ខេត្តបាត់ដំបង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកូនៗ បាននាំគ្នាជិះម៉ូតូទៅលេងឪពុក-ម្ដាយ ស្រាប់តែពេលបើកទ្វារចូលទៅ ឃើញដេកសន្លប់ស្ដូកស្ដឹងក្បែរគ្នាលើឥដ្ឋការ៉ូក្នុងផ្ទះ មិនតែប៉ុណ្ណោះមានស្នាមរុះរើអីវ៉ាន់ពេញផ្ទះយ៉ាងរប៉ាត់រប៉ាយ។ ភ្លាមនោះកូនជនរងគ្រោះស្រែកឆោឡោផ្អើលសមត្ងកិច្ចមូលដ្ឋានចុះទៅអន្តរគមន៍ ដោយសង្ស័យថា ពួកគាត់អាចត្រូវជនមិនស្គាល់មុខដាក់ថ្នាំសណ្ដំ រួចលួចយកទ្រព្យសម្បត្តិបានហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
បើតាមការអះអាងពី លោក ថិន វិធូន ភេទប្រុស អាយុ២៦ឆ្នាំ ដែលត្រូវជាកូនប្រសារជនរងគ្រោះខាងលើ បានឲ្យដឹងថា គាត់បានដឹងរឿងនេះ កាលពីវេលាម៉ោង៧និង៤នាទីយប់ថ្ងៃទី១០ ធ្នូ នៅពេលដែលរូបគេ នឹងប្រពន្ធបាននាំគ្នាជិះម៉ូតូទៅលេងឪពុកម្ដាយនៅផ្ទះ ដែលស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោ ខេត្តបាត់ដំបង ។ លុះពេលទៅដល់ផ្ទះរូបគេ បានឃើញទ្វារកញ្ចក់បើកមួយចំហៀង តែបិតភ្លើងងងឹតឈឹង ភ្លាមនោះខ្លួនក៏ចូលទៅបើកភ្លើងស្រាប់តែឃើញឪពុក-ម្ដាយក្មេកដេកសន្លប់ក្បែរគ្នាស្ដូតស្ដឹង ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ប្រភពដដែលបន្តថា បន្ទាប់ពីឃើញហេតុការណ៍ប្រពន្ធខ្លួន ដែលត្រូវជាកូនបង្កើតជនរងគ្រោះ ឈ្មោះ មាលាកា អាយុ២៦ឆ្នាំឃើញឪពុករបស់ដេកសន្លប់លើប៉ៅអី រីឯម្ដាយដេកសន្លប់លើឥដ្ឋការ៉ូ និងឃើញស្នាមរើកកាយអីវ៉ាន់រាយរប៉ាត់រប៉ាយពេញផ្ទះផងដែរ ។
ប្រភពបន្តទៀតថា ជនរងគ្រោះជាឪពុកមានឈ្មោះ ហុឹង ហយ អាយុ៨២ឆ្នាំ និង ម្ដាយឈ្មោះ សុត មុំ អាយុ៧៣ឆ្នាំ ជាទូទៅផ្ទះកើតហេតុនេះមានតែឪពុក.ម្ដាយ រស់នៅតែ២នាក់ប៉ុណ្ណោះ ដោយកូនចៅទៅលេងយូរៗម្ដង។
កូនប្រសារជនរងគ្រោះ បន្ថែមថា រហូតមកដល់ព្រឹកថ្ងៃទី១១ ធ្នូនេះ ពួកគេមិនទាន់ដឹងថា ឪពុកម្ដាយក្មេកមានរឿងអ្វីកើតឡើងទេ ខណៈគាត់ទាំងពីរនាក់ភ្លាមៗ ត្រូវបានដឹកបញ្ជូនទៅកាន់គ្លីនិកឯកជននៅឯក្រុងបាត់ដំបង។ ដោយតាមការសន្និដ្ឋានបឋមរបស់ខ្លួនថា ឪពុក-ម្ដាយគាត់អាចសន្លប់ដោយសារត្រូវថ្នាំរបស់ជនមិនស្គាល់មុខ ក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិ តែមិនទាន់ដឹងថា ឪពុក.ម្ដាយគាត់ត្រូវបាត់បង់អ្វីខ្លះទេ ព្រោះពេលនេះពួកគាត់នៅសន្លប់ឈឹងមិនទាន់ដឹងខ្លួននៅឡើយ។
