ខេត្តមណ្ឌលគីរី៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ជាសម្រស់ធម្មជាតិដ៏ស្អាតនៅខេត្តមណ្ឌលគិរី ត្រូវបានបិទចូលទេសចរណ៍កំសាន្ត ចំនួនរយៈពេល 14 ថ្ងៃ គិតចាប់ពីថ្ងៃទី 9 ខែធ្នូ ដល់ថ្ងៃទី 22 ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងចូលរួមទាំងអស់គ្នា បង្ការនិងទប់ស្កាត់ ការឆ្លងកូវីដ19 កើតមានក្នុងសហគមន៍។ ក៏ដូចជាអនុវត្តតាមការណែនាំ របស់ ក្រសួងសុខាភិបាល ,ក្រសួងទេសចរណ៍។
តាមរយៈការផ្អាកដំណើរការចូលកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្រុមហ៊ុនវិនិយោគនៅទីនោះ ក៏សូមអធ្យាស្រ័យនឹងមេត្តាយោគយល់ពីបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក្នុងស្រុកពេជ្រជាដា ខេត្តមណ្ឌលគិរី បានលើកឡើងថា, នេះគឺជាគោលបំណងល្អរបស់រាជរដ្ឋាភិបាល ដើម្បីជួយការពារប្រជាពលរដ្ឋ ហើយក្រុមហ៊ុនក៏បានចូលរួមតាមការណែនាំខាងលើនោះផងដែរ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋកម្ពុជាយើង។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់ឲ្យដឹងផងដែរថា, ចំពោះការបិទនឹងផ្អាកដំណើរការរមណីយដ្ឋានទឹកជ្រោះប៊ូស្រាមួយរយៈពេលដ៏ខ្លីនេះ គឺដើម្បីទុកឱកាសឲ្យមន្ត្រីជំនាញខាងសុខាភិបាល រៀបចំធ្វើអនាម័យឲ្យបានល្អ គ្រប់ជ្រុងជ្រោយ ក្នុងបរិវេណរមណីយដ្ឋាន ដើម្បីធានាបាននូវសុខមាលភាពខ្ពស់ជូនអ្នកទេសចរទាំងឡាយ ។ លោកបន្តថា, រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ពេលបើកឲ្យដំណើរការវិញ គឺយើងមានវិធានការ លើអនាម័យយ៉ាងល្អប្រសើរ ដែលអាចនឹងចាប់ផ្ដើមនៅថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2020 ខាងមុខនេះ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន ក្នុងនាមលោកជាមន្ត្រីជំនាញមួយរូបទទួលបន្ទុកកិច្ចការទេសចរណ៍នៅក្នុងខេត្ត សូមធ្វើការអំពាវនាវដល់អ្នកទេសចរគ្រប់រូប មេត្តាចូលរួមជាមួយការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ពិសេសបទបញ្ជារបស់រាជរដ្ឋាភិបាល និងចូលរួមអភិវឌ្ឍន៍ វិធានការសុវត្ថិភាពទេសចរណ៍ ដើម្បីធ្វើឲ្យសហគមន៍ទេសចរណ៍មានភាពស្រស់បំព្រង ជៀសឆ្ងាយពីកូវីដ19 ចូលក្នុងសហគមន៍នោះជាដាច់ខាត។
សូមបញ្ជាក់ផងដែរថា, នៅថ្ងៃទី 12 ខែធ្នូ នេះ ក្រសួងសុខាភិបាល បានរៀបចំទីតាំងកន្លែងពិនិត្យនឹងយកសំណាកចំនួន 7 កន្លែង ជាមួយនឹងវិធានការ រក្សាគម្លាត អនាម័យ បានយ៉ាងល្អប្រសើរ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុនសែន ជា ប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ ស្គាល់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ គ្រប់កាលៈទេសៈ៕
ដោយ, សុខ ខេមរា