ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោកចូ បៃឌិន បានជ្រើសរើស លោកស្រីKatherine Tai ជនជាតិអាមេរិក ដើមកំណើតចិន ធ្វើជាតំណាងពាណិជ្ជកម្មអាមេរិក ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា លោកស្រី Katherine Tai គឺជាមេធាវីពាណិជ្ជកម្មលំដាប់កំពូលរបស់គណៈកម្មការហិរញ្ញវត្ថុនិងពន្ធដារក្នុងសភាអាមេរិក ត្រូវបានលោកបៃឌិនជ្រើសរើសធ្វើជាតំណាងពាណិជ្ជកម្មអាមេរិក។
លោកស្រី Katherine Tai អាយុ៤៥ឆ្នាំ ជនជាតិអាមេរិក ដើមកំណើតចិន បានបញ្ចប់មហាវិទ្យាល័យល្បីៗឈ្មោះចំនួនពីរនៅអាមេរិក គឺមហាវិទ្យាល័យ Yale និង Harvard ទទួលបានការគាំទ្រយ៉ាងខ្លាំងពីតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ។ លោកស្រីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក ម៉ិចស៊ីកូ និងកាណាដា(USMCA)។ លោកស្រី Katherine Tai នឹងក្លាយជាស្ត្រីមានដើមកំណើតចិនទីមួយដែលកាន់តំណែងប្រធានការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក។
លោកស្រីKatherine Tai ត្រូវបានគេសង្ឃឹមថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងល្អប្រសើរឡើងវិញរវាងអាមេរិកនិងចិនក្នុងវិស័យពាណិជ្ជកម្ម។ កាលពីខែសីហាកន្លងមកលោកស្រី Katherine Tai ក៏បានអំពាវនាវដល់អាមេរិក ឲ្យមានវិធានការចូលទៅកៀកចិន ប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យពន្ធដារ៕
ដោយ៖ធីរីណា
ខាធើរីនតៃនឹងក្លាយជាជនជាតិអាមេរិកាំងអាស៊ីដំបូងគេដែលជាប្រធានការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក។
(រូបថត៖ Vtc)