ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ គេហទំព័រ “សាលារាជធានីភ្នំពេញ” បានចេញសេចក្តីព្រមាន ជាមួយនឹងរូបភាពប្រាក់រៀលខ្មែរ ដោយសង្កត់ធ្ងន់ថា ៖ « “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ ។”
ដូចមានចែងក្នុងមាត្រា៤៣ និង ៦៤ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិ នៃកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ “ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់[…]ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែន[…]។” “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូលនិងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ ។”
គួររម្លឹកដែរថា ៖ បន្ទាប់ពីអង្គភាពអគ្គិសនីខេត្តស្វាយរៀងមិនទទួលទូទាត់ក្រដាសប្រាក់រៀលពីអតិថិជន ឥឡូវនៅឯរាជធានីភ្នំពេញវិញ បែរជាលេចចេញព័ត៌មានថ្មីស្រដៀងគ្នាគឺហាង YAKINIKU GARDEN SHIKI នៅចំកណ្ដាលក្រុងភ្នំពេញសោះមិនទូទាត់យកក្រដាសប្រាក់រៀល បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលជាអតិថិជន។
ហាងខាងលើនេះស្ថិតនៅផ្ទះលេខ២៤ ផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ អតិថិជនរបស់ខ្លួនបានចូលញាំស៊ុបអស់តម្លៃចំនួន២៩.៥០ដុល្លារ ប៉ុន្តែពេលប្រគល់ក្រដាសប្រាក់១០.០០០០រៀលបែរជាខាងម្ចាស់ហាងមិនព្រមទូទាត់ ដែលប្រការនេះ ក្លាយទៅជាអាជីវកម្មរើសអើងការទូទាត់ក្រដាសប្រាក់ទៅវិញ។
ករណីនេះគួរតែអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធធ្វើការសិក្សាជុំវិញបញ្ហាទាំងអស់នេះផងដើម្បីជាប្រយោជន៍លើកស្ទួយដល់រូបិយវត្ថុរបស់ជាតិ ពីព្រោះហេតុការណ៍នេះត្រូវបានប្រជាពលរដ្ឋសម័យទំនើបជើនលឿនកំពុងបង្ហោះលើបណ្ដាតទំនាក់ទំនងសង្គមផងដែរ ៕
ដោយ៖ ហេង សូរិយា