អាជ្ញាធររាជធានីភ្នំពេញ បានកោះអញ្ជើញ២នាក់ ប្តី ប្រពន្ធ ដែលត្រឡប់មកពីប្រទេសថៃទៅធ្វើចត្តាឡីស័កក្រោយពីគេចវេសមិនអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំ ផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិសែនជ័យ បានអញ្ជើញបុរសនិងស្ត្រីម្នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចាក់អង្រែ ដើម្បីរកមេរោគកូវីដ-១៩ ជៀសវាងការចម្លងមកក្នុងសហគមន៍ក្រោយពី២នាក់ប្តីប្រពន្ធ១គូនេះ បានត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវ បង្កការ ភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។

     ក្រុមការងារបានចុះអនុវត្តការងារនេះ កាលពីល្ងាចថ្ងៃអាទិត្យទី២០ខែធ្នូឆ្នាំ២០២០ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

     ក្នុងឱកាសនោះតំណាងឲ្យរដ្ឋបាលរាជធានីភ្នំពេញ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ឲ្យដឹងថា៖ ក្រោយពេលទទួលបានព័ត៌មានថា មានបុរសខាងលើនេះ បានត្រឡប់មកពីប្រទេសថៃ មកដល់ផ្ទះនៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដោយមិនបានអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កឱ្យបានត្រឹមត្រូវនោះ ព្រមទាំងទទួលបាន ការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ សុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីចុះមកអញ្ជើញ លោកគង់ រ៉ៃយ៉ា និងភរិយាទៅធ្វើចត្តា ឡីស័ក នៅមណ្ឌលចាក់អង្រែ ឲ្យបានត្រឹមត្រូវ ដើម្បីរក មេរោគកូវីដ-១៩ ជៀសវាងការចម្លងមកក្នុងសហគមន៍។ 

     លោកអភិបាលរងបានបន្តទៀតថា៖ មិនមែនតែពេលនេះទេ ជាទូទៅឲ្យតែទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ ដែលត្រឡប់មកពី ក្រៅប្រទេស ដោយមិនបានធ្វើ ចត្តាឡីស័កត្រឹមត្រូវនោះ អាជ្ញាធរ និង មន្ត្រីជំនាញរបស់យើងតែងតែមកអញ្ជើញគាត់ ឲ្យទៅធ្វើចត្តាឡីស័ក ជាច្រើនលើក តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល និង អភិបាលរាជធានីភ្នំពេញ។

      ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងមូលក៏ដូចជានៅរាជធានីភ្នំពេញ មេត្តាផ្តល់ព័ត៌មានទៅអាជ្ញាធរ សង្កាត់ ភូមិ បើឃើញអ្នកទើបត្រឡប់មកពីបរទេសហើយមិនបានអនុវត្តចត្តាឡីស័កត្រឹមត្រូវ មកស្នាក់នៅក្នុងភូមិរបស់យើង ឬ ហៅទៅកាន់លេខ១១៥ ។ ធ្វើយ៉ាងនេះ យើងអាចចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការចម្លងវីរុស ដ៏កាចសាហាវនេះមកក្នុងសហគមន៍របស់យើងតទៅទៀត។

     សូមបញ្ជាក់ថា លោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបតែត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូនខេត្តបាត់ដំបង ហើយបានមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ ទើបក្រុមការងារ អញ្ជើញពួកគាត់ទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កអោយបានត្រឹមត្រូវ  ហើយក្រុមការងារសុខាភិបាល និងអាជ្ញាធរខណ្ឌ សង្កាត់ ក៏បានបាញ់ថ្នាំសម្លាប់មេរោគ តាមខ្នងផ្ទះ ដល់ផ្ទះដែលនៅជុំវិញ ផ្ទះលោករ៉ៃយ៉ានេះផងដែរ ។

    ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋដែលរស់ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្ដែងនូវក្តីត្រេកអរឥតឧបមា ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលបានការយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់ លើការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ស្របពេលដែលជំងឺនេះកំពុងតែរាតត្បាតលើពិភពលោក ក៏ដូចជាកម្ពុជា៕ដោយ៖ សំរិត

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print