នៅថ្ងៃទី៨ខែធ្នូនេះ អង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ពលរដ្ឋរបស់ខ្លួនហើយ។ ពលរដ្ឋដែលទៅចាក់វ៉ាក់សាំង គឺទទួលបានកាតមួយសន្លឹក កត់ត្រាពីការចាក់លើកទីមួយ និងថ្ងៃកំណត់សម្រាប់ទៅចាក់លើកទីពីរ ក្រោយការចាក់លើកទីមួយ៣សប្តាហ៍។
ក្រោយការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTechមក នៅថ្ងៃទី៨ខែធ្នូនេះអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងជាផ្លូវការដល់ពលរដ្ឋរបស់ខ្លួនហើយ។ អង់គ្លេសក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលអនុម័តចាក់វ៉ាក់សាំង។
នៅក្នុងការចាក់វ៉ាក់សាំងដំណាក់កាលដំបូងមានមន្ទីរពេទ្យធំចំនួន៥០កន្លែងទូទាំងប្រទេស ហើយពលរដ្ឋដែលមានវ័យលើសពី ៨០ឆ្នាំទទួលបានការចាក់វ៉ាក់សាំងមុនគេបង្អស់ ព្រមទាំងបុគ្គលិកនៅមណ្ឌលចាស់ជរា។ ក្រៅពីនេះនឹងចាក់ដល់អ្នកងាយឆ្លងកូវីដ-១៩ ជាងគេក្នុងនោះមានក្រុមគ្រូពេទ្យជាដើម។
តាមសារព័ត៌មាន BBC បានផ្សាយថា កម្លាំងទាហានអង់គ្លេសនឹងត្រូវបានបញ្ជូនទៅជួយក្នុងការដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីប្រទេសបែលហ្សុិកជាទីតាំងដែល ក្រុមហ៊ុន Pfizer ផលិតវ៉ាក់សាំង។ ការដឹកជញ្ជូនពិតជាមានផលលំបាកដោយសារតែវ៉ាក់សាំងត្រូវរក្សានៅក្នុងអាកាសធាតុត្រជាក់ក្រោមសូនអង្សាសេ។
គិតមកដល់យប់ថ្ងៃទី៧ខែធ្នូ អង់គ្លេសមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ១,៧លាននាក់ ឈរលំដាប់ទី៧នៅលើពិភពលោកក្រោយអាមេរិក ឥណ្ឌា រុស្ស៊ី បារំាង
និងអុីតាលី៕ ដោយ៖ធីរីណា
កាតវ៉ាក់សាំង COVID-១៩ រម្លឹកប្រជាជនអង់គ្លេសឱ្យរក្សាទុកកាតដោយប្រុងប្រយ័ត្ននៅក្នុងកាបូបរបស់ពួកគេហើយចងចាំថាត្រូវចាក់លើកទី ២ រូបថត៖ Getty Images