ទីប្រឹក្សា​រដ្ឋ​ចិន អនាគត​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ចិន អាស្រ័យលើ​អាមេរិក​ក្នុងការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​

ចែករំលែក៖

អន្តរជាតិ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន នៅថ្ងៃទី ធ្នូ បានលើកឡើងថា អនាគតនៃទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងចិន អាស្រ័យទៅលើអាមេរិកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ មិនតែប៉ុណ្ណោះប្រមុខការបរទេសចិនរូបនេះក៏បានអំពាវនាវឲ្យប្រទេសទាំងពីរបន្តកិច្ចពិភាក្សាគ្នាឡើងវិញនៅគ្រប់កម្រិតទាំងអស់

លោក វ៉ាង យី ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចិន​-​អាមេរិក បានអះអាងថា អាទិភាពចម្បងសម្រាប់ចិន និងអាមេរិក គឺការលុបបំបាត់ចោលឧបសគ្គ និងការរំខានទាំងឡាយក្នុងការឈានទៅដល់ភាពរលូននៃទំនាក់ទំនងប្រទេសទាំងពីរ

បើតាមការផ្សាយរបស់ទូរទស្សន៍ CGTN បាននិយាយថា ប្រមុខការបរទេសចិនរូបនេះបន្ថែមថា ប្រទេសទាំងពីរ គួរតែធ្វើការរួមគ្នាក្នុងគោលដៅបម្រើប្រយោជន៍រួមរបស់ប្រទេស និងប្រជាជន ដើម្បីឲ្យប្រទេសទាំងពីរអាចចាប់ផ្តើមកិច្ចពិភាក្សាជាថ្មី កសាងជំនឿទុកចិត្ត និងស្តារទំនាក់ទំនងមកកាន់សភាពដើមវិញ

លោកអះអាងថា បញ្ហាធ្ងន់ធ្ងរដែលប្រទេសទាំងពីរជួបប្រទះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាអ្វីដែលចិនមិនចង់ឃើញឡើយ លោក វ៉ាង បន្តថា រឿងមិនល្អទាំងអស់នេះក៏ជាអ្វីដែលវិស័យនានានៅអាមេរិក ជាពិសេសវិស័យធុរកិច្ច មិនចង់ឃើញដូចគ្នា ហើយក្នុងនាមជាមហាអំណាចចិន និងអាមេរិកគួរណាស់តែពង្រឹងកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការដើម្បីចូលរួមចំណែកក្នុងសន្តិភាព និងភាពប្រសើរឡើងនៃមនុស្សជាតិ

លោក វ៉ាង ថ្លែទៅកាន់ធុរជនអាមេរិកក្នុងជំនួបអនឡាញនៅថ្ងៃទី ខែធ្នូយ៉ាងដូច្នេះថា៖​ «​អាមេរិកគួរកែប្រែការយល់ដឹងជាយុទ្ធសាស្ត្ររបស់ខ្លួន ដែលជាដើមចមនៃបញ្ហារហូតមកដល់ពេលបច្ចុប្បន្ននេះ​»​ ក្នុងន័យនេះ លោកវ៉ាងសំដៅទៅលើមនុស្សមួយក្រុមនៅអាមេរិកដែលនៅបន្តប្រើប្រាស់មនោគមវិជ្ជា និងគំនិតបែបសង្គ្រាមត្រជាក់ ក្នុងការប្រាស្រ័យទាក់ទងជាមួយចិន និងដែលជាហេតុដែលនាំឲ្យចាត់ទុកចិនជាសត្រូវ

ទៅលើការបញ្ហាសកលដូចជាវិបត្តិជំងឺរាតត្បាតកូវីត​-១៩ និងវិបត្តិសេដ្ឋកិច្ចវិញ រដ្ឋមន្ត្រីការបរទេសចិនរូបនេះ អះអាងថាប្រទេសទាំងពីរ ត្រូវជួយគ្នាទៅវិញទៅមក និងទទួលខុសត្រូវ ព្រោះចិន និងអាមេរិកស្ថិតក្នុងពិភពលោកដែលប្រឈមនឹងបញ្ហាដូចគ្នា

ជាមួយគ្នានេះ លោក វ៉ាង ក៏សង្កត់ធ្ងន់ថា ចិនមិនលូកលាន់ក្នុងការប្រឈមផ្នែកមនោគមវិជ្ជាឡើយ ហើយអាមេរិកគួរគោរពតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដោយមិនជ្រៀតជ្រែក្នុងកិច្ចការផ្ទៃក្នុងចិនដូចគ្នា ក៏ដូចជារារាំងសិទ្ធិរបស់ប្រជាជនចិនក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ពួកគេ

សូមរម្លឹកដែរថា ចាប់តាំងពីឆ្នាំ២០១៨មកប្រទេសទាំងបានធ្វើសង្គ្រាមពាណិជ្ជកម្មនឹងគ្នា ដោយតម្លើងពន្ធលើទំនិញដែលមានតម្លៃរាប់ពាន់លានដុល្លារ ចំពោះរឿងនេះលោកវ៉ាង កត់សម្គាល់ថាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាចំណុចគន្លឹះក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកក៏សង្ឃឹមផងដែថាក្រុមពាណិជ្ជករអាមេរិក និងចិន នឹងដើរតួនាទីក្នុងការលើកកម្ពស់ទំនាក់ទំនងឲ្យបានប្រសើរឡើង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print