រឿងនិទានខ្មែរ ÷ រឿង សុភាទន្សាយ(ពាក្យកាព្យបទមណ្ឌោកគតិ)

ចែករំលែក៖

នេះ​នឹង​ស្រដី ពី​សត្វ​ប្រាំ​នៃ​ហោង​ណា ភេ​មាន់​អក​ខ្លា និង​ទន្សាយ​ទាំង​ប្រាំ​ជាក់ ។ គិត​គ្នា​ធ្វើ​ផ្ទះ នឹង​បាន​ប្រើ​ប្រាស់​ទុក​ដាក់ គ្រាន់​បាន​សម្នាក់​នឹង​បាន​គិត​ការ​តទៅ ។ ខ្លា​ថា​បើ​ច្នោះ ព្រម​គ្នា​ចំពោះ​ឥឡូវ យើង​ទៅ​ច្រូត​ស្បូវ រួច​ហើយ​សឹម​យើង​គិត​សង់ ។ គិត​ស្រេច​ហើយ​ណា​ បបួល​គ្នីគ្នា​ដើរ​ត្រង់​ពុំ​ហ៊ាន​បង្អង់ ពុំ​បាន​ឈរ​ឈប់​ឡើយ​ណា ។ ដើរ​ទៅ​ដល់​ព្រៃ គយ​គន់​រំពៃ​ព្រឹក្សា​ឃើញ​វាល​ស្បូវ​ណា នេះ​ហើយ​គេ​ហៅ​ស្បូវ​ល្អ ។ ដល់​បោះ​ជំរំ និយាយ​គ្នា​ជុំ​មាត់​ក ថា​នេះ​ស្បូវ​ល្អ យើង​រក​ទៅ​ទៀត​ក្រែង​គ្មាន ។ យើង​ច្រូង​រៀង​អាយ ទោះ​ក្រ​ទោះ​ងាយ​គង់​បាន ទៅ​ទៀត​ក្រែង​គ្មាន ពុំ​បាន​ប្រទះ​ស្បូវ​ល្អ ។ គេ​ថា​ឥឡូវ ឲ្យ​អ្នក​បង​ខ្លា​នៅ​អាយ ចាំ​ដៃ​ឲ្យ​បាយ រៀប​ស្ល​ដណ្ដាំ​ឲ្យ​ស្រេច ។ ថា​ហើយ​នាំ​គ្នា​ដើរ​ទៅ​ម្នីម្នា​រំពេច ដល់​ទៅ​ព្រៃ​ស្រេច ទន្សាយ​ថា​គ្នា​យើង​អើយ ។ យើង​ច្រូត​នៅ​នេះ ទៅ​ឆ្ងាយ​ម្ដេច​ម៉េ្លះ​អ្នក​អើយ ស្បូវ​ច្រើន​ម្ល៉េះ​ហើយ នេះ​ឯង​ហៅ​ស្បូវ​ល្អ​ណាស់ ។ ភេ​អក​នូវ​មាន់ ព្រម​គ្នា​រួស​រាន់​រហ័ស ច្រូត​ស្បូវ​ឆាប់​ណាស់ តែ​មាន់​និង​អក​នូវ​ភេ ។ ឯ​អា​ទន្សាយ រក​កល​នាយ​អាយ​វេះវេ ភៀស​ប្រាប់​ទៅ​គេ ថា​វ៉ី​អើយ​គ្នា​ឈឺ​ពោះ ។ តែ​វា​ធ្វើ​កល កិច្ច​ដោយ​យោបល់​វា​នោះ វា​ថា​ឈឺ​ពោះ តែ​វា​ចង់​ទៅ​មើល​ខ្លា ។ វា​ដើរ​ឆ្លៀត​ឈ្លប តិចៗ​លលប​ម្នីម្នា ជូន​ប្រទះ​ខ្លា លោត​ចាប់​ឯ​ក្ដាន់​នោះ​បាន ។ ក៏​ឃើញ​ជាក់​មិញ រត់​ទៅ​ឃ្មាត​ខ្មាញ់​ដោយ​ដាន ដៃ​ឱប​ខ្លួន​ប្រាណ វា​ធ្វើ​ជា​គ្រុន​ញញ័រ ។ ដៃ​មួយ​ស្ទាប​ពោះ វា​ដើរ​ទៅ​នោះ​ទទ័រ ញញី​ញញ័រ វា​ធ្វើ​ឲ្យ​គេ​ជឿ​ហោង ។ ភេ​មាន់​នូវ​អក ឃើញ​ដណ្ដឹង​មក​អឺងកង ហើយ​ជេរ​រំពង អា​ចោរ​ម្ដេច​អា​ព្រងើយ ។ មិន​ច្រូត​ស្បូវ ម្ដេច​អា​លេង​នៅ​កន្តើយ ឱប​ដៃ​ព្រងើយ ដើរ​លេង​សព្វ​ព្រៃ​ព្រឹក្សា ។ ទន្សាយ​ឆ្លាស់​ឆ្លើយ​ ថា​ឱ​អ្នក​អើយ​អស់​គ្នា កុំ​អាល​ផ្ដាសា ចាំ​ខ្ញុំ​ដំណាល​ប្រាប់​អ្នក ។ អ្នក​អើយ​ខ្ញុំ​គ្រុន ស្ទើរ​ស្លាប់​ប៉ប្រុន​ញ័រ​ញាក់ ពោះ​ខ្ញុំ​ឈឺ​ចាក់ ដោត​ហើយ​ចុះ​ផ្ទៃ​ខ្ញុំ​ផង ។ វា​ឈឺ​បោះ​ខ្មាញ់ ដូច​គេ​ត្របាញ់​ណាស់​ហោង អា​សូរ​ខ្ញុំ​ផង ខ្ញុំ​មិន​មាន​ពុត​ទេ​ណា ។ ភេ​មាន់​នូវ​អក ឮ​វា​ប្រាប់​មក​សោះ​សា មិន​ស្រដី​ថា ទៅ​វិញ​ទៅ​មក​ឡើយ​នៃ ។ ច្រូត​ស្បូវ​តិច​ទៅ ទន្សាយ​នោះ​កូវ​ស្រដី ថា​វ៉ី​អើយ​វ៉ី ដល់​យើង​នឹង​ទៅ​ល្ងាច​ណា ។ យើង​បាន​ត្រី​សាច់ ខ្លះ​ទេ​បន្តិច​អាហារ គ្រាន់​បរិភោក្ដា នោះ​មាន​ឬ​ទេ​អ្នក​អើយ ។ ទន្សាយ​ថា​បើ ដោយ​យាម​អញ​មើល​ជា​ត្រើយ ដល់​ទៅ​ល្ងាច​ហើយ ប្រាកដ​ជា​មាន​លាភ​ជ័យ ។ ភេ​មាន់​អក​ខ្លា បើ​ច្នោះ​លង​អា​ទាយ​នៃ ឲ្យ​ប្រាកដ​ក្រៃ ឥឡូវ​នេះ លង​មើល​អា ។ ទន្សាយ​ឆ្លាស់​ឆ្លើយ​ ថា​ឱ​អ្នក​អើយ​គ្រប់​គ្នា ដល់​យើង​ទៅ​ណា៎​ប្រាកដ​ជា​បាន​សាច់​ក្ដាន់ ។ បើ​អញ​ទាយ​ត្រូវ ប្រាកដ​ដូច្នោះ​កូវ​ដាក់​ស្បាន់ ថា​បាន​សាច់​ក្ដាន់ អស់​អ្នក​កុំ​ស៊ី​ឡើយ​ណា៎ ។ ភេ​មាន់​អក​នៃ ថា​អើ​នៃ​វ៉ី​យើង​ប្រាកដ​មិន​ស៊ី​ណា៎ យើង​ឲ្យ​តែ​អាស៊ី​ហោង ។ លុះ​ល្ងាច​នាំ​គ្នា ដើរ​មក​ម្នីម្នា​ត្រសង ដល់​ជៃ​ហើយ​ហោង ហើយ​ដណ្ដឹង​ទៅ​បង​ខ្លា ។ ថា​នៃ​អ្នក​បង អ្នក​បាន​អ្វី​ហោង​ជា​អាហារ​បរិភោក្ដា ខ្លះ​ទេ​ឬ​គ្មាន​ឡើយ​នៃ ។ ខ្លា​ឆ្លើយ​ប្រាប់​មក ថា​អញ​ទៅ​រក​ក្នុង​ព្រៃ​បាន​ក្ដាន់​មួយ​នៃ យក​មក​ចម្អិន​ហើយ​ណា៎ ។ ទន្សាយ​ស្ដាប់​ជាក់ ថា​វ៉ើយ​​អស់​អ្នក​គ្រប់​គ្នា មែន​ដូច្នេះ​ណា៎ ថា​ឯង​មិន​ស៊ី​ឡើយ​ហោង ។ ឥឡូវ​មែន​ហើយ ឯង​កុំ​ស៊ី​ឡើយ​ជា​ម្ដង សាច់​នោះ​ឯង​ហោង អញ​ស៊ី​តែ​នឹង​បង​ខ្លា ។ ភេ​មាន់​អក​នោះ ស្ដាប់​ហើយ​ទ្រគោះ​សោះ​សា ជេរ​ថា​ប៉ៃ​អា ដក​ទង​​ចោរ​ខូច​ក្រៃ​លែង ។ ថ្វី​បើ​យើង​ស៊ី យើង​មិន​សុំ​ជីដូន​ឯង អា​កុហក​ខូច​ឯង រង​តែ​កំភូត​មា​យា ។ រី​អ្នក​ទាំង​ប្រាំ បរិភោគ​ហើយ​នាំ​គ្នី​គ្នា ដេក​លុះ​ព្រឹក​ណា៎ ហើយ​មក​គិត​គ្នា​ទៀត​នៃ ។ ថ្ងៃ​នេះ​យើង​ចង់ ឲ្យ​ភេ​ចាំ​រង់​នៅ​ជៃ យើង​ទាំង​បួន​នៃ នឹង​ទៅ​ច្រូត​ពី​ព្រឹក​ហោង ។ គិត​ស្រេច​ហើយ​ណា៎ នាំ​គ្នា​យាត្រា​ជា​ម្ដង ៗ បាន​ឆ្ដោ​មក​ស្ល ចាំ​រង់​អស់​គ្នា​ច្រូត​ស្បូវ ។ ទន្សាយ​នោះ​ណា៎ ច្រូត​បាន​តិច​វា​វេះ​ទៅ លប​មើល​ភេ​កូវ ឃើញ​ភេ​ចាប់​បាន​ឆ្ដោ​ជាក់ ។ ឃើញ​ហើយ​វិល​ទៅ ខ្លា​អក​មាន់​ទៅ​ភ្ញា​ភ្ញាក់ អា​ចោរ​អប្បលក្ខណ៍ អា​ខូច​អា​ទៅ​ណា ។ ទន្សាយ​ឆ្លាស់​ឆ្លើយ ដូច​ពី​ដើម​ឡើយ​សោះ​សា អស់​ត្រង់​នេះ​ណា៎ ដូច​យើង​ស្រដី​មុន​ហើយ ។ ត្រង់​ចេះ​ទាយ​ហោរ ដូច​ពី​មុន​មក​អ្នក​អើយ ពុត​មិន​បាត់​ឡើយ ត្រង់​វេះ​ត្រង់​វេរ​មិន​បាត់ ។ ច្រូត​លុះ​ល្ងាច​មក ឮមាត់​រឱក​ពុំ​ស្ងាត់ មក​ដល់​ពុំ​បាត់ ញ័រ​ញាក់​ដណ្ដឹង​ទៅ​ភេ ។ ថា​អ្នក​ចាំ​ជៃ​ បាន​ម្ហូប​ចំណី​ឬ​ទេ នោះ​ទើប​ឯ​ភេ ប្រាប់​មក​ថា បាន​ត្រី​ឆ្ដោ ។ ទន្សាយ​ស្ដាប់​ជាក់ ហើយ​ថា អស់​អ្នក​កោត​ហោរ អញ​ចាប់​ដៃ​រក៏ ឥឡូវ​ប្រាកដ​មែន​ណា៎ ។ អស់​នេះ​យើង​បាន ស្រដី​មែន​មាន​មក​ប្រាកដ​ពី​ដើម​ណា៎ ដំណើរ​សឹង​ដូច​គ្នា​ហោង ។ អស់​អ្នក​ទាំង​ប្រាំ ស៊ី​បាយ​ហើយ​នាំ​គ្នា​ផង ដេក​ដល់​ព្រឹក​ហោង មក​គិត​នឹង​គ្នា​ទៀត​នៃ ។ ថ្ងៃ​នេះ​យើង​ឲ្យ បង​អក​ចាំ​គយ​នៅ​ជៃ អស់​យើង​ទៅ​ព្រៃ ទាំង​បួន​នាក់​នោះ​ហង​ណា៎ ។ គិត​ហើយ​លីលា ដើរ​ទៅ​ម្នីម្នា​សោះ​សា ដល់​ស្បូវ​ច្រូត​ណា៎ ដល់​តិច​ទន្សាយ​វេះ​ធ្លាប់ ។ ក្រោយ​នោះ​បង​អក គាត់​ទៅ​សំកុក​ចាំ​ចាប់ ត្រី​ប្រា​បាន​ខ្នាប់ រួច​ហើយ​ទើប​យក​មក​ស្ល ។ ទន្សាយ​ឆ្លៀត​ឈ្លប ដើរ​មក​លលប​ដក-ក មើល​ដាក់​ហើយ​ចរ លី​លា​វិញ​ទៅ​ជា​ម្ដង ។ ដំណើរ​នេះ​នៃ ដូច​យើង​ស្រដី​ដើម​ហោង ពុត​ណាស់​កន្លង ត្រង់​ហោរ​នោះ ដូច​ដើម​ណា៎ ។ លុះ​ល្ងាច​លើ​លា ដើរ​មក​ថ្មី​ម្នា​សោះ​សា ដណ្ដឹង​អក​ថា អ្នក​តែង​ចាំ​ជៃ​នោះ​ហោង ។ បង​អើយ​បង​អក ឥឡូវ​យើង​ជា​ម្ដង បង​បាន​អ្វី​ហោង គ្រាន់​ស៊ី​ជា​ម្ហូប​ឬ​ទេ ។ អក​ឆ្លាស់​ឆ្លើយ​ប្រាប់ ទៅ​គេ​ឆាប់ៗ​ថា​ទេ ខ្លាច​ក្រែង​តែ​គេ នៅ​ពុំ​ដូច​អញ​នេះ​ហោង ។ ឥឡូវ​អញ​បាន ប្រា​មួយ​មក​មាន​ជា​ម្ដង ចម្អិន​ហើយ​ហោង ទុក​ឲ្យអស់​អ្នក​រាល់​គ្នា ។ ទន្សាយ​ស្ដាប់​ជាក់ ថា​អស់​អ្នក​រាល់​គ្នា អញ​ទាយ​នេះ​ណា៎ ថា​បាន​ត្រី​ប្រា​ស៊ី​ហោង ។ ដំណើរ​ទន្សាយ ពុត​ខូច​រាយ​មាយ​កន្លង ដូច​ពី​ដើម​ហោង​រៀង​រាប​នោះ​មក​ឯង​ណា៎ ។ អស់​អ្នក​ទាំង​ប្រាំ ស៊ី​បាយ​ហើយ​នាំ​គ្នី​គ្នា ដេក​លក់​ព្រឹក​ណា៎ គិត​គ្នា​រឱក​អឹងកង ។ ថ្ងៃ​នេះ​ឯង​នៃ ឲ្យ​មាន់​ចាំ​ជៃ​នោះ​ហោង ហើយ​ទាំង​បួន​ផង ទៅ​រក​ច្រូត​ស្បូវ​ហោង​ណា៎ ។ ច្រូត​បន្តិច​ទៅ​ទន្សាយ​នោះ កូវ​លីលា វេះ​បាត់​ហើយ​ណា៎ មក​ឈ្លប​ចាំ​មើល​មាន់​ហោង ។ រីឯ​មាន់​នោះ គិត​ថប់​ក្នុង​ពោះ​កន្លង គេ​ចាំ​ជៃ​ផង គេ​បាន​សាច់​ស៊ី​ផង​ណា៎ ។ ឥឡូវ​នេះ​អញ មាន​តែ​ពង​ពេញ​ជា​អាហារ​បរិភោក្ដា ទុក​ឲ្យ​អស់​គេ​ស៊ី​ផង ។ គិត​ហើយ​រមាត់ ពង​ធ្លាក់​ចេញ​ថ្វាត់​ជា​ម្ដង យក​មក​ស្ងោរ​ហោង ទុក​ឲ្យ​អស់​អ្នក​គ្នី​គ្នា ។ ទន្សាយ​ឆ្លើយ​ឈ្លប ប្រួញ​ខ្លួន​លលប​មើល​ណា៎ យល់​ឃើញ​ជាក់​ប្រាកដ​ដូច្នោះ​ហើយ​វិល​ទៅ ។ ដំណើរ​ទន្សាយ ពុត​ខូច​រាយ​មាយ​នោះ កូវ​ត្រង់​ពាក្យ​អាស្រូវ នោះ​ភូត​មិន​បាត់​ឡើយ​ណា៎ ។ ដំណើរ​នេះ​ហោង អស់​ទាំង​អ្នក​ផង​គ្រប់​គ្នា ដឹង​អស់​ពុត​វា អា​ខូច​កុហក​វេះ​ហោង ។ លុះ​ល្ងាច​នោះ​កូវ អស់​អ្នក​ច្រូត​ស្បូវ​ជា​ម្ដង លីលា​មក​ហោង ដល់​ហើយ​ដណ្ដឹង​មាន់​ថា ។ ថា​វ៉ើយ​បង​មាន់​បាន​អ្វី​នោះ​គ្រាន់​ស៊ី​ជា អាហារ​ភោក្ដា ខ្វះ​ទេ​ឬ​គ្មាន​ឡើយ​ហោង ។ មាន់​ថា​អញ​បាន ពង​ស្ងោរ​នៅ​ក្រាន​ជា​ម្ដង អ្នក​កុំ​គិត​ហោង ត្រង់​ម្ហូប​នោះ​ឯង​ឡើយ​ណា៎ ។ ទន្សាយ​ស្ដាប់​ជាក់ ថា​ឱ​អស់​អ្នក​គ្រប់​គ្នា ហោរ​អញ​ឆុត​ណា៎ ប្រាកដ​ដូច​អញ​ថា​ហោង ។ ដំណើរ​ទន្សាយ ពុត​ខូច​រាយ​មាឃ​កន្លង ពុំ​លែង​អស់​ផង ដូច​យើង​ស្រដី​ដើម​ណា៎ ។ អស់​អ្នក​ទាំង​ប្រាំ ស៊ី​បាយ​រួច​នាំ​គ្នី​គ្នា ដេក​លុះ​ព្រឹក​ណា ទៅ​រក​ច្រូត​ស្បូវ​អឺងកង ។ ថ្ងៃ​នេះ​ឯង​នៃ ទន្សាយ​ចាំ​ជៃ​វិញ​ម្ដង យើង​បួន​នាក់​ផង នោះ​ទៅ​ច្រូត​ស្បូវ​ហោង​ណា៎ ។ គិត​ស្រេច​ដើរ​ទៅ ទន្សាយ​នោះ​កូវ​វា​ជា ទុក​ក្រៃ​មហិមា ព្រួយ​ចិត្ត​នឹង​ខ្លួន​ពេក​ក្រៃ ។ នឹង​រក​អ្វី​ជា គ្រាន់​ជា​អាហារ​ចំណី សង្វាត​ចាំ​ជៃ រក​អ្វី​ជា​ម្ហូប​គ្មាន​ឡើយ ។ ទន្សាយ​គិត​ឆ្ងល់​នឹក​ទៅ​មិន​យល់​សោះ​ឡើយ ថា​ឱ​អញ​អើយ អញ​បាន​អ្វី​ជា​ម្ហូប​រ៉ា ។ បើ​ច្នោះ​អញ​ល្បង ធ្វើ​តាម​ទំនង​បង​ខ្លា លប​ចាប់​ក្ដាប់​ណា៎ គ្រាន់​បាន​នឹង​យក​មក​ស្ល ។ ទន្សាយ​គិត​ច្នោះ ដើរ​ទៅ​ពួន​ឆ្ពោះ​ធ្វើ​-ក លឹប​ល​ជាក់​ល្អ ប៉ុន​ប៉ង​លប​មើល​ទៅ​ក្ដាន់ ។ ពួន​បន្តិច​ទៅ ឃើញ​សត្វ​នោះ​កូវ​ដាក់​ស្បាន់ ពាន​លើ​សត្វ​ក្ដាន់ ទន្សាយ​រឹង​ព្រួយ​អាត្មា ។ ក្ដាន់​ដើរ​ជិត​មក​ ទន្សាយ​ចាប់​យក​សោះ​សា ក្ដាន់​វា​វ័ធ​ណា៎ ទន្សាយ​នោះ​ដួល​ផ្កាប់​មុខ ។ ទន្សាយ​ដោះ​ឡើង ពេញ​មុខ​ស្រមើង​ពន្លក់​មើល​មុខ​អាក្រក់ ហើយ​លាន់​មាត់​ឯង​ថា​អុះ ។ អញ​ម្ដង​នេះ​ណា៎ ស្លាប់​បង់​អាសា​ខ្លួន​នោះ ឈឺ​ចាក់​ពុង​ពោះ វា​ខ្លោច​វា​ផ្សារ​ពេក​ក្រៃ ។ ឆ្អឹង​ឆ្អែង​ស្ទើរ​បាក់ ខ្ទាំ​គ្រាំ​ញ​ញក់​ណាស់​នៃ ឈើ​ពោះ​ឈឺ​ផ្ទៃ ឈឺ​សព្វ​សរសៃ​ពេក​ណា៎ ។ ទន្សាយ​កំហូច ចំណេះ​បង្ខូច​ខ្លួន​វា