ភ្នំពេញ ៖ កម្ពុជា និងសិង្ហបុរី បានឯកភាពបន្តកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្ថែមទៀត ឧ្យកាន់តែល្អប្រសើរថែមទៀត ខណៈដែលឆាប់ៗខាងមុខនេះ រដ្ឋាភិបាលប្រទេសកម្ពុជា និងសិង្ហបុរី គ្រោងនឹងចុះហត្ថលេខាជាមួយគ្នា ដើម្បីរួមសហការគ្នាបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ក្នុងជំនួបសម្ដែងការគួរសម ននិងនិងជម្រាបលាក្នុងឱកាសដែលលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០២០កន្លងទៅ នៅនៅទីស្តីការក្រសួងលោក បានជម្រាបជូនលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ថា កម្ពុជា និងសិង្ហបុរី ជាប្រទេសតូចមែន ប៉ុន្ដែមានការបើកជំហរសេដ្ឋកិច្ចដូចគ្នា។ លោក បន្តទៀតថា ការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺដើម្បីជួយគាំពារដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា និងសិង្ហបុរី ជាមិត្តជិត ស្និត ហើយតែងតែរួមសហការគ្នាដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ក្នុងគ្រប់វេទិកាទាំងអស់ ទាំងនៅអង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក អាស៊ាន និងវេទិកាផ្សេងៗទៀតជាដើម។ លោក បន្ថែមថា កន្លងមកក្រសួង ក៏បានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលធុរជនសិង្ហបុរីជួបប្រទះកន្លងមកផងដែរ។
ក្នុងឱកាសនោះដែរ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានស្នើសុំឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្ម បន្ដការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ នឹងឯកអគ្គរដ្ឋទូតសិង្ហបុរីដែលមកកាន់អាណត្តិថ្មី។
ជាការឆ្លើយតប លោករដ្ឋមន្ដ្រី បានជម្រាបភាគីជំនួបវិញថា លោកនឹងបន្ដសហការជាមួយ ដោយក្រសួងពាណិជ្ជកម្មកន្លងមក មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នាកន្លងមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិទ្វេភាគីរវាងប្រទេសទាំងពីរបន្ដទៀត។ តួលេខផ្តល់ដោយស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា បង្ហាញថា គិតត្រឹម៦ខែ ឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី មានទឹកប្រាក់សរុប ២ពាន់លានដុល្លារ៕
ប្រភព: BTV