រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៦,៨លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ដំណាក់កាលដំបូងគិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៩ ខែធ្នូនេះ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ សរុបទាំងអស់ ៣៦ ៨៧១ ៣៨១ដុល្លារអាមេរិកហើយ គិតត្រឹមម៉ោង ៦ៈ០០ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ដែលក្នុងនោះមានជាលុយដុល្លារ ៣៦ ៤៩០ ២៨១ដុល្លារ និងលុយខ្មែរ ១ ៥២៤ ៤០០ ០០០រៀល (ស្មើ ៣៨១ ១០០ដុល្លារ)។

សូមបញ្ជាក់ផងដែរថា ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។ ក្នុងនោះការចូលរួមបរិច្ចាគថវិកា កើតចេញអំពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ និងគោរពស្រឡាញ់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print