ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន រិះគន់​ប្រមុខ​ការទូត​កូរ៉េខាងត្បូង ជុំវិញ​ការសង្ស័យថា​មាន​ករណី​ឆ្លង​កូ​វីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​ម្សិលមិញនេះ បាននិយាយថា ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន លោកស្រី គីម យ៉ូ​ចុង បាន​រិះគន់​លោកស្រី Kang Kyung-wha ប្រមុខ​ការទូត​កូរ៉េខាងត្បូង ជុំវិញ​ការសង្ស័យថា​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​កូរ៉េខាងជើង​។ មិនតែប៉ុណ្ណោះលោកស្រី គីម បាន​ព្រមានថែមទៀត​ថា បើ​មិន​បញ្ឈប់​ការសង្ស័យ​បែបនេះ​ទេ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ដល់​ទំនាក់ទំនង​ទ្វេភាគី​ថែមទៀត​។

​លោកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាលពី​សប្ដាហ៍​មុន បានលើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ថា វា​ពិបាក​ជឿ​ណាស់​ដែល​កូរ៉េខាងជើង មិនមាន​ករណី​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​ប្រទេស ស្របពេល​ប្រទេសមួយ​នេះ បាន​បង្កើន​ការខិតខំ​យ៉ាងខ្លាំង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណាវី​រុស​។ ការលើកឡើង​បែបនេះ ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្ដៅស្លឹកត្រចៀក​ខ្លាំង​។​

​ជាក់ស្តែងក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA បន្ថែមទៀតថា លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​ប្រមុខ​ដឹក​កូរ៉េខាងជើង បានចាត់ទុក​សម្ដី​លោកស្រី កាង ជា​បំណង​ចង់​បង្កើន​ភាពល្អក់​កករ​ដាក់​គ្នា​។ លោកស្រី គីម ដែលជា​មន្ត្រីជាន់ខ្ពស់​ក្នុង​បក្ស​ពលករ​កូរ៉េ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​អាច​មើលឃើញ​ពី​ការលើកឡើង​ដោយ​គ្មាន​ការពិចារណា របស់លោក​ស្រី Kang Kyung-wha ដែល​មិន​គិតពី​ផលវិបាក​»​។

​បើតាម​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​រូបនេះ ការលើកឡើង​របស់​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​ថែមទាំង​អាច​បង្កក​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​ថែមទៀត​។លោកស្រី គីម បានបញ្ជាក់​ច្បាស់ៗ​ថា កូរ៉េខាងជើង នឹងមិន​ភ្លេច​ពាក្យសម្តី​ទាំង​នោះឡើយ ហើយ​ប្រមុខ​ការទូត​កូរ៉េខាងត្បូង ប្រហែលជា​ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា​ផងដែរ​។

​សូមជម្រាបថា កន្លងមក មិន​ត្រឹមតែ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ទេ ដែល​សង្ស័យថា កូរ៉េខាងជើង​មាន​ករ​ណី​ឆ្លង​កូ​វីដ​-១៩នៅក្នុង​ប្រទេស សូម្បីតែ​ទីភ្នាក់ងារ​ចារកិច្ច​ជាតិ​កូរ៉េខាងត្បូង (NIS) ក៏បាន​អះអាង​ផងដែរ​ថា គេ​មិនអាច​ច្រាន​ច្រោ​ល​បានទេ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​កូរ៉េខាងជើង ព្រោះ​ប្រទេស​នេះ មាន​ការផ្តោះប្តូរ​ពាណិជ្ជ​កម្ម​ជាមួយ​ចិន​ផងដែរ មុន​កូ​រ៉ូ​ណាវី​រុស​ផ្ទុះ​ខ្លាំង​នៅក្នុង​ក្រុង​វូ​ហាន​។

​គួរបញ្ជាក់ថា បើគិត​មក​ត្រឹម​ពេលនេះ កូរ៉េខាងជើង ជា​ប្រទេសមួយ ដែល​មិនទាន់​ប្រកាសថា​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅឡើយ​ទេ​។ខណៈទីភ្នាក់ងារ​ព័ត៌មាន KCNA នៅ​សប្តាហ៍​មុន បាន​ចុះផ្សាយ​ថា កូរ៉េខាងជើង បានដាក់​ចេញ​វិធានការ​អាសន្ន​កម្រិត​ខ្ពស់បំផុត​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩ផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print