រដ្ឋាភិបាលគុយបា នៅដើមឆ្នាំ២០២១ខាងមុខនេះ! សម្រេចបោះបង់ចោលប្រព័ន្ធរូបិយបណ្ណពីរផ្សេងគ្នារបស់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ លោក មីហ្គូល ឌីអាស ខានែល (Miguel Diaz-Canel) ប្រធានាធិបតីគុយបា បានអះអាងនៅក្នុងសេចក្តីប្រកាសដែលត្រូវបានផ្សាយតាមវិទ្យុជាតិនិងកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូម្សិលមិញនេះថា ប្រទេសលោក នឹងបង្រួមប្រព័ន្ធរូបិយបណ្ណជាតិខ្លួនដែលកន្លងមកមានចំនួន២ផ្សេងគ្នាឲ្យមកនៅត្រឹម១វិញ ខណៈប្រព័ន្ធរូបិយបណ្ណពីរខុសគ្នានេះ ត្រូវបានប្រើរហូតមកអស់រយៈពេលប្រមាណ២៥ឆ្នាំ។

ជាក់ស្តែងទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានដកស្រង់ក្នុងសេចក្តីប្រកាសដែល លោក Diaz Canel បាននិយាយថា ប្រទេសតំបន់ការីបៀននេះ នឹងងាកទៅប្រើប្រាស់រូបិយបណ្ណ «ប៉េសូ» របស់ខ្លួន ហៅថា Cuban Peso ឬ CUP ជារូបិយបណ្ណផ្លូវការតែមួយគត់ ហើយនឹងបោះបង់នូវរូបិយបណ្ណមួយទៀតហៅថា Cuban Convertible Peso ឬ CUC នៅថ្ងៃទី០១ ខែមករាឆ្នាំ២០២១។

សូមជម្រាបថា លុយ Convertible Peso ត្រូវបានបង្កើតឡើងដំបូងក្នុងគោលបំណងជំនួសលុយដុល្លាររបស់អាមេរិក ដែលត្រូវបានជួញដូរក្នុងទីផ្សារងងឹត អំឡុងសម័យវិបត្តិសេដ្ឋកិច្ចគុយបាកាលពីទសវត្សរ៍ឆ្នាំ១៩៩០។

គួរបញ្ជាក់ថា បច្ចុប្បន្ន តម្លៃលុយ Peso ធម្មតារបស់គុយបាគឺ ២៤ CUP ទើបស្មើនឹង១ដុល្លារសហរដ្ឋអាមេរិក ចំណែកតម្លៃលុយConvertible Peso វិញ គឺ ១ CUC ស្មើនឹង១ដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកលុយ Peso ធម្មតា ត្រូវបានប្រើប្រាស់ដោយប្រជាជនគុយបាទូទៅ ខណៈលុយ Convertible Peso ភាគច្រើនត្រូវបានចាយវាយដោយភ្ញៀវទេសចរបរទេស។ ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលគុយបាក៏ធ្លាប់បានទទួលស្គាល់រួចមកហើយផងដែរពីផលលំបាកផ្សេងៗ នៃការមានរូបិយបណ្ណពីរផ្សេងគ្នា និងអត្រាប្តូរប្រាក់តម្លៃខុសគ្នា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print