ភ្នំពេញ៖ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួនពីរនាក់បន្ថែមទៀត នឹងជាសះស្បើយ១នាក់ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ ។
ក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ ថា បុរសជនជាតិខ្មែរឈ្មោះ ស្រៀន គឹមស្រ៊ុន ( Srean Kimsrun) អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ បុរសរូបនេះជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានទៅហាង Zendro បឹងកេងកងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើនេះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ស្ត្រីជនជាតិខ្មែរឈ្មោះ អៀម ធីតា ( Eam Thida) អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើនេះ ប្រដាល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញគឺវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា គិតមកត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០២០ ភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជារួមមាន៖
ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ៣០៧ នាក់ ស្មើនឹង ៨៧,៧២ ភាគរយធៀបនឹងចំនួនអ្នកមានជំងឺកូវីដ-១៩ទាំងអស់ នៅក្នុងចំនួននេះ មានស្រី ៦៣ នាក់ និងបុរស ២៤៤នាក់។
អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៥០នាក់ស្រី ៨២ នាក់ និងបុរស២៦៨នាក់ ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ៣៣ នាក់ ស្រី ១៥ នាក់ និងបុរស ១៨នាក់។ អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១០នាក់ ស្រី ៤នាក់និងបុរស ៦ នាក់។
ខាងក្រោមនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីករណីវិជ្ជមានកូវីដ-១៩ ថ្មីនិងមិនមានអ្នកជាសះស្បើយ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០៖
ដោយ៖ សូរិយា