អា​ចោរ​ប៉ៃ​អា ខ្លួន​ប៉ុន​ក​ដៃ​ចាប់​ក្ដាន់ ។ រួច​ពី​នោះ​ទៅ ទន្សាយ​នោះ​កូវ​វា​កាន់ កែ​គិត​រន្ថាន់ ព្រួយ​ចិត្ត​ក្រែង​គ្មាន​ម្ហូប​ស៊ី ។ ទន្សាយ​នោះ​កូវ ធ្វើ​មុខ​កញ្ចូវ​ ម្នាម្នី ធ្វើ​ត្រាប់​ភេ​ខ្មី ទៅ​រក​មុជ​ទឹក​គឃរ ។ មុជ​ដល់​ទៅ​ដី លោ​ចាប់​បាន​ត្រី​ខ្ជាប់​ល្អ​ត្រី​វា​នាំ​ជ្រ- មុជ​ទៅ​យូរ​ពេក​ណាស់​ក្រៃ ។ ថប់​ហើយ​ក្រែង​ត្រី ស្ទើរ​ផុត​ជីវី​ក្សិណ​ក្ស័យ ភ្នែក​នោះ​ស​ក្រៃ ហាក់​ដូច​ជា​មុខ​ខ្មោច​ណា៎ ។ ឡើង​មក​ក្រញោន ធ្វើ​ខ្លួន​កុំ​ប្រោន​ដូច​ស្វា មុខ​មាត់​ជ្រីវ​ណា រងា​ញញ័រ​ជើង​ដៃ ។ អង្គុយ​យូរ​ទៅ មាន​កម្លាំង​កូវ​ហើយ​នៃ ព្រួយ​ចិត្ត​ពេក​ក្រៃ ត្បិត​មិន​បាន​ម្ហូប​ហោង ។ អស់​គេ​នោះ​ណា៎ គេ​នៅ​បាន​អាហារ​ផង ស៊ី​មិន​អស់​ហោង វា​ខូច​តែ​អញ​ពេក​ណា៎ ។ អះ​បើ​ច្នោះ​អញ នឹង​ទៅ​ទៀត​មិញ​សោះ​សា ត្រាប់​បង​អក​ណា៎ ក្រែង​លោ​បាន​ដូច​អក​ធ្វើ ។ គិត​ដូច្នេះ​ហើយ ដើរ​ទៅ​កន្តើយ​រក​ឈើ ឡើង​សំកុក​លើ ដូច​អក​នោះ​ឯង​ហោង​ណា៎ ។ ត្រី​បន្លៀក​ទន្សាយ​លោត​តូង​សោះ​សា ចាប់​បាន​ហើយ​ណា៎ ត្រី​នាំ​រត់​ទៅ​ទៀត​ហោង ។ យូរ​ទៅ​បន្តិច វា​ថប់​ស្ទើរ​ដាច់​ខ្យល់​ផង លែង​ត្រី​ជា​ម្ដង ឡើង​ទៅ​អង្គុយ​មាត់​ច្រាំង ។ ភ្នែក​វា-ស​ល្អក់ មើល​មុខ​អាក្រក់​ស្រឡាំងកាំង សម្បុរ​ស​ស្លាំង ហាក់​ដូច​ជា​មុខ​ខ្មោច​ព្រាយ ។ ហើយ​រងា​ញ័រ ទទីទទ័រ​អង្គកាយ ញ័រ​អស់​សព្វ​សាយ រណ្ដំ​ទាំង​ធ្មេញ​កខុប ។ ឱ​អញ​អើយ​អញ មួយ​ដង​នេះ​មិញ​ស្ទើរ​ស្លាប់ បើ​ស្លាប់​ឲ្យ​ឆាប់​ កុំ​ឲ្យ​លំបាក​ច្នេះ​នៃ ។ ពី​នេះ​ត​ទៅ ទន្សាយ​នោះ​កូរ​ប្រៃ​វៃ គិត​វិញ​ទៀត​នៃ បើ​ច្នោះ​អញ​ត្រាប់​មាន់​ណា៎ ។ គិត​ហើយ​ទៅ​យក ឆ្នាំង​សម្ល​មក​ម្នីម្នា យក​មក​ហើយ​ណា៎ ទើប​វា​រៀប​ខ្លួន​ប្រាណ​ណា ។ វាយ​ក​ឆ្នាំង​មក ប្រឹង​ជុះ​បញ្ច្រក​ឆ្នាំង​បាន កន្លះ​មែន​មាន យក​ទៅ​ចម្អិន​ស្រេច​ការ ។ ចម្អិន​រួច​ស្រេច ហើយ​វា​ក្រឡាប់​ម្នីម្នា ដេក​ធ្វើ​ដូច​ជា គ្រុន​ញាក់​ញញី​ញញ័រ ។ អស់​អ្នក​ច្រូត​ស្បូវ លុះ​ល្ងាច​មក​កូវ​ទទ័រ ដណ្ដឹង​ញញ័រ ថា​វ៉ើយ​អើយ​បង​ទន្សាយ ។ ឯង​បាន​របស់​អ្វី ធ្វើ​ម្ហូប​ចំណី​ស៊ី​បាយ រីឯ​ទន្សាយ​ធ្វើ​ជា​ញ័រ​មាត់​ឆ្លើយ​វៃ ។ ថា​ឱ​អ្នក​អើយ ខ្ញុំ​នេះ​គ្រុន​ហើយ​ណាស់​នៃ ស្ទើរ​ស្លាប់​ពេក​ក្រៃ ខ្ញុំ​មិន​បាន​ម្ហូប​អ្វី​ឡើយ ។ ខ្ញុំ​ខំ​បន្ទោះប្រហុក​នៅ​នោះ​អ្នក​អើយ ឆ្អិន​រួច​អស់​ហើយ ចូរ​អ្នក​នាំ​គ្នា​ស៊ី​ហោង ។ អ្នក​ទាំង​បួន​នោះ មិន​ដឹង​ខ្លួន​សោះ​ជា​ម្ដង ជឿ​ទន្សាយ​ហោង ថា​ជា​ប្រហុក​មែន​ណា៎ ។ នាំ​គ្នា​រចល់​ស៊ី​បាយ​រវល់ គ្រប់​គ្នា​ខ្លះ​ហៅ​វ៉ើយ​អា ទន្សាយ​មក​ស៊ី​ឬ​ទេ ។ ទន្សាយ​ឮ​ជាក់ ធ្វើ​ជា​ញ័រ​ញាក់​ប្រាប់​គេ​ថា​ឱ​មេ ៗ គ្នា​គ្រុន​គ្នា​ស្រៀវ​ណាស់​ហោង ។ ចូរ​អ្នក​ស៊ី​ចុះ ទាំង​៤​នាក់​នោះ​ជា​ម្ដង កុំ​ថា​អញ​ហោង អញ​នេះ​ឈឺ​ខ្លាំង​ណាស់​នៃ ។ ភេ​មាន់​អក​ខ្លា បបួល​គ្នី​គ្នា​វៃ ៗ ស៊ី​បាយ​រួច​នៃ ទាល់​ឆ្អែត​មិន​ដឹង​ខ្លួន​សោះ ។ ឯ​អា​ទន្សាយ ពុត​ខិល​រាយ​មាន​ខូច​ស្មោះ ដល់​គេ​ស៊ី​អស់ រួច​គាត់​ដោះ​ឡើយ​ឆាប់​ផាង ។ គាត់​ឈរ​ហើយ​ស្ទឹម