អន្តរជាតិ៖ បុរសជនជាតិហ្វីលីពីនម្នាក់ ត្រូវបានអាជ្ញាធរតៃវ៉ាន់ ពិន័យជាទឹកប្រាក់៣៥០០ពាន់ដុល្លារ ដែលបំពានវិធានចត្តាឡីស័ក ក្រោយចេញពីបន្ទប់ដោយឡែករបស់ខ្លួន៨វិនាទី។
បើតាមមន្ទីរសុខាភិបាលទីក្រុង Kaohsuing និយាយថា បុរសជនជាតិហ្វីលីពីនម្នាក់ ដែលជាពលករ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កសណ្ឋាគារមួយកន្លែងក្នុងទីក្រុងនេះ។ បន្ទាប់ពីរូបគេ ត្រូវបានថតជាប់ដោយកាមេរ៉ាសណ្ឋាគារ ដោយបានដើរចេញពីបន្ទប់របស់ខ្លួនចំនួន៨វិនាទី។ បន្ថែមពីនេះមន្ទីរសុខាភិបាល ក៏ពិន័យរូបគេមួយសែនដុល្លារតៃវ៉ាន់ ដែលស្មើនឹង៣៥០០ដុល្លារ។នេះបើតាមទីភ្នាក់ងារព័ត៌មានកណ្ដាលរបស់តៃវ៉ាន់ CNA បានចុះផ្សាយ។
ក្រោមនីតិវិធីធ្វើចត្តាឡីស័ករបស់តៃវ៉ាន់ បុគ្គលដែលត្រូវធ្វើចត្តាឡីស័ក មិនត្រូវអនុញ្ញាតឲ្យចេញពីបន្ទប់ឡើយ ទោះចេញយូរឬឆាប់ក្ដី។អាជ្ញាធរសុខាភិបាលតៃវ៉ាន់ បានប្រាប់ពួកគេឲ្យអនុវត្តតាមគោលការណ៍ឲ្យខ្ជាប់ខ្ជួន និងកុំរំពឹងថា រួចខ្លួនឲ្យសោះពេលល្មើសនោះ។
សូមជម្រាបថា នៅទីក្រុង Kaohsiung សណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័កមាន៥៦ និងមានជិត៣០០០បន្ទប់។
តៃវ៉ាន់ ទទួលបានការសរសើរច្រើនចំពោះការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងស្រុក។ មិនមានការបិទទីក្រុងតឹងរ៉ឹង ឬការរឹតត្បិតសេរីភាពខ្លាំងឡើយនៅតៃវ៉ាន់ខុសពីចិន ឬតំបន់ផ្សេង។ តៃវ៉ាន់ផ្ដោតលើល្បឿនក្នុងការគ្រប់គ្រងជំងឺ គឺល្បឿនទាំងការចាត់វិធានការទប់ស្កាត់ទាំងការធ្វើតេស្ត ទាំងការរកអ្នកប៉ះពាល់ និងការធ្វើចត្តាឡីស័តគត់មត់ជាដើម។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន តៃវ៉ាន់គ្មានករណីឆ្លងក្នុងស្រុកច្រើនខែមកហើយ។ តៃវ៉ាន់ដែលមានប្រជាជនប្រមាណ២៣លាននាក់ មានករណីឆ្លងសរុបមាន៧១៦ និងស្លាប់៧នាក់៕ដោយ៖ស តារា