អង្គការសុខភាពពិភពលោកបារម្ភយ៉ាងខ្លាំងក្រោយអង់គ្លេសរកឃើញវីរុសកូវីដ-១៩ប្រភេទថ្មីឆ្លងរាលដាលលើសពីសមត្ថភាពគ្រប់គ្រង

ចែករំលែក៖

អាបងកូវីដ-១៩ មិនទាន់ទាំងគ្រប់គ្រងបានផង ពេលនេះអាប្អូនកូវីដ-១៩បានមកបន្ថែមទៀត ហើយមានសភាពឆ្លងរាលដាលខ្លាំងជាង កូវីដ-១៩បច្ចុប្បន្នទៅទៀត បង្កក្តីបារម្ភយ៉ាងខ្លាំង។
សារព័ត៌មាន Guardian បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock ដែលបានប្រកាសថា ស្ថានភាពបច្ចុប្បន្ន ពិតជាអាក្រក់ខ្លាំងណាស់ក្រោយពីរកឃើញកូវីដ-១៩ថ្មីឆ្លងរាលដាល ខ្លាំងជាងមុនទៅទៀត។ លោក Matt Hancock ក៏បានស្នើឱ្យអនុវត្តការរិឹតត្បិតបន្ថែមទៀតចាប់ពីថ្ងៃទី១៩ខែធ្នូនេះតទៅ ហើយពលរដ្ឋអង់គ្លេសត្រូវតែត្រៀមលក្ខណៈក្នុងស្ថានភាពអាសន្ន រយៈពេលប៉ុន្មានខែទៀត រហូតដល់ វ៉ាក់សាំងបានចាក់បង្ការដល់ពលរដ្ឋទូទាំងប្រទេស។
ពាក់ព័ន្ធនឹងវីរុសថ្មីនេះ អង្គការសុខភាពពិភពលោក WHO បានប្រកាសថា អង្គការនេះបានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង់គ្លេសក្រោយរកឃើញវីរុសកូវីដ-១៩វិវឌ្ឍថ្មី។ តាមការលើកឡើងរបស់ WHO កូវីដ-១៩ថ្មី (កូវីដ-១៩ ប្អូន) ឆ្លងរាលដាលខ្លាំងជាង (អាបង) ប៉ុន្តែនឹងមិនបង្កឲ្យមានអ្នកស្លាប់ច្រើនជាង (អាបង)នោះឡើយ។
នៅពេលនេះគេមិនទាន់ដឹងថា កូវីដ-១៩ថ្មី អាចនឹងទប់ស្កាត់បានដោយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដែលកំពុងតែចែកចាយនិងប្រើប្រាស់នៅក្នុងប្រទេសអង់គ្លេសនោះដែរឬក៏យ៉ងណានោះទេ។ តំណាងអង្គការសុខភាពពិភពលោក បានទំនាក់ទំនងជាមួយអង់គ្លេស ដើម្បីទទួលទិន្នន័យពាក់ព័ន្ធនឹងវីរុសថ្មី ដើម្បីចែកចាយព័ត៌មានច្បាស់លាស់ដល់ប្រទេសជាសមាជិករបស់WHO។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថា វីរុសថ្មីអាចឆ្លងរាលដាលយ៉ាងលឿនបំផុត គឺលឿនជាង៧០ ភាគរយបើប្រៀបធៀបនិឹងវីរុសកូវីដ-១៩ ចាស់។
វីរុសកូវីដ-១៩ថ្មីទើបតែរកឃើញនៅក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះ ហើយប្រទេសក្នុងតំបន់អឺរ៉ុបក្នុងនោះមានហុល្លង់ជាដើម បានប្រកាសផ្អាកជើងហោះហើរទៅកាន់ប្រទេសអង់គ្លេសជាបណ្តោះអាសន្ន រង់ចាំដល់ការស្រាវជ្រាវទទួលបានលទ្ធផលច្បាស់លាស់ពីវិរុសកូវីដ-១៩ថ្មីសិន៕

...

រូបភាព៖ Holyrood Magazine

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print