ចង្កេះ​ញញឹម​ក្អេង​ក្អាង ថា​វ៉ើយ​អា​ឃ្នាង ម្ដេច​អា​មក​ស៊ី​អាចម៍​អញ ។ ភេ​មាន់​អក​ខ្លា ភ្ញាក់​ខ្លួន​គ្រប់​គ្នា​ហើយ​ក្នាញ់ ជា​ទុក្ខ​ទោ​ម្នេញ គ្រប់​គ្នា​ទី​ទៃ​ពេក​ណា៎ ។ ថា​វ៉ើយ​គ្នា​យើង ចូរ​ឯង​ឆាប់​ឡើង​ម្នីម្នា ដេញ​វាយ​ប៉ៃ​អា ដក​ទង​ចោរ​ខូច​នេះ​ហោង ។ ម្ដេច​អា​កុហក ឲ្យ​យើង​ស៊ី​លាមក​ជា​ម្ដង នៃ​វ៉ើយ​ឆាប់​ហោង ដេញ​វាយ​អា​ចោរ​នេះ​ណា៎ ។ ថា​ហើយ​ដេញ​ទៅ ទន្សាយ​នោះ​កូវ​មិញ​វា ចូល​ព្រៃ​ព្រឹក្សា រក​ពុំ​ឃើញ​វា​ឡើយនៃ ។ ទាំង​អស់​គ្នា​ដេញ មិន​ទាន់​វិល​វិញ​វៃ ៗ វិល​មក​ឆាប់​ព្រៃ ដល់​ហើយ​អង្គុយ​ជុំ​គ្នា ។ ទន្សាយ​នោះ​នៃ រត់​ចូល​ក្នុង​ព្រៃ​សោះ​សា វិល​មក​វិញ​ណា៎ នៅ​ជា​មួយ​គ្នា​ឯង​ហោង ។ ភេ​មាន់​អក​ខ្លា ឃើញ​ទន្សាយ​មក​ជា​ម្ដង​ រសាយ​ខឹង​ហោង​យក​វា​ជា​គ្នា​វិញ​ណា ។ បទ​ពំនោលកាល​នោះ​ភេ​មាន់​ខ្លា ទន្សាយ​នោះ​ណា ច្រូត​ស្បូវ​បាន​សព្វ​គ្រប់​ហោង ។ ហើយ​មក​គិត​គ្នា​អឺងកង ធ្វើ​ម្ដេច​រួច​ហោង ដឹក​ស្បូវ​ទៅ​ផ្ទះ​យើង​ណា៎ ។ ទន្សាយ​វា​ធ្វើ​ទៅ​ថា មាន​តែ​បង​ខ្លា ខ្លួន​គាត់​នេះ​ធំ​ល្អ​ណាស់ ។ ភេ​ស្ដាប់​ទន្សាយ​ឆ្លើយ​ឆ្លាស់ ធ្វើ​ថា​គួរ​ណាស់ ខ្លា​គាត់​មាន​មាឌ​ធំ​ល្អ​ជា ។សម​នឹង​អូស​ស្បូវ​យើង​ប្រា- កដ​មិន​ទេ​ណា៎ ខ្លា​នោះ​ឥត​ប្រកែក​ឡើយ ។ ទើប​រក​រៀប​ផ្ទុក​ស្បូវ​ហើយ ឥត​មាន​សល់​ឡើយ ដាក់​លើ​ខ្នង​ខ្លា​នោះ​នៃ ។ អ្នក​ខ្លះ​ស្រែក​ទៅ​ថា​វ៉ី យក​ចាន​ក្បាន​ថ្មី នូវ​អស់​វែក​ឆ្នាំង​នោះ​ណា៎ ។ យក​មក​ដាក់​លើ​ខ្នង​ខ្លា ឆាប់​ឡើង​ម្នីម្នា ហើយ​យក​ដែក​ភ្លើង​មក​ផង ។ រៀប​ស្រេច​ហើយ​មក​ដាក់​ហោង សព្វ​គ្រប់​ម៉ត់ម៉ង ឥត​មាន​ភ្លេច​អ្វី​ឡើយ​ណា៎ ។ កាំ​បិត​កាន់​ឲ្យ​គ្រប់​គ្នា កណ្ដៀរ​ផង​រ៉ា យក​មក​សៀត​ក្នុង​ស្បូវ​ហោង ។ រៀប​ស្រេច​មក​គិត​គ្នា​កង បាន​នរណា​ហោង​នឹង​ជិះ​លើ​ខ្នង​បង​ខ្លា ។ អ្នក​ឆ្លាស់​ឆ្លើយ​ទៅ​វិញ​ថា ឲ្យ​ទន្សាយ​វា នោះ​វា​គ្រាន់​ជា​អ្នក​បរ ។ ទន្សាយ​នោះ​ស្ដាប់​ហើយ​អរ គេ​ឲ្យ​អញ​បរ អញ​ខ្ជិល​ដើរ​ពេក​ណាស់​ហោង ។ ទន្សាយ​គិត​ដូច្នោះ​ជា​ម្ដង លោត​ឡើង​លើ​ខ្នង ខ្លា​នោះ​បរ​ទៅ​ឯង​នៃ ។ ទន្សាយ​បរ​ទៅ​វៃ ៗ ឆ្ងាយ​បន្តិច​នៃ ហើយ​យក​ដែក​ភ្លើង​មក​វាយ ។ ឮ​តែ​ច្រឹកៗ ពព្រាយ​ខ្លា​សួរ​ទន្សាយ ថា​វ៉ី​បង​ទន្សាយ​ហា៎ ។ ឮ​អ្វី​ច្រឹកៗ​សោះ​សា ទន្សាយ​ឆ្លើយ​ថា ចាន​វា​រណ្ដំ​នឹង​គ្នា ។ ខ្លា​ជឿ​ដើរ​ទៅ​ទៀត​ណា៎ ទន្សាយ​នោះ​វា លូក​យក​ដែក​ភ្លើង​ពី​ខ្នង ។ មក​វាយ​ទៀត​តែ​បី​ដង ហើយ​ឆេះ​ជា​ម្ដង ប្រឹង​ផ្លុំ​ឲ្យ​វា​ឆេះ​ឆាប់ ។ ឆេះ​ហើយ​វា​ដាក់​ទៅ​ផ្ទាប់ ខាង​ស្បូវ​ប្រញាប់ ភ្លើង​នោះ​ផ្ដួច​ឆេះ​ឡើង​ផង ។ ទន្សាយ​លោត​ចេញ​ជា​ម្ដង រត់​ខ្មាញ់​ទៅ​ហោង ទៅ​ឡើង​លើ​ដើម​សង្ឃ័រ ។ ផ្សា​ដោយ​ខ្លួន​ភិត​ញញ័រ ឡើង​ទៅ​ទទ័រ បេះ​ផ្លែ​សង្ឃ័រ​ស៊ី​ហោង ។ ឯ​ខ្លា​នោះ​ខ្លាំង​កន្លង ដល់​វា​ក្ដៅ​ខ្នង រលាស់​ខ្ចាត់​ខ្ចាយ​ចេញ​ណា ។ ឯ​ខ្នង​រលាក​ក្ដៅ​ផ្សា ចាប់​ពើត​ពេក​ណា ស្រែក​ឮ​រលូង​ទាំង​ព្រៃ ។ ក្នុង​ចិត្ត​ខឹង​ណាស់​ពេក​ក្រៃ នឹង​ទន្សាយ​នៃ ខំ​រត់​ទាំង​ឈឺ​តាម​ទៅ ។ វា​ស្រែក​រលូង​ពេក​កូវ ខំ​រត់​តាម​ទៅ ទាន់​ទន្សាយ​នៅ​សង្ឃ័រ ។ ផ្សា​ដោយ​ចិត្ត​ខឹង​ហើយ ឥឡូវ​នេះ​ឯង​ហោង​ណា៎ ។ អា​ចោរ​ដក​ទង​ប៉ៃ​អា អញ​រក​ទេ​ណា៎ ឥឡូវ​អញ​ឃើញ​ហើយ​នៃ ។ អញ​ចាប់​កាច់​ក​ឲ្យ​ក្ស័យ ជីវិត​ហើយ​នៃ សឹម​អញ​ទំពា​លេច​ណា៎ ។ ទន្សាយ​ស្ដាប់​ហើយ​ឆ្លើយ​ថា ជេរ​ថា​ប៉ៃ​អា ដក​ទង​ចង្រៃ​ចោរ​លាញ ។ អញ្ជើញ​អា​មក​ចាប់​ទាញ អញ​ទៅ​អម្បាញ បើ​ថា​ខ្លួន​អា​មិន​ស្លាប់ ។ ទេពតា​លោក​ចុះ​មក​ប្រាប់​ឲ្យ​អញ​ឡើង​ចាប់ បូត​ស្លឹក​សង្ឃ័រ​ស៊ី​ហោង ។ អញ្ជើញ​អា​មក​ចាប់​លង មិន​ក្រែង​ជា​ម្ដង លោក​ជា​ទេពតា​នោះ​នៃ ។ បើ​អា​មិន​មាន​ទុក្ខ​ភ័យ លុះ​ដល់​ខ្លួន​ក្ស័យ​ជាង​ភ្លើង​រលាក​នោះ​ណា៎ ។ ក្រែង​មិន​ជឿ​អញ​លង​អា ចាប់​អញ​ស៊ី​ជា អាហារអា​នោះ​ឯង​នៃ ។ បើ​អា​មិន​មាន​ទុក្ខ​ភ័យ ស្លាប់​ហើយ​ធ្លាក់​ឰ នរក​ធ្ងន់​ជ្រៅ​ក្ដាត់​ណា៎ ។ ខ្លា​ស្ដាប់​ទន្សាយ​ចរ​ចារ ហាក់​មែន​ដូច​ថា លោម​វា​ម្ដង​នេះ​ឯង​នៃ ។ ក្សិណ​នោះ​ឯ​ខ្លា​ស្រដី ថា​នៃ​លេង​អ្វី ទន្សាយ​អញ​ចូល​លេង​ផង ។ ទន្សាយ​ស្ដាប់​ជាក់​ហើយ​ហោង អញ​នៅ​ជា​ម្ដង អា​នឹង​មក​ស៊ី​អញ​ណា៎ ។ ខ្លា​ស្ដាប់​ហើយ​ឆ្លើយ​ទេ​អា អញ​ហ៊ាន​ស្បថ​ណា៎ កុំ​ឲ្យ​ព្រះ​ប្រោស​អញ​ហោង ។ ទន្សាយ​ជឿ​ខ្លា​កន្លង ថា​បើ​ច្នោះ​ហោង​ បង​ឯង​ឡើង​មក​ប្រញាប់ ។ បើ​បង​ឡើង​មក​ចង់​ស- ប្បាយ​បង​បូត​ចាប់ អំពី​គល់​ឡើង​ខ្លាំង​ក្លា ។ ទន្សាយ​បង្គាប់​នោះ​ណា៎ វា​យល់​បន្លា សង្ឃ័រ​នោះ​កោង​ចុះ​ខ្មី ។ ទើប​ឯ​ទន្សាយ​នោះ​នៃ ប្រឹង​ប្រែង​ជើង​ដៃ លោត​ចុះ​បើក​ខ្លា​ឡើង​ទៅ ។ ទន្សាយ​រត់​ទៅ​សំដៅ​ពាន​លើ​វល្លិ​នៅ វល្លិ​នោះ​ជា​តោង​ល្អ​ក្រៃ ។ ឃើញ​ហើយ​ឡើង​ឆាប់​វៃ ៗ អង្គុយ​លើ​នៃ​ហើយ​វា​យោល​ជា​ទោង​លេង ។ ឯ​ខ្លា​នោះ​នៅ​តែ​ឯង ឥត​កោត​ឥត​ក្រែង បូក​ស្លឹក​សង្ឃ័រ​លេង​ហោង ។ ទើប​ខ្លា​ក្ដាប់​ខ្ជាប់​ជា​ម្ដង បូក​ពី​ដើម​ហោង វា​មុត​ដៃ​នោះ​អស់​ណា៎ ។ ចាប់​ពើត​បង្កើត​ឈឺ​ផ្សា លោត​ចុះ​ដេញ​អា ទន្សាយ​រត់​ខ្មាញ់​ទៀត​ទៅ ។ ដល់​ឃើញ​ទន្សាយ​នោះ​នៅ លើ​វល្លិ​នោះ​កូវ ថា​អា ៗ​នៅ​នេះ​ហើយ ។ អា​បញ្ឆោត​អញ​ព្រងើយ អា​មក​កន្តើយ នៅ​នេះ​ទេ​ណា៎​ឯង​នៃ ។ អញ​ដើរ​រក​ងា​ពេក​ក្រៃ ឥឡូវ​នេះ​នៃ ប្រទះ​នឹង​អា​ហើយ​ហោង​។ ទន្សាយ​ស្ដាប់​ហើយ​ឆ្លើយ​ស្នង ជេរ​វិញ​រំពង ថា​អា​ធ្វើ​អ្វី​អាចម៍​អញ ។ ទេពតា​ទេព្រក្ស​ស្រឡាញ់​អញ​ណា៎​ទើប​អញ លោក​ឲ្យ​អញ​យោល​ទោង​លេង ។ លោក​យល់​អញ​ចេះ​កំប្លែង លោក​ឲ្យ​អញ​លេង លោក​នឹង​ទ្រង់​ព្រះ​សណ្ដាប់ ។ រីឯ​អា​ខ្លា​នោះ​ស្ដាប់ ជាក់​ហើយ​ក្រឡាប់ រំសាយ​ខឹង​នោះ​ចេញ ។ អង្វរ​ទន្សាយ​នោះ​វិញ ទន្សាយ​ឲ្យ​អញ​យោល​ទោង​លលេង​ផង​រ៉ា ។ ទន្សាយ​ថា​អញ​ឆោត​ណា៎ អា​នឹង​ទំពា ក្បាល​អញ​ឥឡូវ​នេះ​ឯង ។ ខ្លា​ថា​វ៉ី​អើយ​កុំ​ក្រែង​ អញ​ស្បថ​ឲ្យ​ឯង កុំ​ឯង​បារម្ភ​ឡើយ​ណា៎ ។ ទន្សាយ​បាន​ស្ដាប់​ជឿ​ប្រាកដ​ហើយ​ថា​អា ឡើង​មក​យោល​លេង​ចុះ​ហោង ។ អញ​ប្រាប់​បង​ឯង​ជា​ម្ដង បង​មាន​យោល​លង បង​យោល​ឲ្យ​ខ្លាំង​សោះ​សា ។ នោះ​ទើប​លោក​ទេពតា រឹង​ចូល​ចិត្ត​ជា ស្រឡាញ់​បង​ឯង​ពេក​ក្រៃ ។ ទន្សាយ​ថា​ច្នោះ​វៃ ៗ ចុះ​មក​ដល់​ដី ហើយ​ខ្លា​ឡើង​ទៅ​យោល​ហោង ។ ទន្សាយ​រត់​ខ្មាញ់​ជា​ម្ដង ឆ្ងាយ​ក្រៃ​កន្លង ឃើញ​ឫស្សី​សង្កៀត​គ្នា ។

