អ្នកដឹកនាំរឿងជើងចាស់ល្បីឈ្មោះរបស់កូរ៉េ លោក Kim Ki Duk ត្រូវកូវីដ១៩ ផ្ដាច់យកជីវិតក្នុងវ័យ៦០ឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់កូរ៉េ Soompi បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះថា លោក Kim Ki Duk ដែលជាអ្នកដឹកនាំរឿងល្បីឈ្មោះមួយរូបនឹងធ្លាប់ដឹកនាំរឿង «Crocodile» ឆ្នាំ១៩៩៦នោះ ពេលនេះបានទទួលមរណភាពក្នុងវ័យ៦០ឆ្នាំដោយសារឆ្លងជំងឺកូវីដ១៩។

សារព័ត៌មានក្នុងស្រុករបស់កូរ៉េ បានបន្ថែមថា អ្នកដឹកនាំរឿងល្បីឈ្មោះរូបនេះ បានទៅប្រទេស Latvia តាំងពី ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះដើម្បីទិញផ្ទះនៅទីនោះ នឹងធ្វើលិខិតស្នាក់នៅ។ ស្រាប់តែបច្ចុប្បន្ននេះ ក៏មានការបញ្ជាក់ថា លោក Kim Ki Duk ត្រូវបានក្រុមគ្រូពេទ្យវិនិច្ឆ័យរោគឃើញថា មានជំងឺកូវីដ១៩ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

ជុំវិញបញ្ហាខាងលើនេះ ក្រុមការងាររបស់ផលិតកររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Sports Chosun ថា លោក Kim Ki Duk បានទទួលមរណភាពក្នុងប្រទេស Latvia ហើយលោកបានកើតនៅក្នុឆ្នាំ១៩៦០។

គួរបញ្ជាក់ដែរថា ការងាររបស់លោកចាប់ផ្តើមឡើងតាមរយៈការដឹកនាំរឿង «Crocodile» ឆ្នាំ១៩៩៦។ លោក Kim Ki Duk បានក្លាយជាអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញ ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ពោលគឺជាអ្នកដឹកនាំភាពយន្តរបស់កូរ៉េតែម្នាក់គត់ ដែលទទួលពានរង្វាន់អន្តរជាតិរបស់ពិភពលោកធំៗបី រួមមានពានរង្វាន់ពីមហោស្រ្ព Cannes, Venice និង Berlin៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print