រដ្ឋាភិបាល​អេ​ត្យូពី​ ​អះអាងថា៖ កងទ័ព​ខ្លួន​បាន​បាញ់​គំរាម និង​ឃាត់ខ្លួន​ក្រុមការងារ​អង្គការសហប្រជាជាតិ​ នៅ​តំបន់​Tigray

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីក្រុមការងារ​អង្គការសហប្រជាជាតិ កំពុង​បំពេញការងារ​នៅ​អេ​ត្យូ​ពី​ ដើម្បី​ជួយ​ដល់​ជន​ស៊ីវិល និង​ជនភៀសខ្លួន​ក្រោយ​ការប្រយុទ្ធ​គ្នា​រវាង​រដ្ឋាភិបាល និង​ក្រុម​បះបោរ​នៅ​តំបន់​Tigray​ ស្រាប់តែនៅ​ថ្ងៃទី​៨ ខែធ្នូ ម្សិលមិញនេះ រដ្ឋាភិបាល​អេ​ត្យូ​ពី​ បាន​អះអាងថាកងទ័ព​របស់ខ្លួន​បាន​បាញ់​គំរាម និង​ឃាត់ខ្លួន​ក្រុមការងារ​អង្គការសហប្រជាជាតិ​ កាលពី​ថ្ងៃទី​៦​ធ្នូថ្មីៗនេះ បន្ទាប់ពី​ឡាន​ពួកគេ​មិន​ព្រម​ឈប់​នៅ​កន្លែង​ត្រួតពិនិត្យ​ចំនួន​២​។

​ចំពោះការប្រយុទ្ធ​គ្នាតាំងតែ​ពីថ្ងៃ​ទី​៤ វិច្ឆិកា​មកម្ល៉េះ​ បើគិតទៅជាង​មួយខែ​នេះ រដ្ឋាភិបាល​អេ​ត្យូ​ពី និង​ក្រុម​បះបោរ​នៅ​តំបន់ Tigray បាន​ប្រយុទ្ធ​គ្នា​បណ្តាល​មនុស្ស​៩​សែន​៥​ម៉ឺន​នាក់​ភៀសខ្លួន ដែល​ក្នុងនោះ​មាន​៥​សែន​នាក់​កំពុងស្ថិត​នៅក្នុង​ទឹកដី​អេ​រី​ត្រេ​ក្បែរ​ខាង​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​អេ​ត្យូ​ពី​ លោក Redwan Hussein  បានអះអាងថា ឡាន​ក្រុមការងារ​អង្គការសហប្រជាជាតិ មិន​ព្រម​ឈប់​នៅ​កន្លែង​ត្រួតពិនិត្យ​ចំនួន​ពីរ និង​បើក​យ៉ាង​តក់ក្រហល់​ទៅកាន់​តំបន់ហាមឃាត់​។ លោក​បន្តថា នៅពេល​រថយន្ត​នោះ​ប្រុង​នឹង​បើក​ហួស​កន្លែង​ត្រួតពិនិត្យ​ទី​៣ កងកម្លាំង​រដ្ឋាភិបាល​អេ​ត្យូ​ពី បាន​បាញ់​គំរាម និង​ឃាត់ខ្លួន​បុគ្គលិក​ទាំងនោះ​។​

​​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានចុះផ្សាយថា ជុំវិញករណីខាងលើនេះ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric ​បាន​លើកឡើងថា  ក្រុមការងារ​ដែលមាន​មនុស្ស​ចំនួន​៤​នាក់ កំពុង​ស្វែងរក​ផ្លូវ​ដើម្បី​ចូល​រក​ទៅកាន់​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អេ​រី​ត្រេ ដែល​ជាប់​តំបន់ Tigray ហើយ​ពួកគេ​កំពុង​ត្រួតពិនិត្យ​ផ្លូវ​ក្នុង​តំបន់​ដែល​ត្រូវ​ផ្តល់ជំនួយ​។

​ដោយឡែកអង្គការសហប្រជាជាតិ ខណៈ​ស្ថានភាព​ជ​ន​ភៀសខ្លួន​យ៉ាប់យ៉ឺន ក៏បាន​ស្វែងរក​ផ្លូវ​ដែលមាន​សុវត្ថិភាព​ ក្នុងការ​ផ្តល់ជំនួយ​នៅក្នុង​តំបន់ Tigray ដែលមាន​ប្រជាជន​ជាង​៥​លាន​នាក់​រស់នៅ ​ក្នុងនោះ​មាន​៦​សែន​នាក់ ​រស់​អាស្រ័យ​នឹង​ជំនួយ ​តាំងតែ​ពីមុន​ការប្រយុទ្ធ​គ្នា​មកម្ល៉េះ​។ កងទ័ព​រដ្ឋាភិបាល​អេ​ត្យូ​ពី​ អះអាងថា ខ្លួន​បាន​ទ​ទួន​ជ័យជម្នះ​លើ​ក្រុម​បះបោរ និង​គ្រប់គ្រង​ទីក្រុង​ Mekelle ដែលជា​ទីក្រុង​ធំជាងគេ​រ​បស់Tigray ។​

​ចំណែករដ្ឋាភិបាល​អេ​ត្យូ​ពី​ ចំពោះ​រឿង​ជំនួយ​នេះ ក៏បានលើកឡើងថា ខ្លួន​បាន​ចុះកិច្ចសន្យា​ជាមួយ​អង្គការសហប្រជាជាតិ ដោយ​សង្ឃឹមថា​ស្ថាប័ន​នេះ ​នឹង​សម្របសម្រួល​ក្នុងការ​ផ្តល់ជំនួយ តែ​រដ្ឋាភិបាល​អេ​ត្បូ​ពី​ នឹង​ចាត់ចែង​ការងារ​ដោយ​ខ្លួន​។​ លោក Redwan លើកឡើងថា អេ​ត្យូ​ពី​ មាន​សមត្ថភាព​ក្នុងការ​មើលថែ​ប្រជា​ជាន​របស់ខ្លួន​ហើយ​។​

​គួរបញ្ជាក់ដែរថា បើតាម​រដ្ឋាភិបាល​អេ​ត្យូ​ពី ជំនួយ បាន​ទៅកាន់​តំបន់​ដែល​ខ្លួន​កាន់កាប់​រួចហើយ ប៉ុន្តែ​ទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ​និយាយថាការចូលទៅ​ក្នុង​តំបន់​ Tigray មាន​សភាព​កាន់តែ​លំបាក​ឡើងជា​លំដាប់​។ ជាក់ស្តែង​អង្គការ​ជនភៀសខ្លួន​ន័​រវេ​ស អះអាងថា ត្រូវ​រង់ចាំ​ជាច្រើន​សប្តាហ៍​ ដើម្បី​ទទួលបាន​ភ្លើង​ខៀវ​ ក្នុងការ​ផ្តល់​ស្បៀង ជម្រក និង​សម្ភារ​សំខាន់ៗ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print