វៀតណាម ប្តេជ្ញា​ប្រែក្លាយទីក្រុង​ហូជីមិញ​ទៅជា​មជ្ឈមណ្ឌល​សុខាភិបាល និង​វេជ្ជសាស្ត្រ​មួយ​ប្រចាំ​អាស៊ី​អាគ្នេយ៍

ចែករំលែក៖

អន្តរជាតិ៖ ដើម្បី​ប្រែក្លាយ​ទីក្រុង​​ហូជីមិញ ​ទៅជា​មជ្ឈមណ្ឌល​សុខាភិបាល និង​វេជ្ជសាស្ត្រ​មួយ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ រដ្ឋាភិបាល​វៀតណាម បានដាក់​ផែនការ​ក្នុងការ​ពង្រឹងសមត្ថភាព​វិស័យ​សុខាភិបាល​នៅក្នុង​ទីក្រុងនេះឲ្យ​កាន់តែ​ល្អប្រសើរ សំបូរបែប និង​ទំនើប​។សម្រាប់វៀតណាម នេះគឺជា​គោលដៅ​មួយ​ថ្មី​បន្ថែម​ទៀត ក្នុងការ​ប្រែក្លាយ​បណ្តា​ទីក្រុង​ដែលមាន​សក្តានុពល​រប​ស់​ប្រទេស​ទៅជា​មជ្ឈមណ្ឌល​រួម​សម្រាប់​តំបន់​។

​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃទី​១៦ ខែធ្នូ​កន្លងទៅ​ បានបញ្ជាក់ថា រដ្ឋបាល​ក្រុង​ហូជីមិញនាពេល​ថ្មីៗ​នេះ បាន​អះអាងថា រដ្ឋបាល​របស់ខ្លួន​មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​ហូជីមិញ​ឲ្យ​ទៅជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នាពេល​អនាគត​។

​តាម​ប្រភពព័ត៌មាន​ Vietnam News បានបញ្ជាក់បន្ថែមថា លោក Nguyễn Thành Phong មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​ក្រុង​ហូជីមិញ បាន​ថ្លែង​ក្នុងជំនួប​ជាមួយនឹង​ក្រសួងសុខាភិបាល​ខ្លួន ថា លោក មាន​ជំនឿ​មុតមាំ​ថា គោលដៅ​នេះ ពិតជា​អាចទៅរួច បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ក្នុង​ទីក្រុង​ដ៏​មាន​សក្តានុពល​របស់​វៀ​ត​ណា​ម​មួយ​នេះ បាន​ប្រតិបត្តិ​ការងារ​លើ​ករណី​ពិសេសៗ​ដោយ​ជោគជ័យ រាប់បញ្ចូល​ទាំង​លទ្ធភាព​ក្នុង​ការផលិត​វ៉ាក់សាំង Covid-19 នៅក្នុង​ស្រុក​ផងដែរ​។

​ជាមួយគ្នានោះ ចំពោះ​ការដាក់​គោលដៅ​នេះ រដ្ឋបាល​ក្រុង​ហូជីមិញ នឹង​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស អភិវឌ្ឍន៍​សេវា​សុខាភិបាល​សាធារណៈ និង​សុខាភិបាល​ឆ្លាត​វៃ ក៏ដូចជា​តំបន់ឧស្សាហកម្ម​ឱសថ​។ ការពង្រឹង​វិជ្ជាជីវៈ និង​គុណភាព និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ ក៏​ស្ថិតនៅក្នុង​ផែនការ​នេះដែរ​។​

​សូមជម្រាប​ថា ការអភិវឌ្ឍ​របស់​វៀ​ត​ណា​ម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​លក្ខណៈ​ហក់លោត និង​លេចធ្លោ​ជាងគេ​មួយ​នៅក្នុង​តំបន់​។ ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ កំពុងតែ​ទាក់ទាញ​ក្រុមហ៊ុន​វិ​ន​យោគ​ធំ​របស់​ពិភពលោក​ជា​បន្តបន្ទាប់​។

​គួរបញ្ជាក់ថា សម្រាប់សក្តានុពល​នេះដែរ ធ្វើ​ឲ្យ​វៀតណាម មិន​ស្ទាក់ស្ទើរ​ក្នុងការ​ប្រកាស​ជំហរ​ដោយ​ចំហ​ប្រែក្លាយ​ប្រទេស​របស់ខ្លួន​ជា​ចំណុចកណ្តាល​មួយ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​។ ព្រោះកន្លងមក​រដ្ឋាភិបាល​វៀតណាម ថែមទាំង​ហ៊ាន​ប្រកាស​ប្រែក្លាយ​ទីក្រុង​ហាណូយ ដែលជា​ទីក្រុង​សក្តានុពល​មួយ​របស់​ប្រទេស ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌ មួយ​ប្រចាំ​អាស៊ីអាគ្នេយ៍ និង​អាស៊ី​បូព៌ា​នាពេលខាងមុខ​ដ៏​ខ្លី​ទៀតផង​៕ដោយ៖ស តារា

លោក  Nguyễn Thành Phong មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​ក្រុង​ហូជីមិញ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print