ភ្នំពេញ៖ ប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ ម្ចាស់ពានលេខ២ពេជ្រ កំពុងច្នៃ កញ្ញា អេង ស្រីអូន បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីក្រោយពីអ្នកនាងបញ្ចេញបទចម្រៀងថ្មីក្នុងផលិតកម្ម Gold គឺបទ”អូនមិនមែនជាធនាគារ”.បទចម្រៀងថ្មីនេះទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។
មុនលេចចេញការគាំទ្រខ្លាំងលើបទនេះគឺបទ”ថែអូនផងទាន់អូនស្រលាញ់ខ្លាំង” ក៏ទទួលបានការគាំទ្រមិនធម្មតាផងដែរកាលពីពេលកន្លងទៅ ស្របនឹងសមត្ថភាពរបស់នាងត្រូវបានចាប់ផ្តើមគេទទួលស្គាល់បណ្តើរៗហើយ។
តាមការបញ្ជាក់ពីតារាចម្រៀងរូបនេះបានបញ្ជាក់ថា នាងបានឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល១០ឆ្នាំមក ដែលផ្តើមពីការច្រៀងតាមភោជនីយដ្ឋាន និង Pub រហូតដល់ឆ្នាំ២០១៨ទើបនាងចូលច្រៀងក្នុងផលិតកម្ម Gold ជាផ្លូវការ និងមានបទចម្រៀងប្រមាណ១០បទកន្លងមកហើយ។ នាងក៏ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីCambodia Idol រដូវកាលទី១កាលពីអំឡុងឆ្នាំ២០១៥ផងដែរ។ ម្ចាស់ពានរង្វាន់លេខ២លើការប្រកួតកម្មវិធីពេជ្រកំពុងឆ្នៃ ឆ្នាំ២០១៨ រូបនេះបានលើកឡើងថា កន្លងទៅបទចម្រៀងរបស់នាងកន្លងមកទទួលបានការគាំទ្រមួយចំនួនប៉ុណ្ណោះមិនសូវខ្លាំងក្លាឡើយទើបតែមួយរយៈចុងក្រោយនេះមានទស្សនិកជនជាច្រើនចាប់ផ្តើមស្គាល់នាងតាមរយៈបទចម្រៀងខាងលើ។ កាន់តែស្គាល់តារាចម្រៀងស្រីវ័យ២៥ឆ្នាំរូបនេះគឺក្រោយពីនាងបានក្លាយជាអ្នកលក់អនឡាញយីហោ មួយនោះផងដែរ ។ នាងបញ្ជាក់ផងដែរថាបទចម្រៀងថ្មីដែលនាងទើបនឹងបញ្ចេញដើមឡើយមិនរំពឹងច្រើនដល់កម្រិតនេះទេប៉ុន្តែនាងពិតជារំភើបដែលទទួលបានការគាំទ្រច្រើនបែបនេះ ហើយនាងកត្រៀមបញ្ចេញបទចម្រៀងថ្មីទាំងបទញាក់កន្ត្រាក់អារម្មណ៍ និងមនោសញ្ចេតនា ដើម្បីបំពេញការគាំទ្ររបស់ទស្សនិកជន៕
ដោយ៖ វឌ្ឍនា