អន្តរជាតិ៖ មេដឹកនាំបាតុករថៃ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានអះអាងថា៖ បាតុកម្មនៅឆ្នាំ២០២១ខាងមុខ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម ខណៈបន្តដាក់សម្ពាធដល់រដ្ឋាភិបាលថៃដរាបណាការទាមទារផ្សេងទៀតត្រូវបានទទួលយក។ហើយនេះគឺជាផ្នែកមួយនៃកំណែទម្រង់រាជានិយមដ៏មានឥទ្ធិពល បាតុករក៏ទាមទារឲ្យលុបចោលច្បាប់ការពារមហាក្សត្រផងដែរ។
បើតាមលោក Arnon Nampa មេដឹកនាំបាតុកម្មមួយរូបអះអាងប្រាប់កាសែតបាងកកប៉ុស្តិ៍ ថា៖ ចាប់ពីឆ្នាំ២០២១ ទៅ បាតុករថៃ នឹងផ្តោតការទាមទាររបស់ខ្លួនលើកំណែទម្រង់របបរាជានិយមតែមួយមុខគត់។ កំណែទម្រង់របបរាជានិយមដែលពួកគេចង់មាន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយអំណាចមហាក្សត្រ មហា វជិរាលង្ករណ៍ ការទាមទារឲ្យស្ដេចបោះបង់ចោលការកាន់ទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារ ក៏ដូចជាបញ្ឈប់ការគ្រប់គ្រងកងទ័ពដោយផ្ទាល់ផងដែរ។
មេដឹកនាំបាតុកម្មមួយរូបនេះ បន្ថែមទៀតថា លោក និងបាតុករ៧រូបផ្សេងទៀតបាន ត្រូវប៉ូលីសចោទពីបទចោទប្រមាថមហាក្សត្រតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធការជួបជុំនៅក្រៅបន្ទាយកងពលទី១១ នៅជាយក្រុងបាងកកដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់ស្ដេច ដោយទាមទារស្ដេចឈប់គ្រប់គ្របអង្គភាពកងទ័ពនេះទៀត។ មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃដាក់ទោសរហូតដល់១៥ឆ្នាំទៅលើបុគ្គលណាដែលប្រមាថមហាក្សត្រ។
សូមជម្រាបថា កាលពីខែសីហាកន្លងមក ចាប់តាំងពីបាតុកម្មផ្ទុះឡើង បាតុករថៃបានទាមទារលើបញ្ហាជាច្រើនដែលក្នុងនោះមានកំណែទម្រង់របបរាជានិយម ការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែង និងវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យមានលក្ខណៈប្រជាធិបតេយ្យជាងមុន។ ប៉ុន្តែ គេមើលឃើញថា បាតុករ ហាក់ទាមទារលើបញ្ហច្រើន និងមិនផ្តល់អាទិភាពឲ្យជាក់លាក់ឡើយ។
ទាក់ទិននឹងបញ្ហានេះដែរ លោក Parit Chiwarak មេដឹកនាំបាតុករម្នាក់ទៀត នៅថ្ងៃទី២១ ខែធ្នូ ម្សិលមិញនេះ បានប្រាប់អ្នកសារព័ត៌មានពេលចេញប៉ូលីស ដើម្បីបកស្រាយការចោទប្រកាន់របស់សមត្ថកិច្ច ក៏បានរិះគន់ប៉ូលីសដែលបម្រើអ្នកដឹកនាំផ្តាច់ការ និងប្រើប្រាស់ច្បាប់ការពារមហាក្សត្រដោយបំពាន។ លោកទទូចហើយទទូចទៀតឲ្យរដ្ឋាភិបាលលុបមាត្រានេះចោល។ ជាមួយគ្នានេះ លោក Arnon Nampa និយាយថា មកទល់ពេលនេះមានបាតុករចំនួន១៥៧នាក់រងបទចោទពីការប្រមាថមហាក្សត្រនេះ។
គួរបញ្ជាក់ដែរថា ចំពោះបាតុកម្មដែលអូសបន្លាយជាច្រើនខែមកនេះ មិនទាន់បានទទួលលទ្ធផលអ្វីនោះឡើយ។ ជាក់ស្តែងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានអះអាងថា លោកនឹងមិនចុះពីតំណែងឡើយ ចំណែកវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ពុំបានសម្រេចដូចបំណងដែរ ដ្បិតអីសេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលតាក់តែងដោយអង្គការសង្គមស៊ីវិលiLaw ដែលមានលក្ខណៈប្រជាធិបតេយ្យ និងកែរាល់មាត្រាទាំងអស់នៃរដ្ឋធម្មនុញ្ញត្រូវបានរដ្ឋសភាថៃបដិសេធក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៨ វិច្ឆិកាទៅហើយ៕ដោយ៖ស តារា