ក្រុមហ៊ុនផលិតឱសថអាមេរិកខឹងយ៉ាងខ្លាំងដល់រដ្ឋមន្ត្រីទទួលបន្ទុកមូលនិធិជាតិរបស់បែលហ្ស៊ិក លោកស្រី Eva De Bleeker ដែលបានបង្ហោះនៅលើបណ្តាញសង្គមពីតម្លៃវ៉ាក់សាំងដែលប្រទេសនេះបញ្ជាទិញ។
លោកស្រី Bleeker បានបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី១៧ខែធ្នូ ពីតម្លៃវ៉ាក់សាំងដែលប្រទេសបែលហ្សិកបានបញ្ជាទិញ ។ តាមតារាងតម្លៃដែលលោកស្រីបានបង្ហោះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech មានតម្លៃ១៤,៧ដុល្លារក្នុងមួយដូស, Oxford/AstraZeneca តម្លៃ២,២ដុល្លារក្នុងមួយដូស, Johnson&Johnsonតម្លៃ៨,៥
ដុល្លារក្នុងមួយដូស, Sanofi/GSK តម្លៃ៩,៣ដុល្លារក្នុងមួយដូស, CureVac តម្លៃ១២,៣ដុល្លារក្នុងមួយដូស។ ចំណែក Moderna មានតម្លៃថ្លៃជាងគេ គឺដល់ទៅ ១៩ដុល្លារក្នុងមួយដូស។
វ៉ាក់សាំងផលិតដោយក្រុមហ៊ុន អាមេរិកនិងអាល្លឺម៉ង់Pfizer/BioNTech គឺជាវ៉ាក់សាំងដំបូងដែលប្រទេសតំបន់អឺរ៉ុបបញ្ជារទិញក្នុងនោះមានទាំងប្រទេសបែលហ្ស៊ិកផងដែរ។ លោក Elisabeth Schraepen អ្នកនាំពាក្យរបស់ក្រុមហ៊ុន Plizer អាមេរិកបានឲ្យដឹងថា ការប្រកាសពីតម្លៃ គឺបានបំពានកិច្ចព្រមព្រៀងស្តីពីការរក្សាការសម្ងាត់ចំពោះតម្លៃវ៉ាក់សាំង។
តម្លៃវ៉ាក់សាំង គឺត្រូវបានរក្សាជាសម្ងាត់។ មិនតែប៉ុណ្ណោះគឺជារឿងសម្ងាត់ពាណិជ្ជកម្ម រាល់កិច្ចព្រមព្រៀង ជាមួយដៃគូ។
ការបង្ហោះតម្លៃវ៉ាក់សាំងរបស់លោកស្រីលើបណ្តាញសង្គមត្រូវ បានគេដកចេញភ្លាមៗ ប៉ុន្តែក៏មានមនុស្សជាច្រើនថតទុកហើយចែកចាយតៗគ្នា ធ្វើឲ្យរឿងសម្ងាត់ក្នុងតម្លៃពាណិជ្ជកម្មត្រូវបែកធ្លាយ៕
រូបភាព៖ Shutterstock