ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យកន្លែងនិងសួរសុខទុក្ខ
ពលរដ្ឋចំណាកស្រុកមកពីក្រៅប្រទេសដែលសម្រាកតាមដានសុខភាពនៅមណ្ឌលចត្តាឡីស័កថ្មីកម្រិត២
នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកស្ថិតនៅភូមិក្រញុង ឃុំមុខដាស្រុករមាសហែក ខេត្តស្វាយរៀងនារសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឱ្យដឹងថា ពលរដ្ឋចំណាកស្រុកមកពីក្រៅប្រទេសបានដាក់ឲ្យសម្រាកតាមដានសុខភាពនៅមណ្ឌលចត្តាឡីស័កថ្មី កម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកពីថ្ងៃទី១៦រហូតដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះសរុបទាំងអស់គឺមានចំនួន២៦នាក់(ស្រី៩នាក់)។
លោកបន្តថា ការមកធ្វើចត្តាឡីស័កថ្មី កម្រិត២នេះគឺខាងស្រុកបានផ្តល់ការឧបត្ថម្ភអាហារប្រចាំថ្ងៃជូនដល់ពលករស្នាក់នៅមណ្ឌលចត្តាឡីស័កថ្មី មុខដាដោយបានអប់រំណែនាំឱ្យថែទាំសុខភាព និងរង់ចាំទទួលលទ្ធផលដើម្បីបន្តធ្វើចត្តាឡីស័ក។
ក្នុងឱកាសនោះលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង
បានពាំនាំនូវការផ្តាំផ្ញើរបស់សម្តេចតេជោ ចំពោះស្ថានភាពនៃការឆ្លងចូលសហគមន៍នេះ គឺមិនទាន់បានបិទបញ្ចប់នៅឡើយទេ ខណៈលោកអំពាវនាវដល់បងប្អូនចំណាកស្រុកមកពីក្រៅប្រទេសដែលបានមកធ្វើចត្តាឡីស័កថ្មី កម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុកត្រូវអនុវត្តការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់ ហើយនៅគម្លាតគ្នា។នៅពេលទំនេរដើម្បីបំបាត់ការអផ្សុកសូមធ្វើពលកម្មក្នុងបរិវេណទីតាំងនៅមណ្ឌលចត្តាឡីស័កទាំងអស់គ្នា៕
ដោយ៖ យឹម សុថាន