អន្តរជាតិ៖ បើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាមេរិកនិងវៀតណាម បានអោយដឹងថា សត្វពស់ដែលមានរូបរាងចម្លែក គឺមានសម្បុរខ្មៅឡើងពណ៌ដូចឥន្ទធនូ ដែលស្រការបស់វានឹងដេញពណ៌គ្នានៅពេលត្រូវពន្លឺ។ មិនតែប៉ុណ្ណោះស្រការបស់វាមានរាងល្អិតនិងក្រឡាយ៉ាងប្លែក។
ប្រភពខាងលើបន្តទៀតថា ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Smithsonian នៅសហរដ្ឋអាមេរិក និង Vietnam Academy of Science and Technology ទើបតែបានចេញផ្សាយការរកឃើញរបស់ពួកគាត់នៅក្នុងទិន្នានុប្បវត្តិ Copeia បន្ទាប់ពីពួកគាត់បានប្រទះឃើញពស់ចម្លែកនេះ នៅខេត្ត Ha Giang ភាគខាងជើងប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសចិន។
ប្រភពដដែលនេះ បន្តថា ពស់ប្រភេទនេះស្ថិតនៅអំបូរ Achalinus ដែលមានស្រកាចម្លែក។ មកដល់ពេលនេះ មានប្រភេទពស់ចំនួន១៣ដែលស្ថិតនៅក្នុងអំបូរនេះ ដែលចំនួន៦ប្រភេទត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម។
គួរបញ្ជាក់ថា បន្ទាប់ពីការអង្កេត ក្រុមអ្នកស្រាវជ្រាវបាននាំយកប្រភេទសត្វនេះទៅវិទ្យាស្ថាន Smithsonian នៅសហរដ្ឋអាមេរិក ដែលគេបានយកសំណាកនិងលទ្ធផលឌីអិនអេរបស់វា។ សត្វពស់នេះនឹងត្រូវបានគេបញ្ជូនទៅប្រទេសវៀតណាមវិញផងដែរ៕ដោយ៖ស តារា