អន្តរជាតិ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA បាននិយាយថា៖មនុស្សជំនិតម្នាក់ និងជាទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន គឺលោក សេឌ្រិច រិចមិនដ៍ (Cedric Richmond) ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន នៃជំងឺឆ្លងCOVID-19 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។
សូមជម្រាបថា លោក សេឌ្រិច រិចមិនដ៍ គឺជាមនុស្សជំនិតម្នាក់របស់លោក ចូ បៃដិន ដែលគ្រោងនឹងលាលែងពីតំណែង ជាសមាជិកសភាអាមេរិក ដើម្បីចូលរួមជាមួយរដ្ឋបាលថ្មីរបស់លោក បៃដិន ដោយទទួលបានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់មួយរូប ស្រាប់តែត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ០២ថ្ងៃ ។ បន្ទាប់ពីលោក បានធ្វើដំណើរទៅកាន់ទីក្រុង អាត្លង់តា (Atlanta ដើម្បីចូលរួមយុទ្ធនាការឃោសនាមួយ ដែលលោក ចូ បៃដិន កំពុងស្វែងរកការគាំទ្រសម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភាពីររូប មកពីគណបក្សប្រជាធិបតេយ្យគឺលោក ចូន អូស្សូហ្វ(Jon Ossoff) និងលោក រ៉ាហ្វាអ៊ែល វ៉ាណក់ (Raphael Warnock)។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ បើតាមក្រុមមន្ត្រីលោក ចូ បៃដិន បានបញ្ជាក់ថា លោក សេឌ្រិច រិចមិនដ៍ មិនបានប៉ះពាល់ដោយផ្ទាល់ជាមួយលោក បៃដិន, លោក Ossoff ឬក៏លោក Warnock នោះទេ ហើយលោក បៃដិន ក៏បានធ្វើតេស្ដរក COVID-19 កាលពីថ្ងៃព្រហស្បតិ៍នេះដែរ ដោយចេញលទ្ធផល «អវិជ្ជមាន» ផងដែរ៕ដោយ៖ស តារា