ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាជាតិថ្លែងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ខ្ញុំបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេស ក្នុងដំណាក់កាលជួបវិបត្តិកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឹងមាត់និងគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្ត ដល់សមាជិក សមាជិការដ្ឋសភាទាំងអស់ មេត្តាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីចូលរួមថែរក្សាការពារសុខភាពប្រជាពលរដ្ឋយើង។
ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មេត្តាបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកទី២និងលើកទី៣ តាមការកំណត់របស់ក្រសួងសុខាភិបាលឲ្យហ្មត់ចត់ ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ បង្ករជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ដល់សង្គមជាតិយើង។
ខ្ញុំក៏សូមអំពាវានាវដល់ជនរួមទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារ ទាំងឡាយដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច គួរជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គមនិងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ហើយមិនត្រូវចេញពីផ្ទះឡើយ បើមិនមានការចាំបាច់។
នៅថ្ងៃនេះ ខ្ញុំនិងសមាជិកគ្រួសារ ដែលបានពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី២ផងដែរ។ សុខភាពយើងខ្ញុំទាំងអស់មានលក្ខណៈល្អប្រសើរជាធម្មតា ហើយខ្ញុំនិងក្រុមគ្រួសារ នឹងបន្តធ្វើចត្តាឡីស័កក្នុងផ្ទះ រហូតគ្រប់១៤ថ្ងៃ។
ខ្ញុំសូមជូនពរជនរួមជាតិ ទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជំងឺកូវីដ-១៩ ដ៏សាហាវនេះ ជៀសចេញចាកឆ្ងាយពីសលកលោកយើងនេះ ក្នុងពេលឆាប់ៗនេះទៅ៕
ដោយ, សិលា