អភិបាលខណ្ឌចំការមនអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ខណៈរដូវរំហើយបានចូលមកដល់

ចែករំលែក៖

ភ្នំពេញ៖ ដោយសង្កេតឃើញថា មកដល់ពេលនេះ ជារដូវរំហើយ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទៀន ធូប បញ្ហាចរន្តអគ្គិសនី និងសូមចៀសវាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម ។ 

លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានលើកឡើងបែបនេះនៅក្នុងឱកាសនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារនៅក្នុងសង្កាត់ទន្លេបាសាក់នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក​ ព្រុំ​ សំខាន់​ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌចំការមន អភិបាលរងខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់ជាច្រើនរូបទៀត។ 

ជាមួយគ្នានេះដែរ លោក ថេង សុថុល បានជម្រាបជូនប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការកុម្មង់ទិញវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជាជំហានដំបូង ចំនួន១លានដូសសម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ 

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានសំណូមពរឲ្យចៅសង្កាត់ក្នុងមូលដ្ឋានខណ្ឌត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាលជូនប្រជាពលរដ្ឋ ព្រោះយើងមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋត្រូវការបំពេញឯកសារឬលិខិតស្នាមផ្សេងៗបើមករកមន្ត្រីហើយទទួលបាននូវការប្រើសម្តី ឬអាកប្បកិរិយាមិនសមរម្យទៅលើបងប្អូននោះ សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មករូបលោកភ្លាមៗដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ។ 

លោក ថេង សុថុល ក៏បានសុំឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន និងក្នុងរាជធានីភ្នំពេញ រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនិឹងការបង្ការ ការពារជំងឺកូវីដ-១៩   ត្រួវលាងដៃឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ និងមិនត្រូវនៅកន្លែងណាដែលមានមនុស្សប្រមូលផ្តុំច្រើននោះទេ បើមិនមានការចាំបាច់មិនត្រូវចេញក្រៅផ្ទះជាដាច់ខាត។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានចាត់ឱ្យសាខា និងអនុសាខាកាកបាទក្រហមទាំងអស់ចុះឱ្យដល់មូលដ្ឋាន និងនាំយកអំណោយទៅចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា និងជនងាយរងគ្រោះជាដើមនោះ ទើបក្រុមការងារ បានស្រាវជ្រាវ និងចែកអំណោយជូនដូចជាក់ស្ដែងនៅពេលនេះ និងនៅពេលកន្លងមក ពោលគឺចែកជូនពលរដ្ឋដែលខ្វះខាតទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ ។ 

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ស្ករ.ស សាប៊ូ ម៉ាស់ អាល់កុល ទឹកដោះគោ មី និងថវិកាចំនួន​ ៤០,០០០រៀល ក្នុងនោះអនុសាខាខណ្ឌ​ ២០,០០០រៀល​ និងថវិកាលោក ខាត់ ណារិទ្ធ ចៅសង្កាត់​ទន្លេបាសាក់ចំនួន២០,០០០រៀល ហើយជាមួយគ្នានោះលោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់បានផ្ដល់ថវិកាចំនួន៤០,០០០រៀលជូនស្រ្តីវ័យចំណាស់មានចៅប្រុស២នាក់ក្នុងគ្រួសារមានការខ្វះខាត៕ ដោយ៖ ជីណា

...

             

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print