ខេត្តបន្ទាយមានជ័យ៖ ផ្ទះ៣ខ្នងធ្វើអំពីឈើប្រកស័ង្កសីត្រូវបានអគ្គីសភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិទំនុប ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីមូលដ្ឋាននគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ជនរងគ្រោះដែលផ្ទះត្រូវភ្លើងឆេះនោះមានឈ្មោះទី១ភឿន ប៊ន ភេទស្រីអាយុ៥៦ឆ្នាំ ប្តីឈ្មោះថូផាត អាយុ៥០ឆ្នាំផ្ទះដែលភ្លើងឆេះនោះមានទំហំ៦ម៉ែត្រគុណ និង៨ម៉ែត្រ ធ្វើអំពីឈើប្រកដំបូលស័ង្កសីសម្ភារៈក្នុងផ្ទះឆេះអស់និងប្រាក់ចំនួន ៨០.០០០បាត ទី២ឈ្មោះអនសុខន ភេទស្រី អាយុ៣៤ឆ្នាំមេម៉ាយពិការជើងឆេះផ្ទះ១ខ្នងមានទំហំ៤ម៉ែត្រគុណ និង៣ម៉ែត្រ សម្ភារៈក្នុងផ្ទះឆេះអស់ ទី៣ឈ្មោះអន រ៉ាន់ ភេទប្រុស អាយុ៨៦ឆ្នាំ ឆេះផ្ទះអស់១ខ្នងមានទំហំ៥ម៉ែត្រគុណ និង៤ម៉ែត្រ សម្ភារៈក្នុងផ្ទះឆេះអស់ និងប្រាក់ចំនួន៤.០០០បាត ភ្លើងឆេះនោះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ទៀតថា មូលហេតុបណ្តាលឲ្យមានភ្លើងឆេះគឺដើមហេតុមកពីក្មេងលេងភ្លើងទើបធ្វើឲ្យឆេះផ្ទះឈ្មោះអន សុខនមុន ដោយសារនៅតាមស្រុកស្រែគ្មានរថយន្តអគ្គីសភ័យចូលមកពន្លត់បានទើបធ្វើឲ្យរាលដាលឆេះផ្ទះសងខាង២បន្ថែមទៀត។
ពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្តាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះបើឆេះផ្ទះទ្រព្យសម្បត្តិដែលខំរកសីុបានទាំងប៉ុន្មានត្រូវរលាយអស់តែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ៕
ដោយ៖ វណ្ណា