ភ្នំពេញ៖ បន្ទាប់ពីមានគេហទំព័រ , ប្រព័ន្ធផ្សព្វផ្សាយ , និងតាមបណ្ដាញទំនាក់ទំនងសង្គម facebook បានលើកឡើងពីឈ្មោះ ថន វីវ: ត្រូវបានបញ្ជាការដ្ឋានអង្គរក្ស ដកឈ្មោះចេញពីបញ្ជីគ្រប់គ្រង នៃកងយោធពលខេមរភូមិន្ទ ដោយសារ ឈ្មោះនេះ ធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាពល្មើសនឹងវិន័យកងទ័ព ជាច្រើនលើកច្រើនសារ អប់រំមិនស្តាប់។
ទីបំផុត ! បែរជា លោក ថន វីរៈ មានតួនាទីថ្មី ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ។ គឺជាចម្ងល់យ៉ាងខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការនោះ សូម្បីតែនាយឧត្តមសេនីយ៍ ខៀវ សុភ័ក នាយខុទ្ទរកាល័យក្រសួងមហាផ្ទៃ គាត់ក៏ត្រូវចាត់ការស៊ើបអង្កេតស្រាវជ្រាវក្នុងរឿងនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ បន្ទាប់ពីមានការផ្សព្វផ្សាយក្នុងរឿងនេះ។
សូមបញ្ជាក់ថា អាចបុគ្គល លោក ថន វីរ: មានជាប់ពាក់ព័ន្ធ និងបណ្ដឹងតុលាការ ឬធ្វើអ្វីប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តព្រះសីហនុ ទើបលោកឧត្តមសេនីយ៍ឯក អុឹង សិរីគុត្ត ស្នងការដ្ឋានបុគ្គលិក បណ្ដុះបណ្ដាល បញ្ជាការដ្ឋានអង្គរក្ស បានចេញលិខិតមួយច្បាប់ជម្រាបជូន ទៅកាន់អភិបាលខេត្តព្រះសីហនុ ជុំវិញករណីដកឈ្មោះបុគ្គលនេះចេញពីអង្គភាពកងទ័ព។
នៅក្នុងលិខិតលោកឧត្តមសេនីយ៍ឯក អុឹង សិរីគុត្ត ស្នងការដ្ឋានបុគ្គលិក បណ្ដុះបណ្ដាល បញ្ជាការដ្ឋានអង្គរក្ស ជម្រាបជូន ឆ្លើយតបទៅកាន់អភិបាលខេត្តព្រះសីហនុ តាមកម្មវត្ថុ សំណើសុំបញ្ជាក់ពីឈ្មោះ ថន វីរៈ កើតថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ១៩៨២ ទីកន្លែងកំណើត ភូមិ ជប់ទី១ ឃុំ ជប់ ស្រុក ត្បូងឃ្មុំ ខេត្ត កំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិ ថ្មធំ ឃុំ រាបស្រុក ព្រៃនប់ ក្រុងព្រះសីហនុ និង
យោងបញ្ជាដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។ គាត់សូមជម្រាបជូន លោក អភិបាល នៃគណៈអភិបាលខេត្ត មេត្តា ជ្រាបថា ឈ្មោះខាងលើនេះ ត្រូវបានអង្គភាព ដកឈ្មោះចេញពីបញ្ជីរគ្រប់គ្រង នៃកងយោធពលខេមរភូមិន្ទ ដោយសារ ឈ្មោះនេះ ធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាពល្មើសនឹងវិន័យកងទ័ព ជាច្រើនលើកច្រើនសារ អប់រំមិនស្តាប់ហើយ ថ្មីៗនេះ បានឆបោកប្រាក់ប្រជាជន ក្នុងរឿងទិញដី នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យអង្គភាពមានការលំបាកលើការដោះស្រាយមិនចេះចប់ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាព ខេត្តព្រះសីហនុ មេត្តាជ្រាប និងចាត់ការតាមផ្លូវច្បាប់ប្រសិនបើឈ្មោះខាងលើនេះ យកឈ្មោះ អង្គភាពទៅប្រព្រឹត្តអំពើខុសច្បាប់។
ដោយឡែកមេធាវី សៅ សម្បត្តិ តំណាងដោយអាណត្តិជាមេធាវី អោយលោក ថន វីរ: នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានអោយអង្គភាព នគរដ្រេហ្គន ដឹងតាមទូរស័ព្ទថា,
ពាក់ព័ន្ធនឹងលិខិតលេខ ៤៣/២០ ស.ណ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានអង្គរក្ស ធ្វើឡើងដោយសារមានបុគ្គលខិលខូច មួលបង្កាច់លោក ថន វីរៈ នាំឲ្យមានការយល់ច្រឡំពីអង្គភាព ប៉ុន្តែពុំមែនជាការ ពិតនោះទេ ជាក់ស្តែងលោក ថន វីរៈ បានលាឈប់ពីបញ្ជាការដ្ឋានអង្គរក្ស ដោយសារពុំមានពេលវេលាបម្រើការងារគ្រប់ គ្រាន់។
