ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ជើងសេចក្តីជូនដំណឹង ស្ដីពី ការរំលឹកការតភ្ជាប់ និងបញ្ជូនទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC)។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ មេត្តាជ្រាបថា អនុលោមតាមមាត្រា៦ នៃច្បាប់ស្តីពីទូរគមនាគមន៍ គ្រប់ប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យ ទូរគមនាគមន៍ ត្រូវផ្តល់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យាមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សង្កេតឃើញថា ប្រតិបត្តិករភាគច្រើនបានធ្វើការ តភ្ជាប់ជាមួយមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC) នៅពេលដែលប្រតិបត្តិករមួយចំនួនទៀតនៅមិនទាន់ បានតភ្ជាប់ បើទោះបីជាក្រសួងបានក្រើនរំលឹកតាមរយៈលិខិតជូនដំណឹង និងកិច្ចប្រជុំជាច្រើនលើក។
ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការកៀរគរចំណូលរដ្ឋពីវិស័យទូរគមនាគមន៍ ប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ត្រូវធ្វើការតភ្ជាប់ និងបញ្ជូនទិន្នន័យមកមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និង ព័ត៌មានវិទ្យា (DMC) សម្រាប់ជាមូលដ្ឋានផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកំហិត។
ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តទាន់ពេលវេលាកំណត់ ក្រសួងនឹងចាត់វិធានការព្យួរ និងឬលុបអាជ្ញាបណ្ណ ព្រមទាំងវិធានការផ្សេងទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តតាម ការណែនាំខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា