រាជរដ្ឋាភិបាល ទទួលបានថវិកាពីសប្បុរសជនសរុបជាង ៤៥លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដដំណាក់កាលដំបូង គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូនេះ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ ៤៥,០៦៨,៧៦៨ដុល្លារអាមេរិកហើយ គិតត្រឹមម៉ោង ៦៖០០ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ក្នុងនោះមានលុយដុល្លារ ៤៤,៦៤៣,៧៦៦ដុល្លារ និងលុយខ្មែរ ១,៧០០,០១០,០០០រៀល (ស្មើ ៤២៥,០០២ដុល្លារ)។

សូមបញ្ជាក់ផងដែរថា ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។
ដោយឡែក គំនិតផ្តួចផ្តើម ៩ពាន់លាន ដុល្លារអាមេរិក របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយប្រទេសសមាជិក អាចទទួល និងចែកចាយវ៉ាក់សាំង កូវីដ១៩។ នេះបើយោងតាមលិខិតផ្លូវការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន 2 ទំព័រ ដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print