អន្តរជាតិ៖ បន្ទាប់ពីអាមេរិក ធ្លាប់ព្រមានតួកគីជាច្រើនដងរួចមកហើយ ចំពោះការទិញប្រព័ន្ធមីស៊ីល ប៉ុន្តែប្រទេសតួកគី ដែលជាសមាជិកសម្ព័ន្ធយោធាណាតូ បានបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ស្រាប់តែកាលពីថ្ងៃទី១៤ ខែធ្នូថ្មីៗនេះ រដ្ឋបាលអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើតួកគី។ មិនតែប៉ុណ្ណោះ អាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានបណ្តេញតួកគីចេញពីកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង F-35 រួចស្រេចហើយ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា អាមេរិកសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងតួកគីចំពោះការទិញប្រព័ន្ធការពារមីស៊ីលដ៏មានឥទ្ធិពល S-400 ពីរុស្ស៊ី។ កាលពីឆ្នាំ២០១៧ តួកគីបានចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសS-400ពីរុស្ស៊ីក្នុងតម្លៃ២,៥ពាន់លានដុល្លារ។ តួកគី ក៏បានធ្វើតេស្តមីស៊ីលនេះកាលពីខែតុលាផងដែរ។
ការដាក់ទណ្ឌកម្មដោយអាមេរិកនេះធ្វើឡើងក្រោមច្បាប់ CAATSA ដែលដាក់ពិន័យចំពោះការជួញដូរអាវុធណាដែលប៉ះពាល់ដល់ប្រយោជន៍អាមេរិក។ ទណ្ឌកម្មអាមេរិក នេះសំដៅទៅលើឧស្សាហកម្មយោធាតួកគី ដោយហាមមិនឲ្យផ្តល់អាជ្ញាប័ណ្ណនាំចេញ កម្ចី និងឥណទានទៅកាន់ទីភ្នាក់ងារផ្គត់ផ្គង់អាវុធរបស់តួកគី។ ដូចគ្នានេះដែរ មន្ត្រីបួនរូបដែលបម្រើការក្នុងទីភ្នាក់ងារនេះ ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិផងដែរ។
ដោយឡែកជុំវិញរឿងនេះជាការលើកឡើងរបស់លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៤ ខែធ្នូ លោកក៏ទទូចផងដែរឲ្យតួកគីដោះស្រាយបញ្ហា S-400 ។ លោក បន្ថែមថា៖«ការទិញប្រព័ន្ធមីស៊ីលS-400 នឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់បច្ចេកវិទ្យាយោធា និងទាហានរបស់អាមេរិក ក៏ដូចជាផ្តល់ប្រាក់ដល់វិស័យការពារជាតិរុស្ស៊ី និងបើកផ្លូវឲ្យរុស្ស៊ីចូលក្នុងកងទ័ព និងឧស្សាហកម្មការពារជាតិតួកគី»។
ចំណែកតួកគីវិញ ទាក់ទិននឹងរឿងនេះដែរ ក៏បានប្រតិកម្មនឹងទណ្ឌកម្មរបស់អាមេរិក ដោយថ្កោលទោស និងទាត់ចោលការដាក់ទណ្ឌកម្មនេះ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតួកគីបានលើកឡើងថា តួកគីនឹងចាត់វិធានាការប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់អាមេរិកក៏ដូចជាធ្វើការឆ្លើយតបវិញឲ្យបានសមស្រប។ យ៉ាងណាក្តី តួកគីអះអាងថាខ្លួន ត្រៀមខ្លួនរួចរាល់សម្រាប់ការសន្ទនា និងការទូត។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ក៏បានអះអាងដែរថា ការដាក់ទណ្ឌកម្មនេះជាភស្តុតាងបង្ហាញពីភាពក្រអឺតក្រទមរបស់អាមេរិក ហើយនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាមេរិលើឆាកអន្តរជាតិ។ លោក បន្តថា ទណ្ឌកម្មនេះ បង្ហាញបន្ថែមទៀតពីវិធានការគំរាម ឯកតោភាគី និងខុសច្បាប់ ដែលអាមេរិកបានអនុវត្តជាច្រើនទសវត្សរ៍មកហើយ។
សូមជម្រាបថា រដ្ឋមន្ត្រីការពារជាតិតួកគីលោកHulusi Akar កាលពីខែវិច្ឆិកាកន្លងទៅ បានអះអាងថា តួកគីត្រៀមខ្លួនក្នុងការពិភាក្សាជាមួយអាមេរិកចំពោះការធ្វើការរួមគ្នាលើប្រព័ន្ធមីស៊ីល S-400 និងយន្តហោះចម្បាំងF-35s។គ្រានោះអាមេរិកមិនខ្វល់ពីការលើកឡើងនេះ ដោយរដ្ឋមន្ត្រីការបរទេសអាមរិកបដិសេធមិនជួបជាមួយមន្ត្រីតួកគីឡើយ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគី ទាក់ទងរឿងទិញ S-40០ នេះ ដោយអះអាងថា ខ្លួនបង្ខំចិត្តទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស ពីរុស្ស៊ីដោយសារតែអាមេរិកមិនព្រមលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot មកឲ្យខ្លួន។ តួកគី ក៏អះអាងផងដែរថាទណ្ឌកម្មអាមេរិកមកលើខ្លួនគឺប្រើស្តង់ដារពីរ ព្រោះក្រិកដែលជាសមាជិកណាតូ ក៏ប្រើប្រាស់មីស៊ីលផលិតដោយរុស្ស៊ីដែរ៕ដោយ៖ស តារា