គណៈកម្មការរៀបចំពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីចូ បៃឌិនបានឲ្យដឹងថា ទឹកប្រាក់ដែលអង្គការ ស្ថាប័នឯកជនផ្តល់ជូនក្នុងពិធីស្បថចូលកាន់តំណែង មានតម្លៃ ១លានដុល្លារ ។
តាមសារព័ត៌មមាន Fox News គណៈកម្មការរៀបចំពិធីចូលកាន់តំណែងរបស់លោកបៃឌិន បានប្រកាស៤កញ្ចប់ជំនួយសម្រាប់ការជ្រើសរើស ក្នុងនោះអ្នកដែលបរិច្ចាគប្រាក់១លានដុល្លារ និង៥សែន ដុល្លារស្ថិតនៅក្នុង តារាង(ប្រធាន)របស់គណៈកម្មការរៀបចំពិធី។ នៅពេលនោះនឹងទទួលបានលិខិតអញ្ជើញចូលរួមដោយផ្ទាល់ជាមួយប្រធានាធិបតីបៃឌិន និងអនុប្រធានាធិបតីលោកស្រី ហារីស រួមជាមួយនឹងការថតរូបនិងការចុះហត្ថលេខា ក៏ដូចជាផ្តល់អាទិភាពផ្សេងៗទៀត។ ជាមួយគ្នានោះ ក៏នៅមានលិខិតអញ្ជើញ VIP ៤លើកផ្សេងទៀតសម្រាប់ព្រិឹត្តិការណ៍ផ្ទាល់នៅពេលអនាគត ។ ដោយឡែក អង្គការ ក្រុមហ៊ុនដែលផ្តល់ប្រាក់៥សែនដុល្លារ និងបុគ្គលបរិច្ចាគប្រាក់២៥០ពាន់ដុល្លារ ស្ថិតនៅក្នុងបញ្ជី(អនុប្រធាន)។
នៅឆ្នាំ២០១៦ គណៈកម្មការរៀបចំពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីដូណាល់ ត្រាំ ទទួលបានប្រាក់ដល់ទៅ៩០លានដុល្លារ គឺច្រើនជាងអតីតប្រធានាធិបតីអូបាម៉ាដែលមានតែ៤៤លានដុល្លារប៉ុណ្ណោះនៅឆ្នាំ២០១៣ និង ៥៣លានដុល្លារនៅឆ្នាំ២០០៩។
តាមគម្រោង លោក បៃឌិន និងលោកស្រី ហារីស នឹងស្បថចូលកាន់តំណែងនៅវិមានកាពីតូល(Capitol) នាថ្ងៃទី២០ខែមករាឆ្នាំ២០២១ ។ ពិធីនឹងត្រូវបង្រួមតូចដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។ ប៉ុន្តែមកទល់ពេលនេះគេមិនទាន់ដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំទៅចូលរួមដែរឬទេ ហើយមកទល់ពេលនេះមិនទាន់មានព័ត៌មានពាក់ព័ន្ធណាមួយនោះឡើយ៕