នៅរដ្ឋធានីបារាំង ស្ថិតនៅក្នុងភាពចលាចល នាថ្ងៃចុងសប្តាហ៍ ដោយសារតែបាតុកម្មក្លាយជាហិង្សា ហើយកម្លាំងសន្តិសុខបានចាប់ខ្លួនបាតុករជាច្រើនរូប។
នេះជាការធ្វើបាតុកម្ម សប្តាហ៍ទី៥ ហើយ ដោយជារៀងរាល់ចុងសប្តាហ៍គឺមានបាតុកម្មផ្ទុះឡើងនៅទីក្រុងប៉ារីស។ តាមសារព័ត៌មាន RT ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីលានChâtelet និងទីលានRepublique ។ ក្រុមបាតុករបានលើកស្លាកបដាប្រឆាំង អ៊ីស្លាម និងការកែទម្រង់ច្បាប់សន្តិសុខ របស់រដ្ឋាភិបាល។
កម្លាំងសន្តិសុខបារាំងបានដាក់ពង្រាយជាច្រើន ដើម្បីទប់ស្កាត់ក្រុមបាតុករ ដែលបង្កហិង្សា ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោកGerald Darmaninបញ្ជាក់ថា មានមនុស្ស២៤នាក់ត្រូវបានចាប់ខ្លួន។ កម្លាំងប៉ូលិសបារាំង ក៏បានដកហូត អាវុធ ដំបង ដែក ដែលក្រុមបាតុករយកតាមខ្លួនដើម្បីធ្វើបាតុកម្មហិង្សា។
ទីក្រុងបារីស មិនមែនជាទីតាំង តែមួយគត់ដែលមានបាតុកម្ម នៅថ្ងៃទី១៣ខែធ្នូ នៅទីក្រុងផ្សេងៗទៀតជាច្រើនដូចជា Lille, Lyon, Bordeaux, Marseille, Toulouse និង Strasbourg ក៏មានបាតុកម្មក្លាយជាហិង្សាផងដែរ។ បាតុកម្មកើតឡើងក្រោយរដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាក្រុង អនុម័តរិតបន្តឹងច្បាប់សន្តិសុខជាតិ៕
រូបភាព៖ Reuters