុធទំនើបៗ។
ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ក៏បានអនុម័តលក់អាវុធទៅឲ្យកោះតៃវ៉ាន់មានតម្លៃដល់ទៅ ១៣,២ពាន់លានដុល្លារ ក្នុងនោះទិញយន្តហោះចម្បាំង F-16 រថក្រោះ M1A2T Abrams កាំជ្រួចការពារដែនអាកាស Stinger, មីស៊ីលបុក MK-48 Mod6។
ចំណែករដ្ឋាភិបាលចិនវិញបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្តស្វ័យភាពមួយ រង់ចំាតែឯកភាពតែប៉ុណ្ណោះ ហើយចិនក៏បានព្រមានជាច្រើនលើកដល់ទីក្រុងវ៉ាស៊ីនតោន មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននោះឡើយ។ ការដែលអាមេរិកលក់អាវុធឲ្យកោះតៃវ៉ាន់គឺជាការបំពានគោលនយោបាយ «ចិនតែមួយ»ដែលអាមេរិកបានព្រមព្រៀង៕