គូស្វាមី ភរិយារហូតដល់៣ពាន់គូ មកពី៦២ប្រទេសបានចូលរួមមហាពិធីអាពាហ៍ពិពាហ៍កាលពីថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅព្រះវិហារបង្រួបបង្រួមជាតិ(Unification Church) ប្រទេសកូរ៉េខាងត្បូង ក្រោមវត្តមានភរិយាមេម៉ាយរបស់លោកអាចារ្យ Sun Myung Moon ដែលជាអ្នកស្ថាបនិក ធ្វើជាមេបាក្នុងពិធីមង្គលការដ៏ធំនេះ ។
ប្រភពព័ត៌មានក្នុងតំបន់បានផ្សព្វផ្សាយថា គូស្វាមីភរិយារហូតដល់៣ពាន់គូ មកពី៦២ប្រទេសជុំវិញពិភពលោក ក្នុងនោះ គូស្វាមីភរិយាចំនួន១ពាន់គូ មិនទាន់រៀបអាពាហ៍ពិពាហ៍ រីឯគូស្វាមី២ពាន់គូផ្សេងទៀតធ្លាប់រៀបការរួចហើយ បានព្រមព្រៀងគ្នាចូលរួមមហាពិធិធីអាពាហ៍ពិពាហ៍ មានរយៈពេល៣ម៉ោង ស្ថិតនៅក្នុងទីក្រុង Gapyeong ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ដែលជាទីស្នាក់ការកណ្តាលនៃព្រះវិហារបង្រួបបង្រួមជាតិនោះតែម្តង ។
មហាពិធីអាពាហ៍ពិពាហ៍នេះ ជាញឹកញាប់ធ្លាប់បានធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួម។ ពិធីនេះកើតឡើងក្រោមការផ្តួចផ្តើមរបស់លោកអាចារ្យ Sun Myung Moon ដែលជាអ្នកស្ថាបនិកព្រះវិហារ Unification Church តាំងពីឆ្នាំ១៩៥៤មក ។ លោកអាចារ្យ Sun Myung Moon បានទទួលមរណភាពកាលពីខែកញ្ញា ឆ្នាំ២០១២ ក្នុងអាយុ៩២ឆ្នាំ ។
អ្នកស្រី Han Hak-Ja ដែលជាភរិយាមេដឹកនាំសាសនានៅព្រះវិហារ Unification Church នោះ បានថ្លែងជំរុញសហសេវិករបស់ខ្លួនទាំងអស់ឲ្យខិតខំបំពេញបេសកកម្មតាមពាក្យស្លោក ឋានសួគ៌លើភពផែនដី មិនឲ្យលើសពី២០២០នោះឡើយ ។
លោកបញ្ជាក់ថា បន្ទាប់ពីរៀបការនៅពេលនេះរួច គូស្វាមីភរិយារបស់លោកមានគម្រោងទៅក្រេបចន្ទទឹកឃ្មុំនៅភាគខាងត្បូងដែនកោហ Jeju ។
ការរៀបអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំបែបនេះនៅទីតាំងព្រះវិហារខាងលើ បានចាប់ផ្តើមឡើងដំបូងគេនៅក្នុងឆ្នាំ១៩៦០ ។ នៅមុនដំបូង មានគូស្វាមីភរិយាតិចតួចប៉ុណ្ណោះស្ម័គ្រចិត្តចូលរួមរៀបការបែបនេះ ប៉ុន្តែក្នុងរយៈពេលបន្តបន្ទាប់ក្រោយមកទៀត គូស្វាមីភរិយាជាច្រើនពាន់គូបានស្ម័គ្រចិត្តចូលរួម ។
កាលពីឆ្នាំ១៩៩៧ គូស្វាមីភរិយារហូតដល់៣០.០០០គូបានចូលរួមពិធីមហាអាពាហ៍ពិពាហ៍នៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយ២ឆ្នាំក្រោយមកទៀត ស្ថិតនៅពហុកីឡដ្ឋានទីក្រុងសេអ៊ូល គូស្វាមីភរិយា២១.០០០គូបានចូលរួមពិធិមហាអាពាហ៍ពិពាហ៍ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត