ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅវរសេនាតូចលេខ៥៤ នៃបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ( បន្ទាយព្រែកហូរ ) ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញបញ្ជូនសារ កងទ័ពជើងគោក ប្រចាំ ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក ។
ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានគូសបញ្ជាក់ថា ជំនាញបញ្ជូនសារជាជំនាញមួយដ៏សំខាន់នៅក្នុងចំណោមបណ្តាជំនាញដ៏ទៃផ្សេងទៀត ហើយជំនាញនេះក៏ជាតម្រូវការចាំបាច់សម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចជាសម្រាប់ទាក់ទង តភ្ជាប់គ្នាជាអចិន្ត្រៃយ៍ ពីស្ថាប័នមួយទៅស្ថាប័ន មួយទៀត ដែលបម្រើឲ្យការទាក់ទង ផ្តល់ព័ត៌មាន ក៏ដូចជាសហប្រតិបត្តិការដឹកនាំបញ្ជាក្នុងពេលត្រៀមប្រយុទ្ធ និងរាល់ករណីធ្វើសកម្មភាពផ្សេងៗទៀត ក្នុងវិស័យកងទ័ព។ ឯកឧត្តម បានបន្ថែមទៀតថា វគ្គបំប៉នជំនាញបញ្ជូនសារនេះដែរ ក៏បានផ្តល់ចំណេះដឹង ចំណេះធ្វើពិតប្រាកដ ព្រមទាំងបានពង្រឹងសមត្ថភាព ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សទាំងបរិមាណ និងគុណភាពស្របតាមភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ។
ក្នុងនាមលោក មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានថ្លែងកោតសរសើរចំពោះលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានបញ្ជូនសារ សិក្ខាកាម និងសហការីទាំងអស់បានខិតខំបំពេញភារកិច្ចបានល្អរហូតធ្វើឲ្យវគ្គនេះបានបញ្ចប់តាមការគ្រោងទុក និងទទួលបានលទ្ធផលផ្លែផ្កា ។
មេបញ្ជាការរង កងទ័ពជើងគោក បានបន្តទៀតថា ស្ថិតក្នុងតំណាក់កាលប្រទេសជាតិកំពុងមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាមហាសេនសបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ រីឯកងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ព្រមទាំងជាកម្លាំងស្នូល រឹងមាំក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាកម្លាំងអន្តរាគមន៍លឿន រហ័សចុះជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុដូចជា ខ្យល់ព្យុះ ខ្យល់កន្រ្ទាក់ ទឹកជំនន់ និងគ្រោះអគិ្គភ័យជាដើម។
ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ក៏បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ ពេលវិលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងទៅប្រើប្រាស់ឲ្យចំគោលដៅ និងស្របតាមតួនាទីភារកិច្ចចំពោះមុខដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកប្រគល់ជូន និងផ្តល់ទំនុកចិត្ត។
តាមរបាយការណ៍ដែលផ្តល់ដោយឧត្តមសេនីយ៍ទោ ប៊ូ វណ្ណារក្ស នាយសេនាធិការង មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារកងទ័ពជើងគោកប្រចាំឆ្នាំ២០២០ ដែលបានដំណើរការបិទនាពេលនេះ មានសិក្ខាកាមសរុបចំនួន ៦៨ នាក់ មកពីកងឯកភាព ស្ថាប័នចំណុះកងទ័ពជើងគោក រយៈពេលហ្វឹកហ្វឺនរៀនសូត្រចំនួន ០៣ខែ លើខ្លឹមសារ យោធារួម អប់រំចិត្តសាស្ត្រ និងជំនាញបញ្ជូនសារ។ លទ្ធផលក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ៤២នាក់ និទ្ទេសល្អបង្គួរចំនួន ២៥នាក់៕