ចិន រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ ដល់​មនុស្ស​៥០​លាននាក់ ​ក្នុង​ក្រុម​អាទិភាព​ខ្ពស់ មុន​​អំឡុង​បុណ្យចូលឆ្នាំ​ចិន

ចែករំលែក៖

អន្តរជាតិ៖ មុន​ចាប់ផ្ដើម​រដូវ​កាល​ធ្វើដំណើរ​អំឡុង​បុណ្យចូលឆ្នាំ​ចិន នា​ដើម​ឆ្នាំក្រោយនេះ រដ្ឋាភិបាលចិន កំពុង​រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ ដល់​មនុស្ស​៥០​លាននាក់​ក្នុង​ក្រុម​អាទិភាព​ខ្ពស់​ គឺ​រាប់​ចាប់ពី​បុគ្គលិក​សុខាភិបាល មន្ត្រីប៉ូលីស និង​អ្នកធ្វើការ​ផ្នែក​ដឹកជញ្ជូន​។ ជាមួយគ្នានេះ ខេត្ត​ស៊ី​ឈ័ន ជា​ខេត្ត​ចិន​ទីមួយ ​ដែល​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ សម្រាប់ប្រជា​ពលរដ្ឋ​ខ្លួន​។​

​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី ១៨ ខែធ្នូ​ ឆ្នាំ២០២០ថា៖ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រៀម​ដឹក​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ សរុប​១០០​លាន​ដូ​ស ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ចំនួន ២ រួមមាន៖ Sinopharm និង Sinovac Biotech ។ ចំណែកមន្ត្រី​សុខាភិបាល​ចិន ត្រូវ​បានដាក់​បញ្ជា​ឲ្យ​រៀបចំ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន​៥០​លាន​ដូ​ស​ដំបូង ត្រឹម​ថ្ងៃទី ១៥ខែមករា និង​៥០​លាន​ដូ​ស​ទី​២ ត្រឹម​ថ្ងៃទី ៥ ខែកុម្ភៈ​ឆ្នាំ​២០២១​ខាងមុខនេះ។

​សម្រាប់​ក្រុម​អាទិភាព​ខ្ពស់ រាប់បញ្ចូល បុគ្គលិក​សុខាភិបាល មន្ត្រីប៉ូលីស អ្នក​ពន្លត់​អគ្គិភ័យ មន្ត្រី​គយ ក៏ដូចជា អ្នកធ្វើការ​ផ្នែក​ដឹកជញ្ជូន​ជាដើម​។ កន្លងទៅ ចិន​ក៏បាន​ចាក់​វ៉ាក់សាំង​លើ​ក្រុមមនុស្ស​អាទិភាព​មួយចំនួន​ហើយ​ដែរ​។ ខណៈគោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​សម្រាប់​ក្រុមមនុស្ស​អាទិភាព​ខ្ពស់​នេះ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ អំឡុង​ថ្ងៃ​ឈប់សម្រាក​ដ៏​វែង​ប្រចាំឆ្នាំ​របស់​ចិន​។

​ដោយឡែកបើតាមមន្ត្រី​សុខាភិបាល​ខេត្ត​ចិន​ នៅ​ថ្ងៃទី ១៧ ខែធ្នូ ថ្មីៗនេះ បានបញ្ជាក់ថា ខេត្ត Sichuan របស់​ចិន អាច​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចាស់ និង​មនុស្ស​ដែលមាន​ជំងឺ​ប្រចាំកាយ​នៅ​ដើមខែ​ក្រោយ ពោលគឺ​ក្រោយ​ខ្លួន​បញ្ចប់​ការចាក់​វ៉ាក់សាំង​ដល់​ក្រុមមនុស្ស​អាទិភាព​រួច​។ មន្ត្រី​សុខាភិបាល​រូបនេះ បានបញ្ជាក់បន្ថែមថា វ៉ាក់សាំង​កូ​វីដ​-១៩​ចំនួន ១១៨ ០០០​ដូ​ស បាន​ដឹក​មកដល់​ខេត្ត​នេះហើយ​។ខណៈខេត្ត Sichuan ជា​ខេត្ត​ចិន​ទីមួយ​ដែល​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​សម្រាប់​ពលរដ្ឋ​ខ្លួន​។

សូមជម្រាបថា ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ផ្ទុះ​រាលដាល​ឡើង​ក្នុងប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩ មួយ​ភាគ​ធំ​ត្រូវ​គ្រប់គ្រង​បាន តែ​ក៏មាន​ករណី​ឆ្លង​រប៉េះរប៉ោះ​ផងដែរ​។ តួយ៉ាង គឺមាន​ការឆ្លង​កូ​វីដ​-១៩​ជា​ចង្កោម​តូច​មួយ​ក្នុង​ខេត្ត Sichuan កាលពី​ថ្មីៗ​នេះ​។ ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនមាន​បេក្ខភាព​វ៉ាក់សាំង​ចំនួន​៥ ដែល​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​។ ក្នុងនោះ​វ៉ាក់សាំង​៤ ត្រូវបាន​អនុម័ត​ឲ្យ​ប្រើ ដោយ​បេក្ខភាព​វ៉ាក់សាំង​២​មកពី​ក្រុមហ៊ុន​ចិន Sinopharm មួយ​មកពី​ក្រុមហ៊ុន​ចិន Sinovac Biotech និង​ចុងក្រោយ​មកពី​ក្រុមហ៊ុន​ចិន CanSino Biologics​។

​ចំណែក​បេក្ខភាព​វ៉ាក់សាំង​មួយ​របស់​ក្រុមហ៊ុន Sinopharm លទ្ធផល​បឋម​ក្នុងការ​ពិសោធ​ដំណាក់​ទី​៣ កាលពី​ខែកក្កដា បង្ហាញថា មាន​ប្រសិទ្ធភាព​៨៦​ភាគរយ​បង្ការ​កូ​វីដ​-១៩​។ ក្នុង​សប្ដាហ៍​នេះ ប្រទេស​អារ៉ាប់​២​បានអនុម័ត​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinopharm រួមមាន៖ បា​រ៉ែ​ន និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។

គួរបញ្ជាក់ថា ចំពោះលទ្ធផល​ក្នុងដំណាក់កាល​ទី​៣ នៃ​ពិសោធន៍​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac ពុំទាន់​ចេញផ្សាយ​ឡើយ តែ​លទ្ធផល​ក្នុង​ដំណាក់​ទី​១​និង​ទី​២​បង្ហាញថា វា​ងាយស្រួល​ក្នុងការ​ដាក់​ទុក ដោយ​ទាមទារ​សីតុណ្ហភាព​ចន្លោះ​ពី ២– ៨​អង្សា​។ ដោយឡែក ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​ក្នុង​ដំណាក់​ទាំងពីរ​នេះ បង្ហាញថា ទាប​ជាង​១០​ភាគរយ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print