ខេត្តកណ្តាល៖ ភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានបិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ដែលស្ថិតនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាបណ្តោះអាសន្ន ក្រោយពីមានអ្នកជំងឺកូវីដ-១៩ម្នាក់បានទៅសួរសុខទុក្ខម្តាយនៅស្រុកកំណើត។ អ្នកជំងឺស្ត្រីអាយុ៣៥ឆ្នាំរូបនោះ ជាអ្នកដែលបានទៅហាង Pedro កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ បច្ចុប្បន្ន មានពលរដ្ឋដែលប៉ះពាល់នឹងជំងឺកូវីដ-១៩ ចំនួន៥៥នាក់ បានធ្វើតេស្ត និងចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកកណ្តាលស្ទឹង និងទីក្រុងតាខ្មៅ។ ក្រៅពីការបិទបណ្ដោះអាសន្នមួយនេះ នៅមានភោជនីយដ្ឋានជាច្រើន ត្រូវបានគណៈបញ្ជាការឯកភាពខេត្ត លោកគង់ សោភ័ណ្ឌ បានបិទដំណើរការជាបណ្ដោះអាសន្នជាច្រើនផងដែរ។
ជាមួយគេហទំព័រក្នុងស្រុកមួយ លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ស្រ្តីឈ្មោះ អៀម ធីតា មុននឹងត្រូវបានក្រសួងសុខាភិបាល រកឃើញមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៨ធ្នូ ម្សិលមិញ គឺបានទៅលេងផ្ទះម្តាយរបស់គាត់នៅឯឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ដោយបានសម្រាកនៅផ្ទះម្តាយយប់ផងដែរ។
លោកបានបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី៩ធ្នូ ថា ដោយម្តាយរបស់ស្ត្រីវ័យ៣៥ឆ្នាំនោះ មិនទាន់ដឹងកូនរបស់ខ្លួនឆ្លងជំងឺកូវីដ-១៩នោះ ក៏បានទៅវត្តវិហារត្រាញ់ ក៏បានចូលផ្សារបឹងខ្យាងទិញម្ហូបអាហារ និងដើរទៅទិញចំណីអាហារហូបផ្សេងៗ ជាច្រើនកន្លែងផងដែរ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និយាយយ៉ាងដូច្នេះថា
«ទីកន្លែងដែលម្តាយរបស់អ្នកជំងឺកូវីដ-១៩ បានទៅនោះ គឺយើងបារម្ភខ្លាំង ខ្លាចឆ្លងជំងឺនេះ ទៅពលរដ្ឋផ្សេងៗ។ ជាពិសេស គឺទីកន្លែងផ្សារបឹងខ្យាងតែម្តង»។ ដោយបារម្ភនៃឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ អភិបាលខេត្តកណ្តាល បានអញ្ជើញប្រជាជនដែលពាក់ព័ន្ធ ផ្សារបឹងខ្យាង និង វត្តវិហារត្រាញ់ មកធ្វើតេស្តរកកូវីដ-១៩ ហើយតម្រូវឱ្យអ្នកទាំងនោះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ដូច្នេះ ៖«ម្តាយ-ឪពុករបស់អ្នកជំងឺកូវីដ-១៩នោះ គឺមន្ត្រីជំនាញសុខាភិបាលរបស់យើង បានធ្វើតេស្តរួចហើយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលឡើយ»។ ពួកគាត់ទាំងពីរ ជាចំណុចប្រឈមនឹងជំងឺកូវីដខ្ពស់ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយកូនស្រីគាត់ ដែលមានជំងឺកូវីដ-១៩»។
ជាបណ្ដោះអាសន្នសិន ក្រោយរកឃើញមនុស្សម្នាក់មានផ្ទុកវីរុសកូវីដ-១៩ ហើយពាក់ព័ន្ធនៅតំបន់នោះ ព្រមទាំងមនុស្ស ៧នាក់ ពាក់ព័ន្ធដោយផ្ទាល់ និង៣០នាក់ផ្សេងទៀត ពាក់ព័ន្ធដោយប្រយោល ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ក។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះផងដែរ ករណីថ្មី២ក្នុងចំណោម៤ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺជាអ្នកក្រុងតាខ្មៅ។ ពួកគាត់ សុទ្ធតែជាបុគ្គលិកហាង Pedro រួមមាន បុរសអាយុ២០ឆ្នាំ អាសយដ្ឋាននៅភូមិថ្មី សង្កាត់តាខ្មៅ និងស្ត្រីអាយុ៣៣ឆ្នាំ អាសយដ្ឋានស្នាក់នៅសង្កាត់ព្រែកឫស្សី។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់ថែមទៀត ដែលជាបុគ្គលិករបស់ហាង Pedro និងជាអ្នកចូលហាង Zando (បឹងកេងកង) និង Pedro (ផ្លូវព្រះសីហនុ)។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់។ ដោយឡែកសម្រាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ចំនួន១៦០៥ សំណាក បូកបន្ថែមចំនួនវត្ថុសំណាក ដែលទទួលបានពីតាមបណ្តាខេត្ត និងរាជធានី ដែលជាថ្ងៃធ្វើតេស្តលើកទី២ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សុរបចំនួន ៣៤៦៧សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ) ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ៤៩៩៤សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៩ ខែធ្នូនេះ៕
ដោយ, សិលា