ខេត្តសៀមរាប៖ សមត្ថកិច្ចជំនាញខេត្តសៀមរាប កំពុងតាមប្រមាញ់បុរសម្នាក់ជាឃាតកក្រោយសម្លាប់ស្ត្រីជាប្រពន្ធស្លាប់នៅក្នុងថ្លុកឈាមក្រោយមានទំនាស់ពាក្យសម្តីបន្តិចបន្តួចហើយគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសៅរ៍ទី ១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះកម្មករ ស្នាក់នៅ ស្ថិតនៅក្រុម២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា ករណី ឃាតកម្ម នេះ បង្កឡើងដោយបុរសជាប្ដី មាន ឈ្មោះ ផេន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត នៅខេត្តកំពង់ចាម បានធ្វើសកម្មភាព យកដុំថ្មវាយទៅលេី ជនរងគ្រោះ ឈ្មោះ ស៊ឹម សម្ពស្ស ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ត្រូវជាប្រពន្ធ ជនដៃដល់ មានទីកន្លែងកំណើត ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្រោយអ្នកទាំងពីរមានទំនាស់ គ្នាជាមួយគ្នាបន្តិចបន្តួច។
ប្រភពដដែលបានឲ្យដឹងទៀតថាតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយឃាតកម្មពិតមែន ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
បច្ចុប្បន្ន ជនដៃដល់ បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ តាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