ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទំនិញឡើងស្ពានម៉ាឡេក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកប៉ារ៉ាស់ហាមឃាត់រថយន្តធុនធំបណ្ដាលឲ្យដាច់ជាពីរ ហើយរថយន្តបង្ករព្យាយាមបើករត់គេចខ្លួនតែត្រូវសន្តិសុខឃាត់បានប្រគល់ឲ្យសម្ថកិច្ច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០១ និង ៤០នាទីរសៀលថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២០ដែលស្ថិតនៅត្រង់ចំណុចគល់ស្ពានម៉ាឡេ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខសៀមរាប 3A 3001បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុចំណុចកើតហេតុរថយន្តបានបន្ថែមល្បឿនដើម្បីឡើងស្ពានដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែដំបូលរថយន្តបានបុកប៉ារ៉ាស់ហាមឃាត់មិនឲ្យរថយន្តធុនធំធ្វើដំណើរឆ្លងកាត់ពេញទំហឹង បណ្ដាលឲ្យដាច់ជាពីរ ចំណែកឯរថយន្តបង្ករព្យាយាមបើករត់គេចខ្លួនតែត្រូវបានសន្តិសុខយាមនៅទីតាំងកើតហេតុឃាត់បានរួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមានអ្នករងរបួសទេ គ្រាន់តែខូចខាតសម្ភារៈរបស់រដ្ឋមួយចំនួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកទីតាំងកន្លែងកើតហេតុ និងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ ដោយ៖និនសុភ័ស្ត