ក្រុមខ្លាំងៗនៅអង់គ្លេសទាំង៣ឡើងទៅវគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ Europa League

ចែករំលែក៖

ក្រុមខ្លាំងៗនៅលីគកំពូលអង់គ្លេសទាំង៣ដែលប្រកួតក្នុងវគ្គជម្រុះតាមពូល បានឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Europa League នៅរដូវកាលនេះ ក្រោយពីក្រុមទាំងនោះបានយកឈ្នះគូប្រកួតរៀងៗខ្លួន ឡើងឈរលេខ១ក្នុងពូល។ នេះបើយោងតាមការចេញផ្សាយរបស់ soccerwaylivescore និង BBC Sport នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ។

ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមមកពីអៀរឡង់ Dundalk ដល់ក្នុងផ្ទះក្នុងលទ្ធផល ៤ទល់២ ឡើងឈរលេខ១ពូលB ។  ៤គ្រាប់របស់ក្រុមកាភ្លើងធំរកបានដោយកីឡាករ Nketiah,  Mohamed Elneny,  WillockBalogun ខណៈដែលក្រុមម្ចាស់ផ្ទះ Dundalk រកបាន២គ្រាប់ដោយកីឡាករ Flores និងកីឡាករ Hoare ដែលបរាជ័យនេះធ្វើឲ្យក្រុម Dundalk មិនមានកៅអីទៅលេងវគ្គ៣២ក្រុមចុងក្រោយនោះទេ។

ចំណែកក្រុមចចកកំណាច Leicester City បានយកឈ្នះក្រុមភ្ញៀវមកពីក្រិច AEK Athens ក្នុងលទ្ធផល២ទល់០ ដែលធ្វើឲ្យក្រុមខ្លាំងនៅអង់គ្លេសមួយនេះឈរលេខ១ក្នុងពូលG ខណៈដែលក្រុម AEK Athensបាត់បង់ឱកាសឡើងទៅវគ្គ៣២ក្រុមចុងក្រោយហើយ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Leicester City រកបានដោយកីឡាករ Ünder នៅនាទីទី១២ និងកីឡាករ Barnes នៅនាទីទី១៤។

ដោយឡែកក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottanham បានយកឈ្នះក្រុមភ្ញៀវមកពីបែលហ្ស៊ិក Antwerp ក្នុងលទ្ធផល២ទល់០ដែរ។ ក្រុមមាន់ខ្នាយមាស Tottanham បានឡើងឈរលេខ១ក្នុងពូលដោយបានកក់កៅអីទៅវគ្គ៣២ក្រុមរួចជាស្រេចក្រោយពីយកឈ្នះក្រុមនេះកាលពីយប់មិញ ដែល២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Tottanham រកបានដោយកីឡាករ Carlos Vinícius នៅនាទីទី៥៧ និង១គ្រាប់ទៀតរកបានដោយកីឡាករ Lo Celso នៅនាទីទី៧១ ក្នុងតង់ទី២។

លទ្ធផលខាងលើនេះធ្វើឲ្យមានក្រុមរហូតដល់ទៅ៤ បានឡើងទៅប្រកួតវគ្គ៣២ក្រុមចុងក្រោយនៃពានរង្វាន់ Europa League នៅរដូវកាលនេះ ដោយមានក្រុមបិសាចក្រហម Manchester United ក៏បានទៅលេងក្នុងក្របខ័ណ្ឌនេះដែរ ក្រោយពីធ្លាក់ពី Champions League វគ្គជម្រុះតាមពូល ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print