ភ្នំពេញ៖ យុវជនសង្ស័យ២នាក់ត្រូវសន្តិសុខឯកជនដេញព័ទ្ធចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់ដើម្បីបន្តនីតិវិធី ក្រោយពីពួកគេបានធ្វើសកម្មភាពបន្លំចូលហាងចិនមួយកន្លែងរួចធ្វើសកម្មភាពលួចយកទូរស័ព្ទជនបរទេស ប៉ុន្តែមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ ក៏ស្រែកឆោឡោតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចហាងចិនមួយកន្លែង តាមបណ្តោយផ្លូវ៣១៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានស្គាល់ឈ្មោះ ថាម សុជា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ស្រុកកំណើតនៅកំពង់ចាម និងម្នាក់ទៀតឈ្មោះ ថាម សុចិន អាយុ១៣ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅមិនពិតប្រាកដដូចគ្នា ។
នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងទៅឈប់នៅចំណុចមុខហាងចិន ភ្លាមនោះ ជនសង្ស័យថាម សុចិន បានចូលទៅក្នុងហាងធ្វើសកម្មភាពបន្លំលួចទូរស័ព្ទជនបរទេសដែលកំពុងអង្គុយនៅក្នុងហាងនោះ ប៉ុន្តែត្រូវម្ចាស់ឃើញទាន់ ស្រែកផ្អើលដល់សន្តិសុខឯកជននាំគ្នាព័ទ្ធចាប់បានទាំងពីរនាក់តែម្តង ៕
ដោយ៖ ស រស្មី