នេះ​យើង​ស្រដី​ឯ​ខ្លា វា​យោល​ទោង​ណា​ ខ្លាំង​ឡើង ៗ​ពេក​ក្រៃ ។ ដាច់​វល្លិ​ទោង​នោះ​ហើយ​នៃ ធ្លាក់​មក​ដល់​ដី​ ដូច​គេ​សសុក​អស់​អង្គ ។ មើល​ទៅ​ភ្នែក ​ស្លើត​ស្លង់​ ខំ​ប្រឹង​ឈរ​ត្រង់ កខ្វេសកខ្វាស​មិងមាំង ។ យូរ​បន្តិច​មាន​កម្លាំង រត់​ទៅ​នឹង​ទាំង ផ្សា​ដោយ​ចិត្ត​ខឹង​ណាស់​ណា ។ រត់​ទៅ​បន្តិច​ឃើញ​អា ទន្សាយ​នោះ​ណា៎ នៅ​លើ​ដើម​ឫស្សី​ហោង ។ ឃើញ​ហើយ​ថា​អា​ដក​ទង អា​នៅ​នេះ​ហោង​អា​ស្លាប់​ឥឡូវ​នេះ​នៃ ។ ទន្សាយ​ស្ដាប់​ហើយ​ថា​ប៉ៃ អា​ចោរ​ចង្រៃ អា​ឃើញ​អញ​ធ្វើ​អម្បាញ់ ។ ទេពតា​ទេព្រក្ស​ស្រឡាញ់​ ទើប​លោក​ឲ្យ​អញ លេង​ភ្លេង​នៅ​នេះ​ឯង​ហោង ។ លោក​យល់​អញ​ចេះ​កន្លង ត្រង់​ភ្លេង​ភ្លាត់​ផង នោះ​ទើប​លោក​ឲ្យ​លេង​ថ្វាយ ។ ខ្លា​ស្ដាប់​ថា​ឱ​ម៉ែ​អាយ មែន​ដឹង​អ្នក​អាយ ហាក់​ជា​ពីរោះ​ក្ដាត់​ណា ។ ខ្លា​លោម​ទន្សាយ​ហើយ​ថា វ៉ី​អើយ​ឲ្យ​គ្នា លេង​ផង​នឹង​ឯង​បាន​ទេ ។ ទន្សាយ​ស្ដាប់​ហើយ​ថា​មេ អញ​មិន​ឆោត​ទេ ឯង​មក​នឹង​ខាំ​អញ​នៃ ។ ខ្លា​ស្ដាប់​ជាក់​លាក់​ថា ហៃ​នៃ​វ៉ី​កុំ​ភ័យ អញ​មិន​ចង​ទោស​ឡើយ​ណា ។ អញ​ស្បថ​ឲ្យ​លោក​អ្នក​តា​កាច់​អញ​ណា៎ ឥឡូវ​នេះ​ឯង​ពិត​ហោង ។ ទន្សាយ​ស្ដាប់​ជាក់​ជា​ម្ដង បើ​ច្នោះ​ចូរ​បង ខ្លា​ឯង​ឡើង​មក​ចុះ​ណា៎ ។ អញ​ចង់​នឹង​ផ្ដាំ​បង​ខ្លា ត្បិត​អញ​នេះ​ណា៎ លេង​ភ្លេង​ពីរោះ​ប៉ុណ្ណេះ ។ បើ​បង​មក​លេង​ភ្លេង​នេះ ក្រែង​បង​មិន​ចេះ អញ​ប្រាប់​បង​ឯង​ឲ្យ​ជាក់ ។ ដល់​ខ្យល់​បក់​មក​រអាក់ កន្ទុយ​ដាក់ ក្នុង​ឈើ​សង្កៀត​នោះ​ហោង ។ រឹង​ជា​ពីរោះ​កន្លង លើស​លែង​អញ​ហោង ទេពតា​រឹង​ជា​ស្រឡាញ់ ។ ទន្សាយ​ផ្ដាំ​ហើយ រត់​ខ្មាញ់ ដូច​គេ​ត្របាញ់ ទៅ​ឆ្ងាយ​នោះ​ពេក​ណាស់​ហោង ។ ពាន​លើ​ឪម៉ាល់​ធំ​ផង វា​ដេក​ថ្ងៃ​ហោង បេះ​យក​ស្លឹក​ឈើ​ចុក​រន្ធ ។ ចុក​ស្រេច​ហើយ​វា​អរ​លន់ យក​ដៃ​វា​ទន់ ទះ​វាយ​ធ្វើ​ភ្លេង​ជា​ល្បែង ។ ឯ​មេ​ឪម៉ាល់​នោះ​ឯង ផ្អើល​ក្នុង​ក្រៃ​លែង វា​ចេញ​មិន​រួច​សោះ​សា ។ ពោល​នោះ​ទន្សាយ​នោះ​វា ទះ​លេង​មហិមា ឮ​តែ​កន្ទ្រុប​អ្វីៗ ។

រីឯ​ខ្លា​នោះ​មូទូ ស្រដី​អ៊ូ ៗ ធ្វើ​តែ​ម្នាក់​ឯង​ហោង​ណា៎ ។ ឡើង​ទៅ​ធ្វើ​ដូច​ពាក្យ​អា ទន្សាយ​នោះ​ណា ដល់​ខ្យល់​បក់​មក​នោះ​នៃ ។ យក​កន្ទុយ​ដាក់​រៃ ៗ វា​ត្បៀត​ខ្លាំង​ក្រៃ ស្រែក​រោទ៍​រំពង​សោះ​សា ។ ស្ទុះ​ស្ដែង​ខះ​ខែង​តក្កមា រួច​ហើយ​ម្នីម្នា លោត​ចុះ​ចេញ​ទន្សាយ​ទៀត ។ រត់​តាម​ទៅដល់​បៀត​ឃើញ ទន្សាយ​ទៀត ហើយ​ស្រែក​រំពង​ទៅ​ថា ។ អា​ចោរ​នៅ​នេះ​ហើយ​ណា៎ ស្ដាប់​ម្ដង​នេះ​ប្រា- កដ​ឯង​មិន​ទេ​ឡើយ​នៃ ។ ទន្សាយ​បែរ​ហើយ​ស្រដី ស្លាប់​អាចម៍​អញ​នៃ ធ្វើ​ម្ដេច​អា​នឹង​បាន​អញ ។ ទេពតា​ទេព្រក្ស​ស្រឡាញ់ ទើប​លោក​ឲ្យ​អញ លេង​ភ្លេង​ថ្វាយ​លោក​ប្រក្រតី​។ ខ្លា​ស្ដាប់​ហើយ​ធ្វើ​ថា​វ៉ី គ្នា​លេង​ផង​វ៉ី គ្រាន់​បាន​ជា​ពីរ​នាក់​ណា៎ ។ ទន្សាយ​ស្ដាប់​ហើយ​ឆ្លើយ​ថា អញ​ឆោត​ឲ្យ​អា មក​ហើយ​អា​នឹង​ខាំ​អញ ។ ខ្លា​ថា​ទេ​វ៉ើយ​សម្លាញ់ គ្នា​មិន​ច្នោះ​មិញ នោះ​គ្នា​ហ៊ា

