ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០បានប្រកាសថា នឹងប្រើប្រាស់ កម្លាំង ទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ១៩កើនឡើងដល់ទៅ៩៥០នាក់ ក្នុងរយៈពេល២៤ម៉ោង។
ប្រធានាធិបតីម៉ូន ចាត់ទុកការឆ្លងរាលដាលកូវីដ១៩នាពេលនេះគឺជា ស្ថានភាពអាសន្ន។ លោក ក៏បានសុំទោស ដល់ពលរដ្ឋ ដែលមិនអាចទប់ស្កាត់ការឆ្លងកូវីដ១៩ ទាន់ពេលវេលា បើទោះបីបានអនុវត្តច្បាប់គម្លាតសង្គមក្តី។
មេដឹកនាំកូរ៉េខាងត្បូងបានបង្ហោះលើបណ្តាញសង្គមTwitterថា«យើងចាត់ទុកការឆ្លងរាលដាលកូវីដ លើកនេះជាស្ថានភាពអាសន្ន ហើយយើងនឹងខិតខំទប់ស្កាត់ក្នុងពេលដ៏ខ្លីបំផុត »
ប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងថា រដ្ឋាភិបាលមានគម្រោងបង្កើតទីតាំង ធ្វើតេស្ត កូវីដ១៩នៅ១៥០ កន្លែងផ្សេងគ្នាដែលមានពលរដ្ឋរស់នៅច្រើន ក្នុងនោះមាន ស្ថានីយ៍រថភ្លើងទីក្រុងសេអ៊ូលជាដើម។
គិតមកដល់ យប់ថ្ងៃទី១២ខែធ្នូ កូរ៉េខាងត្បូង មានចំនួនករណីឆ្លងកូវីដ១៩ ជាង៤១ពាន់នាក់ និងស្លាប់ ៥៧៨នាក់ ៕
រូបភាព៖ Reuters