សូមជម្រាបថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំអូរតាគីម្នាក់ និងកម្លាំងកងរាជអាវុធហត្ថប្រមាណ៤ទៅ៥នាក់ បានចុះទៅកន្លែងកើតហេតុរួចនាំកូនៗជនរងគ្រោះ យកទៅសួរនាំផងដែរ។ ជាក់ស្តែងសមត្ថកិច្ចមិនទាន់អាចធ្វើការសន្និដ្ឋានបានទេ ចំពោះជនរងគ្រោះវ័យចំណាស់ដែលដេកសន្លប់០២នាក់ប្ដីប្រពន្ធនៅក្នុងផ្ទះខាងលើនេះ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ តាមការសន្និដ្ឋានជំហ៊ានដំបូង និងតាមការស្ដាប់ចម្លើយពីកូនប្រុសគ្រួសាររងគ្រោះម្នាក់ទៀត ឈ្មោះ ឯម វត្ថន បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ធ្នូ ថា ពេលនេះ ឪពុករបស់លោកកំពុងស្ថិតក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹងនៅក្នុងគ្លិនិកនៅឡើយ តែម្ដាយរបស់លោកហាក់បានដឹងខ្លួនម្ដងម្កាល។ ចំណែកម្ដាយរបស់ខ្លួនវិញ ក៏ដឹងខ្លួនម្ដងៗ ហើយពួកគាត់និយាយទាំងរវើរវាយថា មុនពេលកើតហេតុ មានមនុស្សស្រីប្រហែល០៣នាក់ បានជិះឡានទៅឈប់ខាងមុខផ្ទះគាត់ ហើយនាំគ្នាដើរចូលទៅសួរនាំគ្នារកទិញត្រីប្រៃ។
កូនប្រសាជរងគ្រោះលោក ឯម វត្ថន បានអះអាងតាមសំដីម្ដាយក្មេកថា គាត់បានប្រាប់ទៅក្រុមស្ត្រីសង្ស័យថា៖«ខ្ញុំមិនមានត្រីប្រៃលក់ទេ» តែបន្តិចក្រោយមក ពួកស្ត្រីបានយកក្រូចមកឱ្យគាត់០២នាក់ប្ដីហូប ស្រាប់តែលេងដឹងខ្លួនតាំងពីពេលនោះមកតែម្ដង។ ប៉ុន្តែលោក វត្ថន បានបញ្ជាក់ថា «បើតាមការបំភ្លឺខ្លះពីម្ដាយខ្ញុំ ខ្ញុំសង្ស័យឪពុកម្ដាយខ្ញុំសន្លប់ដោយសារត្រូវថ្នាំក្រុមស្ត្រីនោះតាមរយ:ផ្លែក្រូចដែលឲ្យគាត់ហូយ»។
ជាមួយគ្នានេះលោក វត្ថន បានសង្កត់ធ្ងន់ថា៖ «នៅលើខ្លួនឪពុកក្មេកខ្ញុំ មានស្នាមកោសខ្យល់ តែម្ដាយខ្ញុំ គាត់ប្រាប់ថា គាត់មិនបានកោសខ្យល់ឲ្យឪពុកខ្ញុំទេ ដូច្នេះខ្ញុំសង្ស័យ ក្រុមស្ត្រីនោះដាក់ថ្នាំសន្កប់ហើយ ពួកគេវើកកាយរកទ្រព្យសម្បត្តិមិនឃើញ ទើបនាំគ្នាចាប់កោសខ្យល់ឪពុកខ្ញុំវិញ ក្រែងបានដឹងខ្លួនដើម្បីសួររកទ្រព្យសម្បត្តិ។ ប៉ុន្តែយ៉ាងណា នេះខ្ញុំគ្រាន់តែសង្ស័យកើតឡើងបែបនេះ»។
បើតាមមន្ត្រីជំនាញពាក់ព័ន្ធនឹងករណីនេះ ក៏បានឲ្យដឹងដែរថា សកម្មភាពបែបនេះ បានកើតឡើងច្រើនលើកមកហើយ។ ប្រោះនេះជាសកម្មភាពដាក់ថ្នាំសណ្ដំដើម្បីបន្លំលួចទ្រព្យសម្បត្តិម្ចាស់ផ្ទះ។ ចំណែកជនប្រព្រឹត្តភាគច្រើនជាស្ត្រី ដែលតែងធ្វើសកម្មភាពនៅតាមផ្ទះដែលមានមនុស្សចាស់ស្នាក់នៅ ឬ នៅតាមផ្ទះដែលស្ងាត់។ ឬយ៉ាងណា គេរងចាំមើលថា តើសមត្ថកិច្ចធ្វើការសន្និដ្ឋានបែបណា ចំពោះរឿងនេះក្រោយចុះពិនិត្យដល់កន្លែងកើតហេតុ៕