ន​ស្បថ​នឹង​ឯង ។ ត្រង់​ចិត្ត​ខឹង​នោះ​គ្នា​លែង ចេញ​ហើយ​កុំ​ក្រែង រអែង​ត្រង់​នេះ​ឡើយ​ណា៎ ។ ទន្សាយ​ជឿ​ហើយ​ហៅ​ថា មក​ចុះ​បង​ខ្លា ឡើង​មក​អញ​ផ្ដាំ​បង​ឯង ដល់​បង​នឹង​វាយ​ ជា​ភ្លេង បង​វាយ​កុំ​ក្រែង រអែង​ខ្លាច​អ្វី​ឡើយ​ណា៎ ។ ដៃ​បង​ធ្ងន់​ក្រៃ​មហិមា វាយ​ឲ្យ​ខ្លាំង​ណា៎ នោះ​រឹង​ជា​ពីរោះ​ហោង ។ ទន្សាយ​ភិត​ភ័យ​កន្លង រត់​មើល​ក្រោយ​ហោង ស្រាប់​តែ​ធ្លាក់​ក្នុង​អណ្ដូង ។ ឯ​ខ្លា​យក​ដៃ​ទះ​ផូង ឮ​តែ​តូង ៗ ធ្លាយ​សំបុក​ឪម៉ាល់​ណា ។ វា​រោម​ចោម​ខ្លាំង​មហិមា ខ្លា​លោត​ស្រែក​ថា ម៉ែ​អើយ​អញ​ស្លាប់​នេះ​ម្ដង ។ ហើយ​ស្រែក​យំ​កង​រំពង ខ្លាំង​ក្រៃ​ពេក​ហោង ស្ទុះ​លោត​ស្ទើរ​តែ​មិន​ទាន់ ។ ចុះ​មក​ដល់​ដី​វា​កាន់ តែ​ឈឺ​រន្ថាន់ ពើត​ចាប់​រមូល​មែន​មួន ។ ឈឺ​ចាប់​ញ័រ​អស់​ទាំង​ខ្លួន ខ្លាំង​ក្រៃ​ផ្ទួនៗ ពី​ព្រោះ​ទ្រនិច​ច្រើន​ណាស់ ។ លុះ​ស្រាក​គ្រាន់​បន្តិច​ច្បាស់​រត់​តាម​រហ័ស ទន្សាយ​នោះ​ទៅ​ទៀត​ហោង ។ តាម​បន្តិច​ទៅ​ជា​ម្ដង ឃើញ​ទន្សាយ​ហោង ធ្លាក់​ក្នុង​អណ្ដូង​នោះ​ណា៎ ។ ស្រមៀន អៀន​ប្រៀន​ឃើញ​ខ្លា មុខ​ដូច​ខ្មោច​ណា៎ មមីស​ក្នុង​អណ្ដូង​ខ្មី ។ ខ្លា​ឃើញ​ធ្លាក់​ហើយ​ស្រដី អាណា​នេះ​វ៉ី អា​ស្លាប់​ម្ដង​នេះ​ឯង​ណា៎ ។ ទន្សាយ​ថា​វ៉ី​ប៉ៃ​អា គិត​ឯង​អញ​ណា៎ អញ​នៅ​ក្នុង​អណ្ដូង​ហោង ។ គិត​តែ​អា​ឯង​ជា​ម្ដង នៅ​លើ​នោះ​ហោង ក្រែង​មេឃ​រលំ​សង្កត់ ។ ល្អិត​ដូច​គេ​បែន​គេ​បត់ បាក់​ឆ្អឹង​ខ្ទេច​ម៉ដ្ឋ ក្សិណ​ក្ស័យ​ជីវិត​មរណ​ហោង ។ ខ្លា​ស្ដាប់​ហើយ​គិត​កន្លង ភ័យ​ណាស់​ជា​ម្ដង លោត​ចុះ​ក្នុង​អណ្ដូង​ណា៎ ។ ត្រូវ​ជា​ពីរ​នាក់​នឹង​ខ្លា ទន្សាយ​នោះ​ណា៎ ស្រមៀន​ក្នុង​អណ្ដូង​ហោង ។ ទន្សាយ​គិត​ឯង​កន្លង ធ្វើ​ម្ដេច​អញ ហោង នឹង​បាន​ឡើង​រួច​ទៅ​លើ ។

ទន្សាយ​រក​កល​កិច្ច​ធ្វើ នឹង​ខ្លា​ចាក់​មើល ចង់​ឲ្យ​ខ្លា​ចាប់​ចោល​ទៅ ។ គិត​ច្នោះ​យក​ដៃ​នោះ​កូវ ចាប់​ខ្លា​នោះ​ត្រូវ ចង្កេះ​ខ្លា​លោត​ប៉ផ្លោត ។ ខ្លា​ថា​អា​ចោរ​គេ​ដោត អា​ខូច​កញ្ឆោត ម្ដេច​មិន​គិត​ខ្លួន​នឹង​ស្លាប់ ។ បើ​ឥត​គំនិត​អញ​ចាប់ បោះ​ឡើង​លើ​ឆាប់​នឹង​ស្លាប់​មេឃ​រលំ​ហោង ។ ទន្សាយ​នឹង​អរ​កន្លង ពាន​ចំណុច​ផង រឹង​ជា​ចាក់​ណាស់​សោះ​សា ។ ខ្លា​ខឹង​ច្រើន​ដង​ច្រើន​គ្រា អត់​ពុំ​បាន​ណា៎ ក៏​ចាប់​ទន្សាយ​ចោល​ព្រួច ។ ទន្សាយ​ថា​ឱ​អញ​រួច នឹក​អរ​ព្រួច ៗ អញ​បាន​រួច​ពី​ទុក្ខ​ហោង ។ ទើប​ទន្សាយ​ស្រែក​រំពង ហោង​អ្នក​ស្រុក​ផង ឲ្យ​មក​ចាក់​ចាប់​ខ្លា​ព្រៃ ។ វា​ធ្លាក់​ក្នុង​អណ្ដូង​នៃ អ្នក​អើយ​វៃ ៗ យក​ដាវ​លំពែង​និង​ស្នា ។ ឯ​ឆ្កែ​កុំ​យក​មក​ណា៎ យក​តែ​ធ្នូ​ស្នា លំពែង​កាំ​ភ្លើង​នោះ​ហោង ។ ទន្សាយ​គិត​ពេក​កន្លង កុំ​យក​ឆ្កែ​ហោង នោះ​ក្រែង​ឆ្កែ​ខាំ​ខ្លួន​វា ។ ទន្សាយ​ប្រាប់​គេ​ហើយ​ណា៎​ រួច​រត់​ទៅ​ប្រាកដ​ឆ្ងាយ​ណាស់​ពេក​កន្លង ។ រី​អស់​អ្នក​ស្រុក​អឺងកង ហៅ​គ្នា​រំពង ឲ្យ​យក​កាំ​ភ្លើង​ធ្នូ​ស្នា ។ ហើយ​នាំ​គ្នា​ដើរ​ម្នីម្នា កាន់​គ្រឿង​គ្រប់​គ្នា មក​ចាក់​ខ្លា​នោះ​ស្លាប់​ហោង ។

(កម្លាំង​កាយ​ទុក​ថា​គ្រាន់​បើ ក៏​មក៏មិនស្មើកម្លាំងប្រាជ្ញា)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print