ខណៈអនុប្រធានាធិបតីអាមេរិក ត្រៀមចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ ស្រាប់តែបុគ្គលិក​សុខាភិបាល​ម្នាក់ ​ប្រតិកម្ម​វ៉ាក់សាំង​ ក្រោយ​ចាក់​បាន​បន្តិច

ចែករំលែក៖

អន្តរជាតិ៖ ខណៈ​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន រំពឹង​ថានឹងចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ ជា​សាធារណៈ​ឆាប់ៗ ​នា​សប្ដាហ៍​ក្រោយ​ រីឯអនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ត្រៀមនឹង​ចាក់​វ៉ាក់សាំង​​ជា​សាធារណៈ នា​ថ្ងៃទី​១៨ ខែធ្នូ។ ស្រាប់តែនៅ​ថ្ងៃទី​១៦ ខែធ្នូ បុគ្គលិក​សុខាភិបាល​ម្នាក់ ត្រូវបាន​ប្រតិកម្ម​វ៉ាក់សាំង​ក្រោយ​ចាក់​បាន​បន្តិច​។ ចំណែក​លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​រាយការណ៍​ថា នៅ​រង់ចាំ​ការផ្ដល់​អនុសាសន៍​ពី​ក្រុម​វេជ្ជបណ្ឌិត​សេត​វិមាន​ជាមុនសិន​។

​បើយោងតាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​អាមេរិក បានបញ្ជាក់ថា អនុ​ប្រធានាធិបតីលោក ម៉ៃ ផេ​ន និង​ភរិយា​របស់លោក អ្នកស្រីខា​រ៉េ​ន ផេ​ន នឹង​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​១៨ ខែធ្នូ នៅមុខ​កាមេរ៉ា​តែម្ដង​ពី​សេត​វិមាន​។ អនុ​ប្រធានាធិបតីរូបនេះ ដែលជា​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​កូ​វីដ​-១៩ របស់​សេត​វិមាន សង្ឃឹមថា ទង្វើ​នេះ​នឹង​កសាង​ទំនុកចិត្ត​ក្នុងចំណោម​ពលរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​និង​ប្រសិទ្ធភាព​វ៉ាក់សាំង​កូ​វីដ​-១៩​។​

​បើតាមមន្ត្រី​ម្នាក់​នៃ​ក្រុមការងារ​ផ្ទេរអំណាច​របស់លោក ចូ បៃឌិន ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ លោក រំពឹង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ ​នា​សប្ដាហ៍​ក្រោយនេះ។ យ៉ាងណាមិញ កាលពី​ថ្ងៃទី ១៦ ខែធ្នូ ពីរ​ដ្ឋ Delaware លោក ចូ បៃ​ឌិន បាន​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ចង់​ចាក់​វ៉ាក់សាំង​មុនគេ​ឯង​ឡើយ ក៏ប៉ុន្តែ​ខ្ញុំ​ចង់​ធានាថា យើង​បង្ហាញ​ទៅកាន់​ពលរដ្ឋ​អាមេរិក​ថា វា​មាន​សុវត្ថិភាព​នឹង​ចាក់​វ៉ាក់សាំង​»​។

ប្រធានាធិបតីអាមេរិក​ជាប់ឆ្នោតថ្មីរូបនេះ បាន​សង្កត់ធ្ងន់ថា នៅពេល​លោក​ចាក់​វ៉ាក់សាំង លោក​នឹង​ចាក់​វា​ជា​សាធារណៈ ដូច្នេះ​ពលរដ្ឋ​អាមេរិក​អាច​មើលឃើញ និង​មាន​ទំនុកចិត្ត​នឹងធ្វើ​ដូចគ្នានេះ​។ ការសម្រេចចិត្ត​ចាក់​វ៉ាក់សាំង​ជា​សាធារណៈ ជា​រឿង​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដ្បិតថា បុគ្គលិក​សុខាភិបាល​អាមេរិក​នៅ​ព្រួយបារម្ភ​ខ្លះ​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​នេះ​។

​មន្ត្រី​សេត​វិមាន​អាមេរិក បាន​អះអាងថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងមិន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ឡើយ រហូតដល់​វ៉ាក់សាំង​នេះ ត្រូវ​ផ្ដល់​អនុសាសន៍​ដោយ​ក្រុម​វេជ្ជបណ្ឌិត​របស់​សេត​វិមាន​។ នេះបើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ CNN នៅ​ថ្ងៃទី ១៦ ខែធ្នូ ។

​ដោយឡែកលេខាធិការ​ព័ត៌មាន​របស់​សេត​វិមាន​អាមេរិក អ្នកស្រី Kayleigh McEnany អំឡុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះបានអះអាងថា លោក​ប្រធានាធិបតី មិន​រារែក​ក្នុង​ការចាក់​វ៉ាក់សាំង​ឡើយ តែ​លោក​ចង់​ឲ្យ​បុគ្គលិក​សុខាភិបាល​ទទួលបាន​អាទិភាព​នេះ​មុនគេ​។ ចំណែកមន្ត្រី​ជំនាញ​ជំងឺ លោក Anthony Fauci ក៏បាន​និយាយថា លោក​នឹង​ផ្ដល់​អនុសាសន៍​ឲ្យ​លោក ត្រាំ និង​លោក ផេ​ន ទទួល​វ៉ាក់សាំង​។ លោក​វេជ្ជបណ្ឌិត ក៏​ទទូច​ឲ្យ​លោក បៃ​ឌិន និង​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់ៗ​តាម​អាច​ធ្វើទៅ​បានដែរ​។​

​យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែធ្នូថ្មីនេះ កាសែត The New York Times បាន​រាយការណ៍​ថា បុគ្គលិក​សុខាភិបាល​ម្នាក់​នៅ​រដ្ឋ Alaska មាន​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ ក្រោយ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុម​ហ៊ុម Pfizer ។ ដោយ​ស្រង់​សម្តី​ពី​មនុស្ស​៣​នាក់ កាសែត​នេះ បាន​អះអាងថា ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី ១៥ ខែធ្នូ ហើយ​តែ​រូបគេ​មាន​សុខភាព​ប្រក្រតី​វិញ​ហើយ ក្រោយ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ប៉ុន្តែ​របាយការណ៍​ដដែល មិនបាន​បញ្ជាក់​ទេ​ថា បុគ្គលិក​សុខាភិបាល​រូបនោះ ធ្លាប់មាន​ប្រវត្តិ​ប្រតិកម្ម​ពីមុន​ឬ​អត់​ទេ​។

​គួរបញ្ជាក់ថា រដ្ឋបាល​ស្បៀងអាហារ និង​ឱសថ​អាមេរិក (FDA) កាលពី​សប្ដាហ៍​មុន បានអនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់ Pfizer-BioNTech ដែល​រកឃើញថា​មាន​ប្រសិទ្ធភាព​៩៥​ភាគរយ​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ ក្នុង​សប្ដាហ៍​នេះ សហរដ្ឋអាមេរិកបាន​ផ្ដើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ ដោយ​បុគ្គលិក​សុខាភិបាល​ជា​ក្រុមមនុស្ស​អាទិភាព​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print