លោកមេធាវីបានបញ្ជាក់ទៀតថា, កូនក្តីបស់ខ្ញុំគាត់បានបញ្ជាក់ច្រើនជាងនេះ ខណៈមានអ្នកចង់បានតំណែងណាមួយ គ្រាន់តែលោកមិនបញ្ជាក់អំពីអត្តសញ្ញាណនៃអ្នកទាំងនោះទេ។
មតិពីមជ្ឈដ្ឋានរបស់មន្ត្រីរដ្ឋបាលមុខងារសាធារណៈមួយចំនួនបានលើកឡើងថា ការបកស្រាយរបស់លោក ថន វីវ: ដូចន័យខាងលើ គឺមានចេតនាធ្វើឲ្យប៉ះពាល់ដល់អង្គភាពបញ្ជាការដ្ឋានអង្គរក្សដ៏ធ្ងន់ធ្ងរ ខណៈអង្គភាពនីមួយៗ មុននឹងសម្រេច លុបឈ្មោះ ដកឈ្មោះចេញពីក្របខណ្ឌរបស់រដ្ឋ ដកឈ្មោះចេញពីអង្គភាពបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរៈភូមិន្ទ គឺមានការសម្រេចដោយថ្នាក់ដឹកនាំគ្រប់ឋានានុក្រម តាមលក្ខណៈបែបបទរដ្ឋបាល ច្បាប់កងយោពលខេមរៈភូមិន្ទ ។
ជុំវិញបញ្ហាខាងលើនេះ ក្រសួងមហាផ្ទៃ និងស្រាវជ្រាវ ករណីលោក ថន វីរ: បន្ទាប់ពីរងការរិះគន់ក្រោយទទួលបានឋានៈ ជាទីប្រឹក្សាសម្ដេចក្រឡាហោម។
ថ្មីៗនេះខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឃើញក្នុងបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ពីការចុះផ្សាយទាក់ទងទៅនឹងលោក ថន វីរៈ មានតួនាទីជាទីប្រឹក្សាសម្ដេចក្រឡាហោម។
បើយោងតាមហ្វេសប៊ុក នាយខុទ្ធកាល័យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវសុភ័គ បានលើកឡើងថា ការចុះផ្សាយនេះ បាននិយាយរិះគន់ប៉ះពាល់ដល់កិត្តិយសរបស់លោក ថន វីរៈ។ ខុទ្ទកាល័យសម្ដេចក្រហម បានទទួលការណែនាំឲ្យធ្វើការស្រាវជ្រាវបញ្ហានេះ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនភាគីទាំងសងខាង។
សូមរំលឹកថា លោក ថន វីរ: ត្រូវបានគេល្បីគ្រប់គ្នាថាជាឈ្មួញរកស៊ីដីធ្លី នឹងត្រូវបានអង្គភាពបញ្ជាការដ្ឋានអង្គរក្សដកឈ្មោះចេញពីបញ្ជីកងទ័ព ។ ផ្ទុយទៅវិញនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោក ថន វីរៈ ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការដោយពុំទទួលប្រាក់បំណាច់មុខងារ។
ការទទួលតំណែងថ្មីនេះហើយ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នករស់នៅខេត្តព្រះសីហនុ ខណៈគាត់ធ្លាប់មានរឿងអាស្រូវច្រើន នឹងកំពុងជាប់ពាក់ព័ន្ធបណ្ដឹងអាជ្ញាជាច្រើនករណីនៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជុំវិញ ករណីខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការ ស្រាវជ្រាវ និងការស៊ើបអង្កេតក្នុងរឿងនេះ ពិតជាមានការគាំទ្រយ៉ាងខ្លាំង ដើម្បីឱ្យមានភាពយុត្តិធម៌ ត្រឹមត្រូវចំពោះការតែងតាំងបុគ្គលណាមួយ សមស្របទៅតាម សមត្ថភាព បុគ្គលិកលក្ខណៈ អតីតភាពការងារ និងមិនជាប់ពាក់ព័ន្ធ រឿងពុករលួយ បទល្មើសណាមួយនោះ។
ប៉ុន្តែអ្វីដែលជាចម្ងល់ ហេតុអ្វីក៏លោក ថន វីរៈ ហ៊ានលើកឡើង មុនការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ ថាខ្លួនត្រូវបានបញ្ជាការដ្ឋានដកឈ្មោះពីអង្គភាព ធ្វើឡើងដោយបុគ្គលមួយចំនួនមួលបង្កាច់ ! តើជាហេតុផលសមរម្យទេ សម្រាប់ខ្លួនជាថ្នាក់ដឹកនាំរូប ហើយនិយាយដោយពុំបានគិតអំពីផលប៉ះពាល់ទៅលើស្ថាប័ន ជាអង្គភាពមួយ ជាប់ពីខ្លួនទៅកាន់កន្លែងអង្គភាពផ្សេងនោះ ::? ៕
ដោយ ៖ សុខ ខេមរា