លោក Marcelo Crivella អភិបាលក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទដឹកនាំក្រុមជនល្មើស ទទួលសំណូក ពុករលួយ…។
សារព័ត៌មាន ABCNews បានដកស្រង់សម្តីរបស់មន្ត្រីប្រេស៊ីលកាលពីថ្ងៃទី២២ខែធ្នូបានឲ្យដឹងថាលោក Marcelo Crivella រងការចោទប្រកាន់ពីបទនៅពីក្រោយក្រុមបងធំ និងប្រព្រឹត្តអំពើពុករលួយ។ ការចាប់ខ្លួន ធ្វើឡើងមុនប៉ុន្មានថ្ងៃប៉ុណ្ណោះដែលលោកត្រូវបញ្ចប់តំណែងនៅឆ្នាំក្រោយ។
លោក Marcelo Crivella អាយុ ៦៣ឆ្នាំ ជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីJair Bolsonaro ។ ក្រៅពីលោកMarcelo Crivella នៅមានមនុស្ស២៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទពុករលួយគឺជាមន្ត្រីដែលមានមុខមាត់នៅក្នុងសង្គមនៃទីក្រុង Rio de Janeiro។
អភិបាលក្រុង Rio de Janeiro បានលើកឡើងថា ការចាប់ខ្លួនរូបលោកគឺជារឿងមិនយុត្តិធម៌។ លោក Marcelo Crivella បានបញ្ជាក់ថា «ខ្ញុំជាអភិបាលរដ្ឋដែលខិតខំតស៊ូប្រឆាំងអំពើពុករលួយនៅទីក្រុងRio de Janeiro»។
ការស្រាវជ្រាវលើរូបលោក Marcelo Crivella ចាប់ពីឆ្នាំ២០១៩ ហើយកាលពីខែកញ្ញាឆ្នាំ២០២០ ប៉ូលិសបានទៅឆែកផ្ទះរបស់លោកដើម្បីរកភស្តុតាងបន្ថែម។ ក្រុមរដ្ឋអាជ្ញាបានរកឃើញភស្តុតាងជាច្រើនថាលោកជាអ្នកដឹកនាំក្រុមជនល្មើស នៅក្នុងអគារការិយាល័យក្រុងតែម្តងតាំងពីឆ្នាំ២០១៧មក៕
រូបភាព៖ Getty Images