អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ព្រឹកនេះ ទៅពិនិត្យសំណាកលើកទី២ នៅស្ដាតអូឡាំពិក

ចែករំលែក៖

ភ្នំពេញ៖ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ  ទៅពិនិត្យសំណាកលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំដោយក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ក្នុងនោះមានការយកចិត្តទុកដាក់ ពី អាជ្ញាធរ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ ហើយក៏ឃើញមានវត្តមានប្រជាពលរដ្ឋយើងជាច្រើនបានទៅកាន់ទីនោះ ជាមួយនឹងការរក្សាគម្លាត។

សូមបញ្ជាក់ផងដែរថា ការទៅចូលរួមពិនិត្យសំណាករបស់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក៏បានចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល បានយ៉ាងល្អត្រឹមត្រូវផងដែរ ដោយពួកគាត់បានពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដោយមានការរៀបចំសណ្ដាប់ធ្នាប់ពីអាជ្ញាធរមានសមត្ថកិច្ច។

ដោយឡែក សម្រាប់បរិវេណនៅក្រៅពហុកីឡដ្ឋានជាតិអូឡាំពិក ហាក់មិនទាន់មានការរៀបចំសណ្ដាប់ធ្នាប់បានល្អនោះទេ ពោលអ្នកទៅចូលរួមយកសំណាក មិនបានតម្រង់ជួរគ្នានោះទេ ដោយពួកគាត់ប្រជ្រៀតគ្នាចូលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ ដែលទាមទារឲ្យអាជ្ញាធរពិនិត្យមើលចំណុចនេះផងដែរ។

គួរជម្រាបថា សម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រហូតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញថា មនុស្សចំនួន៣៤នាក់ មានជំងឺកូវីដ-១៩ ខណៈមនុស្សជាង១ម៉ឺននាក់ ត្រូវបានយកសំណាកមកធ្វើតេស្ដ។ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការសង្ស័យថាខ្លួន មានប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះ មកធ្វើតេស្ដជាបន្ទាន់។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៣នាក់។
តាមរយៈការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន មានភាពទទួលខុសត្រូវខ្ពស់ ទាំងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ជំរុញឲ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ធ្វើការពន្យល់ណែនាំ ប្រជាពលរដ្ឋ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ឃើញថាប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៣ លើសកលលោក នឹងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ី ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះសម្ដេចតេជោហ៊ុន សែន ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចំណាយថវិកា ដើម្បីទិញវ៉ាក់សាំងចាក់ការពារ ជាលើកដំបូងនៅកម្ពុជា ក្នុងនោះក៏មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ក្នុងនេះខ្មែរស្រលាញ់ខ្មែរ ខ្មែរតែងតែស្គាល់គ្នាគ្រប់គ្រាលំបាក ខ្មែររួមរស់សុខទុក្ខជាមួយគ្នា ពិសេសសម្ដេចតេជោហ៊ុនសែន តែងនៅរួមរស់សុខទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ មានសម្ដេចតេជោហ៊ុនសែន មានសន្តិភាព ការអភិវឌ្ឍន៍ ប្រទេសជាតិរុងរឿង៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print