ភ្នំពេញ៖ កម្ពុជាយើងពិតជាទទួលបានដំណឹងល្អរីករាយ ខណ:ក្នុងរយៈពេល៤ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសពីការ មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី នៅកម្ពុជា។
ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន៤នាក់ថែមទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អ្នកជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទាំង៤នាក់រួមមាន៖
១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានស្វាមីធ្វើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ។
២៖ កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ ដែលបានព្យាបាលជាសះស្បើយ ហើយបានចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ និងរបស់អ្នកជំងឺស្ត្រី អាយុ៣០ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
៣៖ បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំស្នាក់នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើដំណើរមកពីប្រទេសជប៉ុន មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
៤៖ បុរសជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ អ្នកធ្វើដំណើរមកពីប្រទេសម៉ាលី មកដល់កម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៤៥នាក់ និង១៧នាក់កំពុងសម្រាបព្យាបាលនៅមន្ទីរពេទ្យ។
សូមជម្រាបជូនថា, ពាក់ព័ន្ធការធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វត្ថុសំណាកនៅសល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១៤៩សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ចំនួន៣៤៩០សំណាក សរុបចំនួន ៣៦៣៩សំណាក ដែលនៅក្នុងនោះចំនួន ២៩៦០សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ គឺលទ្ធផលអវិជ្ជមានទាំងអស់។ ដោយឡែកមាននៅសល់វត្ថុសំណាក ចំនួន៥៣០សំណាកទៀត ដែលត្រូវធ្វើការវិភាគបន្តថ្ងៃទី១៩ ខែធ្នូនេះ។
សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្ត្រី១៩នាក់ និងប្រុស ២២នាក់) ដែលក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៣០នាក់ (ស្ត្រី១២នាក់ និងប្រុស១៨នាក់)។
កម្ពុជាយើង ទប់ស្កាត់ covid-19 យ៉ាងល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យសមរភូមិមុខបានខិតខំព្យាបាល អ្នកជំងឺបានជាសះស្បើយជាប់គ្នា និងបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់លំនៅឋានវិញ៕
ដោយ៖សិលា