ខេត្តពោធិ៍សាត់ ៖ ទំនាស់ ក៏ដូចជាបញ្ហាប្រឈម ចំនួន១០ករណីផ្សេងគ្នា ត្រូវបានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោះស្រាយជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្តែង ក្នុងវេទិកាសាធារណៈ «សមាជ» ដែលធ្វើឡើងរវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងប្រជាជន ចាប់ពីវេលាម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។
កិច្ចសម្របសម្រួល និងដំណោះស្រាយបញ្ហាខាងលើនេះ អនុវត្តន៍ឡើងតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការរក្សាគម្លាត បាញ់អាល់កុល និងពាក់ម៉ាស់ ដោយបានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, មន្ទីរជំនាញ, អាជ្ញាធរស្រុកក្រុង និងភាគីពាក់ព័ន្ធផ្សេងទៀត។
បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន នានិច្ចជាកាល គឺស្របទៅតាមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំងសង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។ ក្នុងយន្តការដឹកនាំខេត្តបានជាង៦ឆ្នាំមកនេះ លោកអភិបាលខេត្ត បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រមទាំងបានលើកឡើងថា «អ្នកយកដីគេ ត្រូវឱ្យគេវិញ, អ្នកជំពាក់លុយគេ ត្រូវសងគេ, បើអត់ត្រូវសុំគេ ទោះបីជាមានការលើសលោះយ៉ាងណាក្តី យើងត្រូវតែមានគំនិតចូលរួមបញ្ចប់រឿងទាំងអស់គ្មា ជាពិសេសត្រូវចងចាំថា ការយល់យោគអធ្យាស្រ័យ សន្តោសប្រណីគ្នាទៅវិញទៅមកជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ»។
លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្ថែមថា សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ១ និង៣០នាទីរសៀល, លោក ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមដែលកើតមាន បាន១០ករណី ដែលភាគច្រើនត្រូវបានដោះស្រាយបញ្ចប់។ ក្នុងកិច្ចដំណោះស្រាយនោះ ប្រជាពលរដ្ឋខ្លះ ក៏ទទួលបានអង្ករ ក៏ដូចជាថវិកាបន្តិចបន្តួច បានធ្វើឱ្យប្រជាពលរដ្ឋ ស្រលាញ់ពេញចិត្ត និងគាំទ្រលោក ឋិតជាអភិបាលខេត្តពោធិ៍សាត់ ជារៀងរហូត៕
ដោយ៖ សិលា